ប៉េអឹម​ឃាត់​ខ្លួន​ស្ត្រី​២​នាក់​ និង​​​គ្រឿងញៀន​​១៦០​គ្រាប់​ ​

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ស្ត្រី​២​នាក់​​ពាក់​ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ​​ហៅ​យ៉ា​ម៉ា​ចំនួន​១៦០​គ្រាប់​ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​​ខេត្ត​ ​​ឃាត់​ខ្ឡួន​និង​បញ្ជូន​​​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​​ផ្លូវ​ច្បាប់​ ​កាលពី​​ថ្ងៃ​ទី​១៦ ​ខែមីនា​ ឆ្នាំ​២០១៦​ ។

ជនសង្ស័យ​ជា​ស្ត្រី​​ទាំង​២​នាក់​​ខាង​លើនេះ មាន​​ ​ម្នាក់​​ឈ្មោះ ផៃ ស្រី​មុំ ហៅ​ម៉ៅ អាយុ​៣៤​ឆ្នាំ ​និង​ម្នាក់​ទៀត ឈ្មោះ សយ វី អាយុ​២៧​ឆ្នាំ​ ជនសង្ស័យ​ទាំង​២​នាក់​ រស់នៅ​ភូមិ​វាល​ហាត់​ ឃុំ​​ម៉ា​ឡៃ​ ​ស្រុក​ម៉ា​ឡៃ​ ។ ចំណែក​វត្ថុ​តាង​ដែល​​សមត្ថកិច្ច​ដក​ហូត​បាន មាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីនចំនួន​១៦០​គ្រាប់​ ​​និង​ទូរស័ព្ទ​៤គ្រឿង ។​

លោក​វ​រ​សេនីយ៍​ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ បាន​ឱ្យ​ដឹង​ថា​ ​ជន​សង្ស័យ​ទាំង​​២​នាក់នេះ ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចាស់​ ដែល​កម្លាំង​កង​រាជអាវុធហត្ថ​ខេត្ត​ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​ឃាត់ខ្លួន​ ខណៈ​ពេល​​​ធ្វើ​សកម្មភាព​ចែកចាយ​​គ្រឿងញៀន​​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៥​ខែមីនា​ ឆ្នាំ​២០១៦​ ​ស្ថិតនៅ​ភូមិ​វាល​ហាត់​ ឃុំ​ម៉ា​ឡៃ​ ​ស្រុក​ម៉ា​ឡៃ​ ៕