ក្រុម​ជញ្ជីងថ្លឹងរថយន្ត​របស់លោក ជួរ ឈុន​ឡេង មិន​ខ្វល់​រឿង​រថយន្ត​ដឹក​លើស​ទម្ងន់ សំខាន់​គឺ​ប្រមូល​លុយ​ឲ្យ​បាន​ច្រើន​

ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅក្នុង​ខេត្តកណ្ដាល ជាពិសេស​នៅលើ​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​២១​បេ ត្រូវបាន​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ​រិះគន់ថា មិន​ខ្វល់​ពី​រឿង​រថយន្ត​ធំៗ​ផ្ទុកទំនិញ​លើស​ទម្ងន់​ធ្វើ​ឲ្យ​ខូច​ផ្លូវ បាក់​ស្ពាន ជា​បន្តបន្ទាប់​នោះទេ​។ ផ្ទុយទៅវិញ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុង​ខេត្តកណ្ដាល គិតតែ​ពី​រឿង​រាប់​ក្បាល​រថយន្ត​តម្រូវ​ឲ្យ​បង់លុយ​ប៉ុណ្ណោះ បើទោះបី​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ​។ បញ្ហា​នេះ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ត្រូវ​ពិនិត្យមើល​ឡើងវិញ​ផងដែរ​ចំពោះ​សកម្មភាព​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុង​ខេត្តកណ្ដាល ដែល​មិន​ខុសពី​កុងត្រូលជជុះ​នោះទេ​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកណ្ដាល សង្ស័យថា​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ទទួលបាន​ផលប្រយោជន៍​ពី​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ និង​លោក ជួរ ឈុន​ឡេង អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល​ផងដែរ ទើប​បណ្ដោយ​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ជំរិត​យកលុយ​ពី​ម្ចាស់​រថយន្ត​ដឹកទំនិញ​និង​ដឹក​កសិផល​ស្រេច​តែ​អំពើ​ចិត្ត​។ ក្នុងនោះ​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៣ ក្នុងភូមិ​កំពង់ទួល ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល គឺជា​ទីតាំង​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​និង​ប្រជាពលរដ្ឋ​ដឹក​កសិផល​មក​លក់​នៅលើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​គឃ្លើន​។ រថយន្ត​ទាំង​ធំ​ទាំង​តូច​ទោះបី​ដឹកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​ត្រូវតែ​បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ក្រោម​ការគ្រប់គ្រង​របស់លោក ជួរ ឈុន​ឡេង តាម​ការកំណត់​បើ​មិន​ដូច្នេះ​ទេ ត្រូវ​ប្រឈម​នឹង​ការរំខាន​ចៀស​មិន​ផុត​ឡើយ​។

​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល គួរពិនិត្យមើល​បញ្ហា​នេះ​ផង ព្រោះ​បច្ចុប្បន្ន​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​របស់លោក ជួរ ឈុន​ឡេង មិន​ត្រឹមតែ​ដាក់​ប៉ុស្តិ៍​លើផ្លូវ​ជាតិ​លេខ​៣ ភូមិ​កំពង់ទួល ដើម្បី​ជំរិត​យកលុយ​ពី​ម្ចាស់​រថយន្ត​ដឹកទំនិញ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ដាក់ពង្រាយ​កម្លាំង​ចល័ត​ក្រុម​ច្រក​ផ្លូវ​ក្នុងភូមិ ដើម្បី​ឃាត់​រថយន្ត​ដឹកទំនិញ ដឹក​ដី ដឹក​ថ្ម​ក្រួស​ខ្សាច់ មិន​ឲ្យ​គេច​រួច​ឡើយ​។ ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ក្រោម​ការគ្រប់គ្រង​របស់លោក ជួរ ឈុន​ឡេង តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​បង់លុយ​ចាប់ពី​២​ម៉ឺន​រៀល​ដល់​១០​ម៉ឺន​រៀល​តាម​ការកំណត់​រប​ស់​ខ្លួន បើ​នរណា​ហ៊ាន​គេចវេះ​ច្បាស់​ជា​ត្រូវ​រថយន្ត​ប្រដេញ​ចាប់​ពិន័យ​យ៉ាងធ្ងន់ធ្ងរ​ជាមិនខាន​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកណ្ដាល រិះគន់​យ៉ាងខ្លាំង​ទៅលើ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​របស់លោក ជួរ ឈុន​ឡេង ព្រោះ​សកម្មភាព​របស់​ពួកគេ​មិន​ខុសពី​កុងត្រូលជជុះ​នោះទេ​៕

????????????????????????????????????លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលWAT-060115