ករណី​ឈ្មួញ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​តាម​ច្រករបៀង​ចំការ​គ អាចមាន​ការឃុបឃិត​ពី​លោក ឆែ សុធា ផងដែរ​

​លោក ឆែ សុធា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ កំពុង​ល្បីល្បាញ​ខាង​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ និង​ទំនិញគេចពន្ធ​ផ្សេងៗ​យ៉ាង​ពេញបន្ទុក​ដោយ​បំពាន​ទៅលើ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​ស្ថាប័នគយ​យ៉ាង​កំរោល​។ ជាក់ស្តែង​ថ្មីៗ​នេះ​លោក ឡាំ ប៊ុនថន ប្រធានការិយាល័យ​គយ​ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវគេ​ដឹងថា​ជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​តាម​ច្រករបៀង​ចំការ​គ ក្បែរ​ច្រកព្រំដែន​បឹង​ត្រកួន ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ការដែល​លោក ឡាំ ប៊ុនថន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺអាច​មានការ​បើកដៃ​ពី​លោក ឆែ សុធា ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

​កាលពី​យប់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ស្រុក​ថ្មពួក បាន​ចាប់​រថយន្ត​ចង្កូត​ស្ដាំ​១​គ្រឿង​ម៉ាក​នីសា​ន់​ណាវ​រ៉ា ពណ៌​ស ពាក់​ស្លាក​លេខ​ក្លែងក្លាយ​ភ្នំពេញ​2A-8518 នាំចូល​តាម​ច្រករបៀង​ចំការ​គ ជិត​ច្រកព្រំដែន​ថ្មពួក ដែលមាន​លោក ឡាំ ប៊ុនថន ជា​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រក​នេះ​។ ក្រៅពី​មានការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​តាម​ច្រករបៀង​ចំការ​គ គឺមាន​ការនាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​បឹង​ត្រកួន និង​ច្រករបៀង​ចំការ​គ យ៉ាង​ពេញបន្ទុក​ផងដែរ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ពិនិត្យមើល​បញ្ហា​នេះ​ជាបន្ទាន់​បំផុត​។

មន្ត្រីរាជការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ នៅ​ខេត្តបន្ទាយមានជ័យ បាន​រិះគន់ថា​ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ​រួចមក លោក ឆែ សុធា មិនបាន​អនុវត្តន៍​តាម​តួនាទី​របស់ខ្លួន​ឲ្យ​ត្រឹមត្រូវ​នោះទេ គឺ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ ដោយមាន​បង្កើត​កុងត្រូលជជុះ​ជាច្រើន​កន្លែង​។ ជាងនេះទៅទៀត​លោក ឆែ សុធា បាន​បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​បើកដៃ​ឲ្យ​ឈ្មួញ​ខិលខូច​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​តាម​ច្រករបៀង​ចំការ​គ និង​ច្រករបៀង​មួយចំនួនទៀត​បំពាន​ទៅលើ​បម្រាម​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ងងើល​ទៀតផង​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរ​ពិនិត្យ​សកម្ម​ភាពមិនប្រក្រតីរ​ប​ស់លោក ឆែ សុធា និង​មន្ត្រីក្រោមឱវាទ​ខ្លះ​ផង ព្រោះ​មួយ​រយៈពេល​កន្លងទៅនេះ​រថយន្ត​ចង្កូត​ស្ដាំ​និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​ត្រូវបាន​នាំចូល​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុង​ខេត្តបន្ទាយមានជ័យ​យ៉ាង​អនាធិបតេយ្យ​បំផុត​៕

Hong-0689លោក ឆែ សុធា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ WAT-15034 WAT-15033