លទ្ធផល​នៃ​ការបោះ​បង្គោលព្រំ​ដែនកម្ពុជា​-​យួន​-​សៀម​-​ឡាវ ធ្វើ​ឲ្យ​មាន​សេចក្ដី​ព្រួយបារម្ភ​ជុំវិញ​បញ្ហា​បាត់បង់​បូរណភាព​ទឹកដី​

​នៅក្នុង​របាយការណ៍​ដែល​បានបង្ហាញ​ក្នុង​កិច្ចប្រជុំ​បូកសរុប​សភា​ព​ការងារ​និង​លទ្ធផល​ប្រតិបត្តិ​ការរក្សាសន្តិសុខ​ស​ណ្នា​ប់​ធ្នាប់​សង្គម​ឆ្នាំ​២០១៥ នា​ទីស្ដីការ​ក្រសួងមហាផ្ទៃ បានបង្ហាញ​ឲ្យ​ឃើញថា​នៅក្នុង​ឆ្នាំ​២០១៥ កម្ពុជា​បាន​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​សៀម​-​យួន និង​ឡាវ សរុប​៤៦៧​បង្គោល ហើយ​ក្នុងចំណោម​នេះ​បង្គោលព្រំ​ដែនកម្ពុជា​-​យួន មាន​ចំនួន​ច្រើនជាងគេ​។ របាយការណ៍​បាន​បង្ហាញថា ក្រុមការងារ​គណៈកម្មកា​រ​ចម្រុះ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​បាន​បោះបង្គោល​ជាមួយ​សៀម មាន​ចំនួន​៦៤​បង្គោល​(​មិន​ឯកភាព​២៥​បង្គោល​) បាន​ស្រាវជ្រាវ​កំណត់​ខណ្ឌសីមា​និង​រុករក​បង្គោល​ចំនួន​៤​ទីតាំង​ស្មើ​៤​បង្គោល​(​មិន​ឯកភាព​៤​បង្គោល​)​។

ចំណែក​ព្រំដែន​កម្ពុជា​-​យួន មានការ​បោះបង្គោល​ព្រំដែន​រួចរាល់​ចំនួន​២៨២​បង្គោល​ក្នុងចំណោម​៣១៤​បង្គោល​ស្មើនឹង​៨៩​ភាគរយ​នៅក្នុង​ខេត្តតាកែវ ខេត្តព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ​។ ដោយឡែក​ការ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ គឺ​ធ្វើបាន​១២១​បង្គោល​ក្នុងចំណោម​១៤៥​បង្គោល​ស្មើនឹង​៨៣​ភាគរយ ប៉ុន្តែ​នៅក្នុង​ឆ្នាំនេះ​ការបោះ​បង្គោលព្រំ​ដែនកម្ពុជា​-​ឡាវ ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ដោយសារ​ក្រុមការងារ​មាន​ទស្សនៈ​ផ្ទុយគ្នា​។ ជុំវិញ​លទ្ធផល​នៃ​ការបោះបង្គោល​ព្រំដែន​ដូចខាងលើ​នេះ នៅតែ​ធ្វើ​ឲ្យ​សកម្មជន​ព្រំដែន​និង​មជ្ឈដ្ឋាន​នានា​ព្រួយបារម្ភ​អំពី​បញ្ហា​បាត់បង់​បូរណភាព​ទឹកដី ព្រោះ​ភាគី​យួន​នៅតែ​បំពាន​លើ​តំបន់​ព្រំដែន​ក្នុងស្រុក​ចន្ទ្រា ខេត្តស្វាយរៀង និង​មាន​មហិច្ឆតា​ដណ្ដើម​កាន់កាប់​ដី​ខ្មែរ​តាម​ព្រំដែន​ក្នុង​តំបន់​ដាក់​ដាំ ដាក់​ហ៊ូ​ត ស្រុក​អូររាំង ខេត្តមណ្ឌលគិរី យ៉ាង​គឃ្លើន​។​

ថ្មីៗ​កន្លងទៅនេះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុងភូមិ​គោក​តែ​ក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បាន​អះអាង​អំពី​ករណី​ភាគី​យួន​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៩៤ ដល់​លេខ​១៩៨ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​បាន​អះអាងថា ការសាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​របស់​យួន​ចូល​ជ្រៅ​មក​ក្នុង​ទឹកដី​ខ្មែរ​បានធ្វើ​ឲ្យ​ពួកគាត់​បាត់បង់​ដីស្រែ​ប្រមាណ​៤០០​ទៅ​៥០០​ហិកតា ជាពិសេស​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​១៩៦ ហើយ​រហូតមក​ដល់ពេលនេះ​លោក វ៉ា គឹមហុង ដែលជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ពុំមាន​ប្រតិកម្ម​ទៅនឹង​អំពើ​រំលោភបំពាន​ពី​សំណាក់​ភាគី​យួន​នៅឡើយ​ទេ​។ ប្រជាកសិករ​ខ្មែរ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បាន​ត្អូញត្អែរថា​ពួកគាត់​មិន​ហ៊ាន​នាំគ្នា​តវ៉ា​ប្រឆាំងនឹង​អំពើ​រំលោភ​ឈ្លានពាន​របស់​យួន​នោះទេ ព្រោះ​ខ្លាច​ទទួលរង​នូវ​ការគំរាមកំហែង​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ខ្មែរ ដែល​ពួកគេ​ហាក់ដូចជា​ការពារ​ផលប្រយោជន៍​យួន​ទៅវិញ​។ ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​យ៉ាងទទូច​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពិនិត្យមើល​បញ្ហា​នេះ​ជាបន្ទាន់ ព្រោះ​ដីស្រែ​របស់​ពួកគាត់​៤០០​ទៅ​៥០០​ហិកតា​កំពុង​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​យួន​៕

vnvn n 7440279a748f2e196e148a8c03105b1f 1