ការវាយប្រហារ​គ្រាប់បែក​ក្នុង​រថយន្តក្រុង បានសម្លាប់​មន្ត្រី​រដ្ឋាភិបាល​១៥​នាក់​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​

​បរទេស​៖ មន្ត្រី​ក្នុង​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា គ្រាប់បែក​មួយគ្រា​ប់​នៅក្នុង​រថយន្តក្រុង​ផ្ទុក​ដោយ​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ទីក្រុង Peshawar ប្រទេស​ប៉ា​គី​ស្ថាន​បានសម្លាប់​មនុស្ស​១៥​នាក់​នៅ​ថ្ងៃ​ពុធ​នេះ​។  ក្រុម​សកម្មប្រយុទ្ធ​បាន​អះអាង​ទទួលខុសត្រូវ ដោយបាន​និយាយថា វា​គឺជា​ការឆ្លើយតប​ទៅនឹង​ការកាត់ទោស​ប្រហារជីវិត​សមាជិក​សកម្មប្រយុទ្ធរ​បស់​ខ្លួន​។​

 

​ការវាយប្រហារ​នេះ​បានកើត​ឡើង​នៅលើ​មហារ​វិថី​មួយ​បន្ទាប់ពី​រថយន្តក្រុង​បាន​ទៅ​ទទួល​មន្ត្រី​រដ្ឋាភិបាល​ពី​ខណ្ឌ​នានា​នៅ​ជុំវិញ​ទីក្រុង Peshawar ទៅធ្វើ​ការ​ដូច​សព្វដង​នៅក្នុង​ទីក្រុង​។ 

 

មន្ត្រីជាន់ខ្ពស់​មួយរូប​ឈ្មោះ Mohammad Kashif បាន​មានប្រសាសន៍ថា មនុស្ស​១៥​នាក់​ត្រូវបាន​ស្លាប់ និង​៣៥​នាក់​ទៀត​រងរបួស​។  បុគ្គលិក​មន្ទី​ពេទ្យ​មួយរូប​បាន​ឲ្យ​ដឹងថា ចំនួន​អ្នកស្លាប់​អាច​និង​កើនឡើង​។​

 

​លោក Kashif បាន​បន្តទៀតថា គ្រាប់បែក​នេះ​ទំនង​មាន​ជន​មិន​ស្គាល់មុខ​បាន​លួច​ដាក់​នៅក្នុង​រថយន្ត ដែលមាន​អ្នកធ្វើដំណើរ​៤០​ទៅ​៥០​នាក់​។​

 

Lashkar-e-Islam គឺជា​ក្រុម​សកម្មប្រយុទ្ធ​មួយ​ដែលជា​សម្ព័ន្ធមិត្ត​ជាមួយ​ក្រុម​ឧទ្ទាម​តា​លី​បង់ ដោយបាន​អះអាងថា វា​គឺ​ជាការ​សងសឹក​ចំពោះ​តុលា​ការដែល​បាន​កាត់ទោស​ប្រហារជីវិត​សមាជិក​សកម្មជន​១៣​នាក់​របស់់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​នេះ​។​

 

​កងកម្លាំង​សន្តិសុខ​ប៉ា​គី​ស្ថាន​បាន​បង្កើន​ការប្រយុទ្ធ​របស់ខ្លួន​ប្រឆាំង​និង​ក្រុម​ឧទ្ទាម​តា​លី​បង់ រួមទាំង​ក្រុម​សកម្មជន​ដែលជា​សម្ព័ន្ធមិត្ត​នៅតាម​បណ្តោយ​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយពី​មានការ​សម្លាប់​រង្គាល​ទៅលើ​កុមារ​ចំនួន​១៣៤​នាក់​នៅ​សាលា​ហ្វឹកហ្វឺន​យោធា​ក្នុង​ទីក្រុង Peshawar កាលពី​ខែធ្នូរ​ឆ្នាំ​២០១៤​។​

 

​មន្ត្រី​ជនជាតិ​ប៉ា​គី​ស្ថាន​ប្រចាំ​ស្ថាន​កុងស៊ុល​សហរដ្ឋអាមេរិក​នៅក្នុង​ទីក្រុង Peshawar និង​ទាហាន​មួយចំនួនទៀត​ត្រូវបាន​ស្លាប់​ដោយ​ការវាយប្រហារ​គ្រាប់បែក ខណៈពេល​កំពុង​បំពេញបេសកកម្ម​បោសសម្អាត​គ្រឿងញៀន​ក្នុង​ខែ​នេះ​៕

Author: ប្រែសម្រួល៖ ថម ហ្គាណាSource: REUTERS