កុមារី​អាយុ​៣​ឆ្នាំ​ម្នាក់ ដេក​ក្នុង​អង្រឹង ត្រូវ​សត្វ​គោ​បោល​ជាន់ ស្លាប់​

ពោធិ៍សាត់:
កុមារី​អាយុ​៣​ឆ្នាំ​ម្នាក់ ត្រូវបាន​សត្វ​គោមួយ​ហ្វូង បោល​ដេញ​គ្នា​ជាន់​ស្លាប់ ខណៈ​កំពុងដេក​លង់លក់ នៅក្នុង​អង្រឹង​។​ហេតុ​​ការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង២​រសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ព្រៃ​ឪម៉ាល់ សង្កាត់​រលាប ក្រុងខេត្ត​​ពោធិ៍សាត់​។​

​កុមារី​រងគ្រោះ​មានឈ្មោះ សុខ ស្រី​និ​ច អាយុ ៣​ឆ្នាំ មាន​ឪពុក​ឈ្មោះ ហែម សុខ អាយុ២៨​ឆ្នាំ និង ម្ដាយ​ឈ្មោះ រ៉​ន គ​ន្ធា អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​កើតហេតុខាងលើ​។​

​តាម​ការរៀបរាប់​ពី​ឪពុកម្ដាយ​កុមារី​រងគ្រោះ​ថា កូនស្រី​ពួកគាត់​កំពុង​ដេក​លង់លក់ ក្នុងអង្រឹង​ក្រោម​សំ​យ៉ាប​ផ្ទះ​ផ្នែក​ខាងមុខ គ្រានោះ​ស្រាប់​តែមាន​សត្វ​គោ​ចំនួន ៦​ទៅ​៧ក្បាល បោល​ដេញ​គ្នា​មក​ប៉ះ​អង្រឹង បណ្ដាល​ឲ្យ​កូនស្រី​គាត់​ធ្លាក់​មកក្រោម ក៏​ជាន់​ចំខ្លួន និង​ក្បាល​រង​បួស​យ៉ាងធ្ងន់ធ្ងរ ភ្លាមៗ​នោះ​ពួកគាត់ បាន​បញ្ជូន​កូន​មកមន្ទីរពេទ្យបង្អែក​ខេត្ត ប៉ុន្តែ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក ក្រុមគ្រូពេទ្យ​បាន​ជួយ​ចាត់ចែងបញ្ជូន​​បន្ត ទៅ​រាជធានី​ភ្នំពេញ តែ​ជា​អកុសល់​ក៏បាន​ដាច់ខ្យល់​ស្លាប់ នៅតាមផ្លូវ​តែម្តង​។ ហើយក៏​ដឹក​សព​ត្រឡប់មក​លំនៅដ្ឋាន វិញ ដើម្បី​ចាត់​​ចែងធ្វើបុណ្យ តាម​ប្រពៃណី​។​

​ពួកគាត់​បន្ត​ប្រាប់ទៀតថា ដោយ​រវល់​វីវក់ និង កូនស្រី​មិនបាន​គិតដល់​ហ្វូង​សត្វ​គោនោះឡើយ ថា​គោ​សត្វ​អ្នកណា​នោះទេ ដូច្នេះ​ពួកគាត់​សំណូមពរ​ឲ្យ​សមត្ថកិច្ច ជួយស្រាវជ្រាវ​រក​ឲ្យ​ផង​៕​