បទ “ចាស់​ជូរ​អែម” Remix ភ្លេង​ថ្មី​ត្រូវ​រដូវ​ចូល​ឆ្នាំ​ទៀត​ហើយ

បន្ទាប់​ពី​ទទួល​ការ​គាំទ្រ​លើ​ការ Remix ភ្លេង​បទ​ចម្រៀង​ជំនាន់​ដើម​ជា​បន្ត​បន្ទាប់​ដូច​ជា “ស្នេហា​ក្នុង​ពេល​រាត្រី” និង “កាល​ខ្ញុំ​នៅ​ពី​ក្រមុំ” ជា​ដើម​នោះ ផលិតកម្ម 802AD ម្ចាស់​ផលិត​រឿង “គ្រាប់​ពេជ្រ” នោះ បាន​បញ្ចេញ​បទ Remix ថ្មី​មួយ​ទៀត ដើម្បី​រាំ​លេង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​យើង ដែល​នឹង​មក​ដល់​នៅ​ពាក់​កណ្ដាល​ខែ​ក្រោយ​នេះ។

 

បទ “ចាស់​ជូរ​អែម” Remix ភ្លេង​ថ្មី​ត្រូវ​រដូវ​ចូល​ឆ្នាំ​ទៀត​ហើយ

 

បទ​នោះ មាន​ចំណង​ជើង​ថា “ចាស់​ជូរ​អែម” Remix ភ្លេង​ថ្មី​ពីរោះ និង​ច្រៀង​ដោយ​ស្រី លក្ខណ៍ អ្នក​ចម្រៀង​ដែល​បាន​បក​ស្រាយ​បទ​ចម្រៀង​ទាំង​ពីរ​បទ​ខាង​លើ​ដែរ។ “ចាស់​ជូរ​អែម” ប្រភេទ​ថ្មី​នេះ គឺ​ដើម្បី​គាំទ្រ​ភាពយន្ត​រឿង “ប៉ុបពី​ទៅ​ហូលីវូដ” ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​ជូន​ទស្សនិកជន​បាន​ទស្សនា​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដែរ។

 

តោះ…​ស្ដាប់​ចម្រៀង​ផង មើល​ឈុត​ខ្លះ​ៗ​នៃ​រឿង “ប៉ុបពី​ទៅ​ហូលីវូដ” ផង​ទាំង​អស់​គ្នា…!

 

 

 

រឿង “ប៉ុបពីទៅ​ហូលីវូដ” គឺ​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​​មួយ និយាយ​ពី​​មនុស្ស​ភេទ​ទី ៣ មួយ​ក្រុម ត្រូវ​បាន​សង្គម​រើស​អើង ដោយ​ក្នុង​រឿង​ទាំង​មូល មាន​ឈុត​ឆាក​កំប្លែង លាយ​មនោសញ្ចេតនា ស្នេហា ជា​ដើម។ ខ្សែភាពយន្ត​​ខ្នាត​ធំ​​​នេះ ​ផលិត​ឡើង​ក្រោម​ការ​សហការ​គ្នា រវាង​​ក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និង​ក្រុម​ហ៊ុន Sabay Digital Corporation។

 

តាម​លោក សុខ វិសាល រឿង “ប៉ុបពី​ទៅ​ហូលីវូដ” របស់​លោក គ្រោង​បញ្ចេញ Trailer មុន​​នឹង​គ្រោង​ដាក់​បញ្ចាំង​ទស្សនា​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ៕

 

អត្ថបទ៖ ទារិកា