លើកនេះ! ទ្រាំទង្វើ​ប្តី​ក្មេងលែងបាន ប្តឹងសមត្ថកិច្ច​

រាជធានី​ភ្នំពេញ ៖ បុរស​ប្រមឹក​ស្រា និង​ញៀន​ថ្នាំ​ម្នាក់ តែងតែ​បង្ក​ហិង្សា និង​គំរាម​សម្លាប់​យក​លុយ​ពី​អតីត​ប្រពន្ធ​មានកូន​៤​នាក់ ដោយ​​​គាត់​ជា​អ្នកលក់​បន្លែ​មុខ​នៅ​រោងចក្រ រក​មួយ​ថ្ងៃ​បាន​លុយ​ចិញ្ចឹម​កូន​មួយ​ថ្ងៃ ដោយ​ទ្រាំ​លែង​បាន ស្ត្រី​ខាងលើ​បាន​មក​ប្តឹង​សមត្ថ​កិច្ច​ប៉ុស្តិ៍​​ចោម​ចៅ​ឱ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន ។

ជាក់ស្តែង ហេតុការណ៍​នេះ​បាន​កើតឡើង និង​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៨ និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៦ មីនា ២០១៦ ស្ថិត​នៅ​ចំណុច​មុខ​រោងចក្រ​ស៊ិ​ង​កាំ តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

បុរស​ជា​ប្តី​ហេងស៊យ​នេះ ឈ្មោះ​ស៊ុន ម៉ៅ អាយុ​៣៨​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​កន្លែង​កើតហេតុ ។ ចំណែក​អតីត​ប្រពន្ធ​រង​គ្រោះ​ឈ្មោះ​ម៉ី ចាប់​ស្រី​រី អាយុ​៤១​ឆ្នាំ ជា​អ្នកលក់​បន្លែ​មុខ​រោងចក្រ ស្នាក់​នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​កក់ ឃុំ​កក់ ស្រុក​ស្វាយ​រំពៀរ ខេត្តស្វាយរៀង ។

បើ​តាម​សម្តី​ស្ត្រី​រង​គ្រោះ​ឱ្យ​ដឹង​ថា រូប​គាត់​ជា​ស្ត្រី​ម៉េ​ម៉ា​យ​កូន​៣ ហើយ​បុរស​ជា​អតីត​ប្តី​ចុង​គាត់​នេះ បាន​យក​គ្នា​ជា​ប្តី​ប្រពន្ធ អត់​បាន​រៀប​ការ​នោះ​ទេ តាំងពី​គាត់​អាយុ​២៩​ឆ្នាំ​មក​ម្ល៉េះ ។ ហើយ​បានកូន​ប្រុស​១ បច្ចុប្បន្ន​មាន​១៣​ឆ្នាំ​ហើយ ។

ពួក​គាត់​បាន​ផ្តាច់​ការ​រួមរស់​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ តែ​ជន​នេះ​តែងតែ​មក​រករឿង​សុំ​លុយ​គាត់​រហូត ម្តង​៤ ទៅ​៥​ម៉ឺន​រៀល ។​ពេល​ខ្លះ​គាត់​លក់​បន្លែ​អត់​ដាច់ អត់​មាន​លុយ​ឱ្យ ទៅ​វាយ​បំផ្លិចបំផ្លាញ​របស់របរ​ក្នុង​បន្ទប់ និង​អុកឡុក​កន្លែង​រកស៊ី​របស់​គាត់ មិន​ឱ្យ​រកស៊ី​បាន​ទៀត​ផង ។ គាត់​បាន​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​រហូត​ដែរ តែ​ជន​នេះ​តែងតែ​រត់​បាត់​រហូត ទើប​មក​ដល់​យប់​កើតហេតុ ទើប​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​ឃាត់ខ្លួន បាន​នាំ​យក​មក​ប៉ុស្តិ៍ និង​ស្ត្រី​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ ទៅ​តាម​ផ្លូវច្បាប់ ។​ចំណែក​​ស្ត្រី​រង​គ្រោះ បាន​ត្រេកអរ​ខ្លាំង​ណាស់ ដែល​សមត្ថកិច្ច​ប៉ុ​ស្ត៍​ចោម​ចៅ​មាន​ចំណាត់ការ​ល្អ​បែប​នេះ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ ផុត​ទុក​ភ័យ​តទៅ​ទៀត ។