ការ​ប្រកួត​រើស​ស្ដេច​អុកចត្រង្គ​ប្រចាំឆ្នាំ​2016 ចាប់ផ្ដើម​នៅ​ដើមខែ​ក្រោយ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃ​ទី​១៥ មីនា របស់​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​បានឱ្យ​ដឹង​ថា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា នឹង​រៀបចំ​ឱ្យ​មានការ​ប្រកួត​ដើម្បី​ស្វែងរក​ស្ដេច​អុកចត្រង្គ​អង្គរ​មហាសង្ក្រាន្ត​ប្រចាំឆ្នាំ​២០១៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដើម​ខែមេសា​ខាង​មុខ​នេះ ។

ការ​ប្រកួត​ជម្រុះ​ក្នុង​ជុំ​ទី​១​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៨​ខែមេសា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។ ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ មេ​សា នៅ​មុខ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែល​ជា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​វិញ្ញាសា​ម្នាក់​ទល់​ម្នាក់ ដោយ​មិន​ប្រកាន់​ភេទ និង​អាយុ​ឡើយ ។

នៅ​ក្នុង​សេចក្ដីជូនដំណឹង​នេះ​បានឱ្យ​ដឹង​ទៀត​ថា ការ​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ចាប់ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៦ ហើយ​កន្លែង​ទទួល​ពាក្យ​នៅ​ទី​ស្នាក់ ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។ ការ​ប្រជុំ​ចាប់ឆ្នោត​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤​មេ​សា វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា សម្រាប់​បេក្ខជន​ដែល​អវត្តមាន​ត្រូវ​បាន​ចាត់​ទុក​ថា​បោះបង់​ការ​ប្រកួត ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ប្រកួត​នេះ នឹង​បើក​ទូលាយ​មិន​ថា​កីឡាករ​អាជីព ឬ​មិន​អាជីព​នោះ​ទេ​គឺ​អាច​ដាក់​ពាក្យ​ចូលរួម​ប្រកួត​បាន​ទាំងអស់​ដោយ​មិន​ប្រកាន់​ភេទ និង​អាយុ​ឡើយ ។

គួរ​រំលឹក​ផង​ដែរ​ថា តំណែង​ស្ដេច​អុកចត្រង្គ​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ​បាន​ទៅ​លើ​លោក ឈាវ បូ​រ៉ា មក​ពី​រាជធានី​ភ្នំពេញ ។ សម្រាប់​អ្នក​ដែល​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ត្រូវ​រួមចំណែក​បង់​វិភាគទាន​ម្នាក់​៥០០០​រៀល​ដើម្បី​រៀបចំ​ការ​ប្រកួត ៕