មេ​គយ​ច្រក​បាក់ដៃ ស្រុក​អង្គរបុរី ខេត្តតាកែវ បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​អំពើ​ចិត្ត​

​ប្រភពពី​អាជីវករ​តូចតាច​មួយចំនួន​ដែល​នាំ​ទំនិញ​ចូល​តាម​ច្រក​បាក់ដៃ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​គយ​ប្រចាំ​ច្រក​នេះ​បាន​គាបសង្កត់​ជំរិត​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​ដោយ​ពុំមាន​ការយោគយល់​ឡើយ​។ ផ្ទុយទៅវិញ​ឈ្មោះ ខុម ដែលជា​មេ​គយ​ច្រក​បាក់ដៃ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំ​ទំនិញគេចពន្ធ​ចូល​តាម​ទូក​ដែលមាន​ចំណុះ​រាប់សិប​តោន ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​បាក់ដៃ ស្រុក​អង្គរបុរី​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​តទៅ​ទៀត​។

ប្រភពពី​អាជីវករ​និង​អ្នកជំនួញ​តូចតាច​បាន​ឲ្យ​ដឹងថា នៅ​ច្រក​បាក់ដៃ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​តាម​ទូក​ប៉ុកចាយ​ដែលមាន​ចំណុះ​រាប់សិប​តោន​ក្នុង​ទូក​១​គ្រឿង មក​ចូល​ចត​ក្នុងស្រុក​អង្គរបុរី​។ ទំនិញគេចពន្ធ​ទាំងនោះ​មានដូចជា​គ្រឿងទេស ទំនិញ​ចាប់ហួយ គ្រឿង​កំប៉ុង មេស្រា ម្សៅ​មី គ្រឿង​ម៉ាស៊ីន គ្រឿងបន្លាស់​រថយន្ត គ្រឿងសំណង់​ស៊ីម៉ងត៍​ដែក និង​ឥដ្ឋការ៉ូ​ជាដើម​។ សមត្ថកិច្ច​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយមាន​ការឃុបឃិត​ជាមួយ​ឈ្មោះ ខុម ដែលជា​មេ​គយ​ច្រក​បាក់ដៃ គឺ​ឈ្មួញ​បង់ពន្ធ​មិន​ដល់​៣០​ភាគរយ​ផង​ទេ ហើយ​ទំនិញ​ខ្លះ​គេចពន្ធ​ទាំងស្រុង​តែម្តង​ដោយ​ឈ្មួញ​ផ្ដល់​ផលប្រយោជន៍​ទៅ​ឲ្យ​ឈ្មោះ ខុម តាម​ការ​ព្រមព្រៀងគ្នា​។ ឈ្មួញ​ដែល​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​បាក់ដៃ អ្នកខ្លះ​ជា​ឧ​ត្ត​ម​សេនីយ៍ និង​អ្នកខ្លះ​ជា​ជំទាវ ហេតុនេះ​សមត្ថកិច្ច​តូចតាច​មិន​ហ៊ាន​ប៉ះពាល់​ពួកគេ​នោះទេ​។

​សមត្ថកិច្ច​នៅក្នុង​ខេត្តតាកែវ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា មន្ត្រីនគរបាល​ផ្កាយ​៣​ម្នាក់​នៅ​ក្រសួងមហាផ្ទៃ គឺជា​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ចាប់ហួយ​និង​គ្រឿង​កំប៉ុង​ពី​ស្រុក​យួន​តាម​ទូកប៉ុក​ចាយ​ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​បាក់ដៃ ដោយមាន​ការឃុបឃិត​ជាមួយ​មេ​គយ​ច្រក​នេះ​។ ទំនិញគេចពន្ធ​ទាំងនោះ​ត្រូវបាន​មន្ត្រីនគរបាល​ផ្កាយ​៣​ដឹកជញ្ជូន​យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ធំ​មួយ​នៅ​ក្រុង​តាខ្មៅ ហើយ​មិន​ដែលមាន​សមត្ថកិច្ច​ជំនាញ​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីនគរបាល​ផ្កាយ​៣​ដែលជា​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​បាក់ដៃ បាន​ចាត់តាំង​មេការ​ជនជាតិ​យួន​ម្នាក់​ឲ្យ​មើល​ខុសត្រូវ​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​របស់ខ្លួន​។ ហេតុនេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​តទៅទៀត​ទេ ព្រោះ​ករណី​មេ​គយ​ច្រក​បាក់ដៃ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​៕

photo_2015-05-18_11-07-22លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ច្រកបាក់ដៃ-420x288-300x205