លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិនមែនជា​អ្នកបង្ក​បញ្ហា​នោះទេ​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ បានបញ្ជាក់​ថ្មីៗ​នេះ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិនមែនជា​អ្នកបង្ក​បញ្ហា​ដូច​ការចោទប្រកាន់​រប​ស់​របាយការណ៍​ក្រសួងមហាផ្ទៃ​នោះទេ ហើយ​អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​គឺ​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​តស៊ូ​មតិ ដើម្បី​គាំទ្រ​ការចង់បាន​របស់​ប្រជាពលរដ្ឋ​។​

គួរ​បញ្ជាក់ថា នៅក្នុង​សប្តាហ៍​នេះ នៅក្នុង​របាយការណ៍​បូកសរុប សភាពការណ៍ ការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ប្រចាំឆ្នាំ​២០១៥ និង​ទិសដៅ​អនុវត្តន៍​ឆ្នាំ​២០១៦ របស់​ក្រសួងមហាផ្ទៃ​បាន​បង្ហាញថា ក្នុង​ឆ្នាំ​២០១៥ វប្បធម៌​សន្ទនា និង​បញ្ហា​ជាច្រើន​ផ្សេងទៀត​ត្រូវបាន​រង្គោះរង្គើ បង្កឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​គោលបំណង បំពុលបរិយាកាស សន្តិសុខ​សង្គម ដូចជា​ការលើក​យក​ប​ញ្ហា​ព្រំដែន នៅ​ភាគ​ខាងកើត​ជាដើម​។​

ចំពោះមុខ​ការចោទប្រកាន់​តាមរយៈ​របាយការណ៍​ខាងលើនេះ លោក យឹម សុវណ្ណ  ក្នុងនាម​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា អ្នកណា​ក៏បាន​ដឹង​ដែរ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិនមែនជា​អ្នកបង្ក​បញ្ហា​នោះទេ ដូច្នេះ​ក្រសួងមហាផ្ទៃ គប្បី​បង្ហាញ​ពី​ភាព​អ​ព្យា​ក្រឹត្យ​របស់ខ្លួន ដោយ​មិនត្រូវ​ចេញផ្សាយ​របាយការណ៍​មិន​ឯករាជ្យ​មាន​និន្នាការ​នយោបាយ​លំអៀង​ទៅរក​គណបក្សកាន់អំណាច​ហើយ​ទម្លាក់កំហុស​មកលើ​គណ​បក្ស​សង្គ្រោះ​ជាតិ​យ៉ាង​អយុត្តិធម៌​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ពន្យល់​ប្រាប់​អ្នកសារព័ត៌មាន​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មាន​អ្នកគាំទ្រ​យ៉ាងហោចណាស់​ពាក់កណ្តាល​ប្រទេស​នោះ​គឺជា​ប្រជា​ពល​ដ្ឋ​ម្ចាស់ឆ្នោត ដូច្នេះ​អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​កន្លងមក ពិសេស​មហា​បាតុកម្ម​ក្នុង​ឆ្នាំ​២០១៣ គឺ​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​តស៊ូ​មតិ ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មិនដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការប្រើ​អំពើហិង្សា​នោះទេ​។

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា អ្នក​ដែល​មើលឃើញ​ពិតប្រាកដ និង​វាយតម្លៃ​ដោយ​យុត្តិធម៌​មិនមែនជា​របាយការណ៍រ​បស់​ក្រសួងមហាផ្ទៃ​ដែលមាន​លក្ខណៈ​លំអៀង​នោះទេ ព្រោះ​អ្នក​ដែល​យល់​ពី​បញ្ហា​បាន​ច្បាស់​គឺជា​ប្រជាពលរដ្ឋ​។ លោក យឹម សុវណ្ណ បាន​បន្ថែមថា​ពលរដ្ឋ​បានឃើញ​ហើយ​អ្នកណា​ជា​អ្នកបង្ក និង​អ្នកទទួលខុសត្រូវ​លើ​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ និង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត ដែល​ឆ្លុះបញ្ចាំង​ថា​នៅ​កម្ពុជា​មិនទាន់មាន​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ គ្មាន​ការគោរព​សិទ្ធិមនុស្ស និង​ស្ថិតនៅ​ឆ្ងាយ​ពី​នីតិរដ្ឋ​នៅឡើយ ៕

yim-sovann