យ៉េន ឌី​ណា និង ឯម ខ្លឹម​សរ ជួប​កីឡាករ​ថៃ​ថ្ងៃអាទិត្យ​មួយ​ណា​សម្រេច​គោលដៅ?

រាជធានី​ភ្នំពេញ  ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​២០ មីនា ស​ប្ដា​ហ៍​នេះ កីឡាករ​កម្ពុជា​២​រូប គឺ​យ៉េន ឌី​ណា និង​កីឡាករ​ទើប​ឡើង​កូដ​ឈ្មោះ ឯម ខ្លឹម​សរ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​រង់ចាំ​អ៊ុត​មើល ថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​ឬ​យ៉ាងណា ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ ត្រូវ​គេ​អះអាង​ថា មាន​សមត្ថភាព​មិន​ណ​យ​បែប​នេះនោះ ។

ការ​ប្រកួត​នៅ​ព្រឹក​នោះ កីឡាករ​យ៉េន ឌី​ណា មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ នឹង​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Soun Tepheap នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​ដែល​ចាប់ផ្ដើម​នៅ​វេលា​ម៉ោង​៨ ។ កីឡាករ​ទាំង​ពីរ​ត្រូវ​គេ​រំពឹង​យ៉ាង​ខ្លាំង​ថា នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​របស់​ពួក​គេ​ទទួល​ការ​ចាប់អារម្មណ៍​ខ្ពស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​សុទ្ធតែ​ចង់​ឈ្នះ​មិន​ចង់​ចាញ់​ដូច​គ្នា​។ កីឡាករ យ៉េន ឌី​ណា គឺជា​ជើង​ខ្លាំង និង​ជា​ម្ចាស់​ខ្សែក្រវាត់​២-៣​ស្ថាប័ន​ផ្សេង​គ្នា​នា​ពេល​កន្លង​មក​។ គាប់​ជួន​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​ក៏​ល្អ និង​ធ្វើ​ឲ្យ​មាន​ទំនុកចិត្ត​ថែម​ទៀត ទើប​រឹតតែ​មាន​អ្នក​កាន់ជើង​ច្រើន ។

យ៉េន ឌី​ណា និង ឯម ខ្លឹម​សរ ជួប​កីឡាករ​ថៃ​ថ្ងៃអាទិត្យ​មួយ​ណា​សម្រេច​គោលដៅ?

យ៉ាងណា​ក៏​ដោយ​កីឡាករ​ថៃ​Soun Tepheap​ក៏​មិន​ណ​យ​នោះ​ដែរ បើ​ទោះជា​ការ​មក​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ប៉ុន្មាន​លើក​របស់​គេ​មាន​ល្អ​និង​មិនល្អ​ប្រហែល​គ្នា ។ ការ​ប្រកួត​របស់​កីឡាករ​រូប​នេះ​ពេល​ខ្លះ​ល្អ​ទទួលយក​បាន​តែ​ពេល​ខ្លះ​ហាក់ដូចជា​ស្ថិត​ក្នុង​ភាព​ផ្សងព្រេង​ច្រើន ។ លោក ឆ្លាម ស ជា​គ្រូបង្វឹក​ហាក់​មាន​ជំនឿ​ចិត្ត​ភាគច្រើន​ថា​កីឡាករ​យ៉េន ឌី​ណា នឹង​ឈ្នះ​ការ​ប្រកួត​បើ​ទោះជា​កីឡាករ​ថៃ​គឺជា​ម្ចាស់​ខ្សែក្រវាត់ ដែល​មាន​លទ្ធផល​វិជ្ជមាន​ច្រើន​ជាង​បរាជ័យ​ក្ដី​។ លោក​ហាក់​ធានា​១០០% ចំពោះ​ការ​ប្រកួត​របស់​កូនសិស្ស​ដោយ​បាន​បញ្ជាក់​ថា កីឡាករ​ថៃ​អាច​នឹង​អាម៉ាស់​ច្រើន​ជាង​ស្ពាយ​ជ័យជម្នះ​ត្រឡប់​ទៅ​វិញ ។ ក្រុម​អ្នក​ស្នេហា​ការ​ប្រដាល់​បាន​អះអាង​ថា កីឡាករ​ថៃ​ដែល​បាន​ឡើង​មក​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍នា​ពេល​ចុង​ក្រោយ​ពិតជា​មាន​សមត្ថភាព ដោយ​សូ​ម្បី​តែ Soun Tepheap ក៏​មិនធម្មតា​នោះ​ដែរ​។ ម្នាក់​ៗ​បាន​សង្កត់ធ្ងន់​ថា ការ​វាយ​មិនសូវ​ល្អ​របស់​គេ​ក្នុង​ពេល​ខ្លះ គឺ​ដោយសារ​តែ​គេ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ និង​សម្រាក​មិន​បាន​ពេញកម្លាំង​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​ឲ្យ​ពេញកម្លាំង​ដូច​គ្នា​នោះ​កីឡាករ​កម្ពុជា​ពិតជា​ពិបាក​ទប់ទល់​ខ្លាំង​ណាស់ ។

ទោះបី​យ៉ាងណា  គេ​នៅ​តែ​ជឿ​ថា កីឡាករ​វ័យក្មេង​យ៉េន ឌី​ណា ល្អ​សម្រាប់​គូ​នេះ ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៧៥​លើក ឈ្នះ​៦៣​លើក ចាញ់​១១​លើក ស្មើ​១​លើក ចំណែក​ឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​៦៧​លើក ឈ្នះ​៦៤​លើក និង​ចាញ់​៣​លើក មាន​ន័យ​ថា តួលេខ​ឡើង​ប្រកួត​របស់​កីឡាករ​ថៃ​ល្អ​ជាង​កីឡាករ​កម្ពុជា ។ ប៉ុន្តែ​បើ​ផ្អែក​តាម​បទ​ពិសោធន៍ និង​ភាព​រហ័ស​គឺ​កីឡាករ​យ៉េន ឌី​ណា មិន​អាច​ចាញ់​កីឡាករ​ថៃ​បាន​ទេ ដោយសារ​តែ​កម្លាំង​ស៊ុ​ហ្វ​របស់​គេ​ក៏​ពេញ​ល្អ ឯ​បច្ចេកទេស​វាយ​ក៏​ខ្លាំង​មិនធម្មតា។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ Soun Tepheap គឺជា​ជើង​ខ្លាំង​មួយ​រូប​របស់​ប្រទេស​ថៃ ដែល​កីឡាករ​កម្ពុជា​មិន​អាច​មើល​ស្រាល​បាន​ទេ បើ​ទោះជា​ការ​ប្រកួត​ពេល​ខ្លះ​មិន​បាន​ពេញកម្លាំង​ធ្វើ​ឱ្យ​អ្នកខ្លះ​គិត​ថា​មាន​ចំណុចខ្សោយ ។ មិន​ខុស​គ្នា​ដែរ​លោក​ថៃ អ៊ូ ដែល​ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​ក៏​រាង​ទុកចិត្ត​កីឡាករ​ថៃ​ជាង​កីឡាករ​កម្ពុជា​ដែរ ។ លោក​ថា យ៉េន ឌី​ណា ល្អ ប៉ុន្តែ​ជំហរ​ក្នុង​ការ​វាយបក​របស់​គេ​នៅ​មាន​ចំណុចខ្សោយ​ដែល​អាច​ឲ្យ​កីឡាករ​ថៃ​វាយលុក​ដោយ​ងាយ​មិន​ពិបាក​នោះ​ទេ ទើប​លោក​យល់​ថា​អ្វី​ៗ​មិន​អាច​មើល​ស្រាល​បាន​ឡើយ ។ លោក​ថា គូ​នេះ​នឹង​ល្អមើល​ដោយសារ​ភាគី​ខាង​កម្ពុជា​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់ ហើយ​ភាគី​ខាង​ថៃ​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​ដែល​មិន​ខុស​ពី​ឲ្យ​អ្នក​ទាំង​ពីរ​ឡើង​ល្បង​សមត្ថភាព​គ្នា​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ​លោក​ថា ប្រសិនបើ​កីឡាករ​កម្ពុជា​មានការ​ត្រៀម​ទុកជា​មុន គឺ​ពិតជា​ធ្វើ​ឲ្យ​កីឡាករ​ថៃ​មាន​ចំណុច​ចាញ់​ច្រាប​បាន​។

នៅ​ក្នុង​ព្រឹត្តិការណ៍​ដដែល​នោះ​ដែរ កីឡាករ​ជើង​ថ្មី​មួយ​រូប​ទៀត គឺ​ឯម ខ្លឹម​សរ ដែល​ជា​ប្អូនបង្កើត​របស់​ឯម ខ្លឹម​ខ្មៅ ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phach Namneong ផង​ដែរ ។ គូ​នេះ គេ​ទុកចិត្ត​កីឡាករ​ថៃ​រឹតតែ​ច្រើន​ទៅ​ទៀត​ដោយសារ​តែ​ការ​ប្រកួត​កន្លង​មក​គឺ​ភាគី​ខាង​ថៃ​បាន​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​ទទួល​រង​ភាព​អាម៉ាស់​លើ​រេញ​រួច​មក​ហើយ ហើយ​កីឡាករ​កម្ពុជា​រូប​នេះ​ក៏​ជា​ជើង​ថ្មី​ដែល​មិនសូវ​មានបទពិសោធន៍​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ថែម​ទៀត ។ កីឡាករ​ឯម ខ្លឹម​សរ ធ្លាប់​ប្រកួត​បាន​៤៥​លើក ឈ្នះ​៣៥​លើក ចាញ់​៥​លើក  ខណៈ​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៥៨​លើក ឈ្នះ​៥២​លើក ចាញ់​៥​លើក និង​ស្មើ​១​លើក ។ បើ​និយាយ​ពី​បច្ចេកទេស និង​កម្លាំង​គឺ​កីឡាករ​ថៃ​មើលទៅ​ឈ្នះ​ប្រៀប​ដាច់ ប៉ុន្តែ​គេ​ក៏​មិន​ទាន់​ដឹង​ថា កីឡាករ​កម្ពុជា​ពិតជា​ទប់​មិន​ជាប់​នោះ​ដែរ ។ គូ​នេះ ប្រសិនបើ​ឯម ខ្លឹម​សរ វាយ​ឈ្នះ នោះ​គេ​នឹង​ល្បី​ពេញ​សង្វៀន​ជា​មិន​ខាន​នោះ​ទេ ដោយសារ​តែ​គេ​ក៏​ជា​ជើង​ខ្លាំង​ដែល​មាន​សមត្ថភាព​មិន​អន់​នោះ​ដែរ មុន​នឹង​ចាត់​ឲ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នោះ ៕