សាកល្បង​អនុវត្ត​គន្លឹះ​ទាំង ៦ នេះ​ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​មាន​នៅ​វ័យ ២០ឆ្នាំ ដល់ ៣០ ឆ្នាំ

១) បញ្ឈប់​ការ​ពន្យារ​ពេល​ឲ្យ​ខ្លួន​ឯង​ក្នុង​ការ​ធ្វើ​អ្វី​មួយ ៖ ចរិត​របស់​យុវវ័យ​តែ​មាន​ជំនឿ​ថា​ ខ្លួន​ឯង​មាន​ពេល​គ្រប់​គ្រាន់​រហូត​សម្រាប់​ធ្វើ​រឿង​អ្វី​មួយ។ យុវវ័យ​តែង​មាន​ជំនឿ​ថា​ ការ​បង្កើត​ទ្រព្យធន​ គឺ​ជា​រឿង​គឺ​ជា​រឿង​ដែល​កើត​នៅ​ចុង​ក្រោយ​នៃ​ជីវិត​មនុស្ស ដោយ​ពួក​គេ​មិន​ខ្វល់ខ្វាយ​ច្រើន​ឡើយ​សម្រាប់​ជីវិត​បច្ចុប្បន្ន​របស់​ពួក​គេ។ ប៉ុន្តែ​ផ្ទុយ​មក​វិញ នេះ​គឺ​ជា​រឿង​ហួស​ពេល​មួយ​សម្រាប់​យុវជន​ក្មេង​ ក្នុង​ការ​រៀន​សន្សំ​ចំណេះ​ដឹង​នឹង​ទ្រព្យ​ពី​ពេល​ឥឡូវ ព្រោះ ១០ ឆ្នាំ​ក្រោយ​អ្នក​នឹង​អាច​ស្ដាយ​ក្រោយ​ពី​តម្លៃ​នៃ​ការ​សន្សំ។ ជំហាន​ដំបូង​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​បញ្ឈប់​ការ​អូស​បន្លាយ​ពេល​ខ្លួន​ឯង​ ក្នុង​ការ​ធ្វើ​អ្វី​មួយ​ដែល​អ្នក​ចង់​ធ្វើ ការ​សន្សំ ការ​វិនិយោគ​គឺ​ជា​រឿង​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ​នៅ​ពេល​អ្នក​អូស​បន្លាយ​ពេល​ខ្លួន​ឯង​ច្រើន​ប៉ុណ្ណា អ្នក​អាច​ទទួល​បាន​គុណ​សម្បត្តិ​តិច​តួច​ប៉ុណ្ណោះ​ត្រលប់​មក​វិញ។

 

២) ត្រូវ​ដឹង​ថា​រាល់​អ្វីៗ​ដែល​កើត​ឡើង​មិន​មែន​មក​ពី​វេទមន្ត​ ឬ ការ​បំភាន់​ភ្នែក​ឡើយ ៖ ភាព​ជោគជ័យ ភាព​មាន​បាន​របស់​បុគ្គល​ម្នាក់ៗ​មិន​មែន​សុទ្ធ​តែ​ជា​រឿង​ចៃដន្យ​ ឡើយ​ គឺ​បាន​មក​ដោយ​សារ​ការ​ខិត​ខំ​ប្រឹងប្រែង​តស៊ូ​គ្រប់​ឧបសគ្គ។ មូលដ្ឋាន​គ្រឹះ​ដំបូង​ក្នុង​ការ​បង្កើត​ទ្រព្យ​ធន​ឲ្យ​ខ្លួន​ឯង​គឺ អ្នក​ត្រូវ​ធ្វើ​ឲ្យ​បាន​ច្រើន​ជាង​ការ​ចំណាយ ហើយ​ត្រូវ​ចេះ​ប្រើ​ការ​វិនិយោគ​ដោយ​ភាព​ឈ្លៀស​វៃ​។ ការ​វិនិយោគ​ ដោយ​របៀប​ណា​គឺ​អាស្រ័យ​លើ​អ្នក​ជា​អ្នក​សម្រេច​ចិត្ត​ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា ដើម្បី​សម្រេច​បាន​នូវ​ការ​បង្កើត​លុយ​ឲ្យ​ខ្លួន​ឯង អ្នក​ត្រូវ​ចេះ​ចំណាយ​តិច​ ហើយ​វិនិយោគ​ជាមួយ​ភាព​ឆ្លាត​វៃ​ឲ្យ​បាន​ច្រើន។

 

៣) វិនិយោគ​ឲ្យ​ខ្លួន​ឯង ៖ ជំហាន​បន្ទាប់​របស់​អ្នក​គឺ​ការ​វិនិយោគ​ឲ្យ​ខ្លួន​ឯង​ ព្រោះ​អ្នក​គឺ​ជា​ធនធាន​ដ៏​ល្អ​បំផុត​ក្នុង​ការ​កើប​ទ្រព្យ​ឲ្យ​ខ្លួន​ឯង។ ការ​វិនិយោគ​ឲ្យ​ខ្លួន​ឯង​មាន​ន័យ​ថា​ អ្នក​ត្រូវ​ចំណាយ​ពេល​ឲ្យ​ខ្លួន​ឯង​ដើម្បី​ទទួល​ការ​អប់រំ​ រក​ឲ្យ​ឃើញ​នូវ​ជំនាញ​ដែល​ខ្លួន​ឯង​ស្រលាញ់ និង ចេះ​បង្កើត​មិត្ត​ថ្មី​ ដែល​ពួក​គេ​អាច​នឹង​ជា​មនុស្ស​ដែល​ជួយ​ឲ្យ​អ្នក​សម្រេច​បាន​នូវ​គោលបំណង​របស់​ខ្លួន​ឯង។ នៅ​ពេល​អ្នក​មាន​ការ​អប់រំ​ខ្ពស់ បទពិសោធន៍​ច្រើន ទំនាក់ទំនង​ជាមួយ​មនុស្ស​ក្នុង​សង្គម​កាន់​តែ​ច្រើន​ អ្នក​នឹង​ទទួល​បាន​ឱកាស​កាន់​តែ​ច្រើន​ដែរ​ពេល​ នៅ​ពេល​ដែល​អ្នក​ចុះ​ដើរ​លើ​ផ្លូវ​ការងារ និង វិស័យ​អាជីវកម្ម។

 

៤) បង្កើត​កញ្ចប់​ថវិកា​សម្រាប់​ការ​ចំណាយ ៖ អ្នក​ត្រូវ​បង្កើត​កញ្ចប់​ថវិកា​ចំណាយ​មួយ​ឲ្យ​បាន​លម្អិត​សម្រាប់​ខ្លួន​ឯង​ ទាំង​កញ្ចប់​ថវិកា​នៃ​ចំណូល រួម​ទាំង​កញ្ចប់​ថវិកា​នៃ​ការ​ចំណាយ។ កំណត់​ទំហំ​ទឹក​ប្រាក់​ឲ្យ​បាន​ច្បាស់​លាស់​ ក្នុង​ការ​ចំណាយ ហើយ​តាម​ដាន​ឲ្យ​ជាប់​តើ​ប្រាក់​ទាំង​នោះ​អ្នក​ចំណាយ​លើ​អ្វី​ច្រើន​ជាង​គេ នោះ​អ្នក​នឹង​អាច​ដឹង​ថា​វិស័យ​អ្វី​ខ្លះ​ដែល​អ្នក​ខ្ជះខ្ជាយ​ប្រាក់​ឥត​ប្រយោជន៍​ ដែល​វា​អាច​ជួយ​អ្នក​ឲ្យ​ចំណាយ​បាន​កាន់​តែ​តិច​ទៅ​លើ​អ្វី​ ដែល​អ្នក​គិត​ថា​មាន​ប្រយោជន៍។

 

៥) ហ៊ាន​ប្រឈម​នឹង​ហានិភ័យ ៖ ភាព​ជា​យុវវ័យ​ អ្នក​មាន​ពេល​ច្រើន​ណាស់​ក្នុង​ការ​ដក​ពិសោធន៍​ ហេតុ​ដូច​នេះ​វា​ជា​ពេល​ដ៏​ល្អ​សម្រាប់​ការ​ទទួល​យក​នូវ​ហានិភ័យ។ វិនិយោគ​ក្នុង​ភាព​មាន​ហានិភ័យ​ខ្ពស់ ចំណាយ​ច្រើន នោះ​ឱកាស​ជោគជ័យ​ច្រើន និង ចំណូល​ច្រើន អ្នក​នឹង​អាច​ទទួល​បាន​មក​វិញ​ផង​ដែរ។ នៅ​ពេល​ដែល​អ្នក​ចាប់​ផ្តើម​រក​ស៊ី​ខ្លួន​ឯង​ដំបូង​ ទោះ​វា​ដំណើរ​ការ​មិន​ល្អ​ដូច​អ្នក​ចង់​បាន ក៏​ដោយ​អ្នក​ត្រូវ​ដឹង​ថា​ខ្លួន​ឯង​នៅ​សល់​ពេល​ច្រើន​ទៀត​ដើម្បី​កែ​តម្រូវ​លើង​វិញ​។ គ្រប់​បុគ្គល​ជោគជ័យ ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ពួក​គេ​អាច​នឹង​ប្រាប់​អ្នក​ថា​ ទម្រាំ​ជោគជ័យ​ដូច​សព្វ​ថ្ងៃ​នេះ​ ពួក​គេ​បាន​ឆ្លង​កាត់​នូវ​ហានិភ័យ​ច្រើន​ឥត​គណនា។

 

៦) វិនិយោគ​ចម្រុះ ៖ អ្នក​មិន​ត្រូវ​បង្កើត​ជំនាញ​តែ​មួយ​មុខ​ ឬ វិនិយោគ​តែ​មួយ​មុខ​ឡើយ​ឲ្យ​ខ្លួន​ឯង​ ហើយ​អ្នក​ក៏​មិន​ត្រូវ​រំពឹង​ច្រើន​ពេក​ទេ​ថា​សេវាកម្ម​តែ​មួយ​មុខ​អាច​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​ខ្លាំង។ អ្នក​គួរ​តែ​ព្យាយាម​បង្កើត​ចំណូល​ឲ្យ​ខ្លួន​ឯង​ក្នុង​វិធី​ផ្សេង​គ្នា លើ​សេវាកម្ម​ផ្សេង​គ្នា​ ឬ ផលិត​ផល​ផ្សេង​គ្នា ព្រោះ​វា​ជួយ​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​មិន​ងាយ​ដួល​រលំ​ នៅ​ពេល​សេវាកម្ម ឬ ផលិតផល​ណា​មួយ​របស់​អ្នក​ដំណើរ​ការ​មិន​បាន​ល្អ។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: http://inc-asean.com/