ការត្រួសត្រាយ​ផ្លូវ​នាំ​កម្ពុជា​ទៅកាន់​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ​គឺជា​បេសកកម្ម លោក​សម រង្ស៊ី​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​ផ្សាយ​ជា​ខេមរភាសា កាលពីពេល​ថ្មីៗ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា បេសកកម្ម​របស់លោក គឺជា​ការត្រួសត្រាយ​ផ្លូវ​នាំ​ប្រទេស​កម្ពុជា​ទៅកាន់​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​រឹងមាំ​។ ការបញ្ជាក់​របស់លោក សម រង្ស៊ី យ៉ាង​ដូច្នេះ​គឺធ្វើឡើង​ស្រប​ពេលដែល​កម្ពុជា​ត្រូវ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​វាយតម្លៃថា​មិនទាន់មាន​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ និង​ការគោរព​សិទ្ធិមនុស្ស​ពេញលេញ​នៅឡើយ​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា​ដោយ​សង្កេតឃើញ​ប្រទេស​កម្ពុជា​មិនទាន់បាន​ដើរ​លើផ្លូវ​ត្រឹមត្រូវ​នៅឡើយ​នោះ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​រូបលោក​ផ្ទាល់ ត្រូវតែ​ជំនះ​ឧបសគ្គ​គ្រប់បែបយ៉ាង​ដើម្បី​នាំ​កម្ពុជា​ទៅកាន់​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ មានការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ជាដើម​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា​អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​ធ្វើ គឺ​មិនមែន​សម្រាប់តែ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងពេល​បច្ចុប្បន្ន​នោះទេ តែ​ក៏​សម្រាប់​ប្រជាជាតិ​ខ្មែរ​ជំនាន់​ក្រោយ​ផងដែរ​។​

​បញ្ហា​យុវជន​អត់​ការងារ​ធ្វើ អំពើពុករលួយ តុលា​ការមិន​ឯករាជ្យ បរទេស​ឈ្លានពាន ការគ្រប់គ្រង​ធនធានធម្មជាតិ​មិនត្រូវ​ជាដើម ត្រូវបាន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់ថា គឺជា​ក្តីបារម្ភ​ដ៏​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​រូបលោក​ផ្ទាល់​ត្រូវតែមាន​បេសកកម្ម​ដោះស្រាយ​បញ្ហា​ទាំងនោះ​ឲ្យ​បាន​ឆាប់ និង​មាន​ប្រសិទ្ធភាព ដើម្បី​ធានាថា​កូន​ខ្មែរ​ជំនាន់​ក្រោយរ​ស់បាន​សុខ​ស្រួល​មិន​ជួប​ការលំបាក​វេទនា​ដូច​បច្ចុប្បន្ននេះ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​កន្លងមក​ថា គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រឹមតែ​ការពារ និង​សង្គ្រោះ​ទឹកដី ដីធ្លី ព្រៃឈើ ទ្រព្យសម្បត្តិ​ជាតិ និង​ទ្រព្យសម្បត្តិ​ប្រជារាស្ត្រ​ទេ យើង​ត្រូវ​សង្គ្រោះ​អនាគត​កូនចៅ​យើង​ផងដែរ ឲ្យ​គ្នា​រួច​ផុតពី​អំពើពុករលួយ និង​អំពើ​អយុត្តិធម៌ ដើម្បី​ឲ្យ​គ្នា​ចៀសវាង​ភាពក្រីក្រ ភាព​គ្មាន​ការងារ​ធ្វើ ឬ​ជីវិត​ដ៏​លំបាក​របស់​ពលករ​ខ្មែរ ដែល​ត្រូវ​បង្ខំចិត្ត​ចំណាកស្រុក​ដូច​សព្វថ្ងៃ​៕

943982_1055420874514645_2431455699924463567_n​    ​