បុរសម្នាក់ ត្រូវចោរបាញ់ ធ្លាយភ្លៅ១គ្រាប់ ប្លន់យកម៉ូតូ តែមិនបានសម្រេច

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង៥ទៀបភឺ្ល​ បុរសម្នាក់ត្រូវ ក្រុមចោរប្រដាប់អាវុធមួយក្រុម ស្ទាក់ផ្លូវបាញ់ឲ្យរបួស ប៉ងប្លន់យកម៉ូតូរបស់គាត់ តែមិនបានសម្រេច ដោយសារម៉ូតូជនរងគ្រោះបែកកង់ និងដោយសារជនរងគ្រោះ ស្រែកចោរៗ ឲ្យផ្អើលគេមកជួយ ពួកចោរក៏នាំគ្នារត់គេចខ្លួន បាត់អស់ទៅ ស្ថិតនៅម្តុំមុខ រមណីយដ្ឋានសួនសុបិន ចំការព្រីង មានទីតាំងនៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អុក សុល័ក្ខ ភេទប្រុស អាយុ២៣ឆ្នាំ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ1G 7563 តែម្នាក់ឯង ចេញពីផឹកស៊ីរាំរែក នៅក្នុងក្លឹបកម្សាន្តមួយ ក្នុងសង្កាត់ភ្នំពេញថ្មី ក្នុងគោលបំណងត្រឡប់មកផ្ទះវិញ នៅភូមិច្រេស តែនៅពេលមកដល់ម្តុំ មុខរមណីយដ្ឋានចំការព្រីង ក៏ស្រាប់តែម៉ូតូបែកកង់ គាត់ក៏ចុះបណ្តើរ ។

ខណៈកំពុងបណ្តើរហត់ពេក ក៏ឈប់អង្គុយលើម៉ូតូ ពេលនោះក៏ស្រាប់តែមាន មនុស្សប្រុសចំនួន៣នាក់ (ចោរខាងលើ) ជិះម៉ូតូចំនួន២គ្រឿង ម៉ាកសង់១គ្រឿង និងម៉ាកវ៉េវអាល់ហ្វា១គ្រឿង មកឈប់ក្បែរ ហើយដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់១គ្រាប់ឡើងលើគំរាមគាត់ ប្លន់យកម៉ូតូ តែគាត់មិនឲ្យ គេក៏បាញ់មកលើគាត់ ១គ្រាប់ទៀតចំភ្លៅ និងតម្រង់មកបាញ់ដើមទ្រូងទៀត តែមិនផ្ទុះ ពេលនោះគាត់ក៏បានស្រែកចោរៗ ឲ្យគេជួយ និងបានប្រតាយប្រតប់ ជាមួយជនប្រដាប់អាវុធនោះផង បក្ខពួកគេម្នាក់បានលើកម៉ូតូគាត់យកបម្រុងជិះ តែឃើញម៉ូតូបែកកង់ជិះមិនកើត រួមទាំងស្ថានភាពច្របូកច្របល់ ដែលជនរងគ្រោះបានស្រែកចោរៗ ទើបធ្វើឲ្យពួកចោរជិះម៉ូតូ រត់គេចខ្លួនបាត់អស់ភ្លាមៗតែម្តង។ ក្រោយមកមួយស្របក់ ទើបកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន ចុះមកដល់សួរនាំ ស្រែកហៅតាមវិទ្យុទាក់ទង បោះដៃហៅគ្នាឲ្យតាមឃ្លាំមើល ភិនភាគចោរ តែហួសពេលហើយ។

ចំណែកជនរងគ្រោះ ត្រូវរថយន្តសាមុយរបស់ គ្លីនិកឯកជនមួយឈ្មោះ គឹមសុង មានទីតាំងនៅខណ្ឌទួលគោក មកដឹកជនរងគ្រោះ យកទៅព្យបាលភ្លាមៗ ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញ សំបកកាទូសគ្រាប់កាំភ្លើងខ្លី ម៉ាក k54 ចំនួន០២គ្រាប់ ដែលបញ្ជាក់ថា ជនល្មើសប្រើអាវុធខ្លី ម៉ាក k54 សម្រាប់ធ្វើសកម្មភាព បាញ់មកលើជនរងគ្រោះឲ្យរបួស ដើម្បីប៉ងប្លន់យកម៉ូតូនោះ ។ បច្ចុប្បន្នប៉ូលិសកំពុងស្រាវជ្រាវ រកមុខសញ្ញាជនល្មើស ប្លន់ប្រដាប់អាវុធទាំងនេះហើយ ៕

បុរសម្នាក់ ត្រូវចោរបាញ់ ធ្លាយភ្លៅ១គ្រាប់ ប្លន់យកម៉ូតូ តែមិនបានសម្រេច

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត