អំពើអាក្រក់​របស់​ចៅក្រម​និង​ព្រះរាជអាជ្ញា​ក្នុង​សំណុំរឿង​ជម្លោះដីធ្លី​ជា​រឿង​មិនអាច​លាក់បាំង​បានទេ​

ករណី​សាលាដំបូង​ខេត្តកំពង់ស្ពឺ ឃុំខ្លួន​ស្ត្រី​តំណាង​អ្នកភូមិ​២​នាក់​ដោយសារ​ជម្លោះដីធ្លី​នៅក្នុង​ភូមិ​ថ្មី ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្មីៗ​កន្លងទៅនេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​មើលឃើញ​កាន់តែច្បាស់​នូវ​អំពើអាក្រក់​របស់​មន្ត្រី​តុលាការ​។ ក្នុងនោះ​អន្តរាគមន៍​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ដោះលែង​តំណាង​អ្នកភូមិ​២​នាក់​ដែល​ជាប់ឃុំ​ដោយសារ​ជម្លោះដីធ្លី​នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបាន​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​មាន​វិធានការ​ទៅលើ​ចៅក្រម និង​ព្រះរាជអាជ្ញា​ខិលខូច​នៅក្នុង​សាលាដំបូង​ខេត្តកំពង់ស្ពឺ​តាមច្បាប់​ផងដែរ​។

ទាក់ទង​បញ្ហា​ខាងលើនេះ​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានចេញ​លិខិត​កោះហៅ​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​-​ខេត្ត​ទាំងអស់​ឲ្យ​មក​ប្រជុំ​នៅ​ទីស្ដីការក្រសួង​យុត្តិធម៌ វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ពាក់ព័ន្ធ​ទៅនឹង​ការឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​សំណុំរឿង​ជម្លោះដីធ្លី បន្ទាប់ពី​កើតមាន​ភាពមិនប្រក្រតី​នៅ​ខេត្តកំពង់ស្ពឺ​។ ការកោះប្រជុំ​ជាបន្ទាន់ គឺ​បន្ទាប់ពី​ចៅក្រម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ឈ្មោះ តូង ពុទ្ធា​រ៉ា បានសម្រេច​ឃុំខ្លួន​ស្ត្រី​តំណាង​អ្នកភូមិ​២​នាក់​ក្នុង​សំណុំរឿង​ជម្លោះដីធ្លី​នៅ​ភូមិ​ថ្មី ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ដោយ​ចោទប្រកាន់ថា​បាន​រំលោភ​លើ​សេចក្ដីសម្រេច​របស់​តុលាការ​។ ទង្វើ​របស់​ចៅក្រម តូង ពុទ្ធា​រ៉ា បានបង្ហាញ​យ៉ាងច្បាស់​នូវ​អំពើអាក្រក់​របស់​ចៅក្រម​ក្នុង​ការបម្រើ​ផលប្រយោជន៍​អ្នកមាន​លុយ អ្នកមានអំណាច ដែល​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​។

​នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ របស់​ក្រសួងយុត្តិធម៌ បាន​ណែនាំ​ឲ្យ​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​-​ខេត្ត ទាំងអស់​ប្រមូល​ទិន្នន័យ​និង​រាយការណ៍​ពី​ការឃុំខ្លួន​ពលរដ្ឋ​បណ្ដោះអាសន្ន​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​។ ដូច្នេះ​ជុំវិញ​បញ្ហា​នេះ​ចៅ​ក្រោម​និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា មិនអាច​បិទបាំង​ការពិត​រាល់​អំពើអាក្រក់​របស់ខ្លួន​បានទេ ហើយ​មន្ត្រី​ដែលមាន​កំហុស​គួរតែ​ក្រសួងយុត្តិធម៌ ចាត់វិធានការ​តាមច្បាប់​។ អ្វីដែល​អាក្រក់​បំផុត​នោះ គឺ​នៅពេលដែល​ប្រជាពលរដ្ឋ​រងគ្រោះ​ប្ដឹង​អ្នកមាន​លុយ អ្នកមានអំណាច ឆក់​ប្លន់​ដីធ្លី​របស់​ពួកគាត់ មិន​ដែលមាន​ចៅក្រម​ឬ​ព្រះ​រា​ជ្ញា​ណា​រក​យុត្តិធម៌​ឲ្យ​ពួកគាត់​ឡើយ​។ ផ្ទុយទៅវិញ​នៅពេលដែល​អ្នកមាន​លុយ អ្នកមានអំណាច ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​ក្រីក្រ​ទន់ខ្សោយ ហើយ​ប្ដឹង​ប្រជាពលរដ្ឋ​រងគ្រោះ​ថែមទៀត បែរជា​ចៅក្រម​និង​ព្រះរាជអាជ្ញា​ចាត់វិធានការ​យ៉ាង​តក់ក្រហល់​។ ជាក់ស្តែង​សំណុំរឿង​ជម្លោះដីធ្លី​នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីពេល​ថ្មីៗ​នេះ​បានបង្ហាញ​យ៉ាងច្បាស់​នូវ​អំពើអាក្រក់​ហួសហេតុ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​នេះ​៕

ang_vong_vathana_3201លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសូងយុត្តិធម៌

aes-3