ឈ្មួញ​ជាម​ន្ត្រី​យោធា​នៅ​ខេត្តកោះកុង ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​ទូក​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​

​ប្រភពពី​មន្ត្រី​យោធា​តូចតាច​ដែល​ឈរជើង​នៅ​កោះ​យ៉ ក្នុងភូមិ​ប៉ាក់​ខ្លង ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង បាន​ឲ្យ​ដឹងថា មាន​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ថា គឺជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​ទូក​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​ឈ្មោះ ថា បាន​យក​ទីតាំង​បន្ទាយ​អង្គភាព​យោធា​ជើង​ទឹក​កោះ​យ៉ ធ្វើជា​កន្លែង​ស្តុក​ឈើ​ប្រណីត​ដើម្បី​ដឹក​តាម​ទូក​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​យ៉ាង​រលូន​។ មន្ត្រី​ជំនាញ​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត មិន​ត្រឹមតែ​មិន​ទប់ស្កាត់​បទល្មើស​ជួញដូរ​ឈើ​ប្រណីត​ខុសច្បាប់​របស់​ឈ្មោះ ថា ប៉ុណ្ណោះ​ទេ​គឺ​ថែមទាំង​ជួយ​បិទបាំង​ទៀតផង​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ប៉ាក់​ខ្លង ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា បាន​អះអាងថា​ឈ្មួញ​ឈ្មោះ ថា ដែលជា​មន្ត្រី​យោធា​ជើង​ទឹក​អង្គភាព​កោះ​យ៉ បាន​ប្រមូល​ទិញ​ឈើ​ប្រណីត​ដូចជា គ្រញូង ធ្នង់ បេង នាងនួន​ជាដើម ហើយ​យកមក​ស្តុក​ទុក​នៅ​កោះ​យ៉ ដែលជា​បន្ទាយ​របស់ខ្លួន​។ នៅពេល​ប្រមូលបាន​គ្រប់​ចំណុះ​ទូក​ទើប​ឈ្មួញ​ឈ្មោះ ថា ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​ដោយមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងនោះ​មេបញ្ជាការ​អង្គភាព​ជើង​ទឹក​កោះ​យ៉ ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ បញ្ហា​នេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ឈ្មួញ​ឈ្មោះ ថា រកស៊ី​ជួញដូរ​ឈើ​ប្រណីត​នៅក្នុង​ខេត្តកោះកុង ជា​យូរ​មកហើយ​មិន​ដែលមាន​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​ក្បែរ​ឡើយ​។

ប្រភពពី​មន្ត្រី​យោធា​ជើង​ទឹក​អង្គភាព​កោះ​យ៉ បាន​ឲ្យ​ដឹងថា ឈើ​គ្រញូង​ត្រូវបាន​ឈ្មួញ​ឈ្មោះ ថា នាំចូល​ពី​ប្រទេស​សៀម​មក​ស្តុក​នៅក្នុង​បន្ទាយ​អង្គភាព ហើយ​ឈើ​ប្រណីត​ផ្សេងៗ​ទៀត​ត្រូវ​ប្រមូល​ទិញ​ពី​គ្រប់​ទីកន្លែង​នៅក្នុង​ខេត្តកោះកុង​។ ឈ្មួញ​តូចតាច​ជាច្រើន​នៅក្នុង​ខេត្តកោះកុង តែងតែ​ដឹកឈើ​យកទៅលក់​ឲ្យ​ឈ្មួញ​ឈ្មោះ ថា ដែលជា​មន្ត្រី​យោធា ព្រោះ​ឈ្មួញ​ម្នាក់នេះ​មានបទពិសោធន៍​ខាង​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​ទូក​ទៅ​លក់​នៅ​ស្រុក​យួន​ជា​យូរ​មកហើយ ដោយមាន​ការឃុបឃិត​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តកោះកុង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​នៅលើ​ផ្ទៃសមុទ្រ​។ ក្នុងនោះ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកោះកុង ទំនងជា​ទទួលបាន​ផលប្រយោជន៍​យ៉ាង​សមរម្យ​ទើប​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​៕

ST-160លោក ឆេង គឹមសុន អគ្គនាយករដ្ឋបាលព្រៃឈើ timber-boat-500x281