​រថយន្ត​​៣គ្រឿង​បុក​បន្ត​កន្ទុយ​គ្នា​ពេល​​ទៀប​​ភ្លឺ​

​ខេត្ត​កំពង់ស្ពឺ ​៖ ​មាន​ករណី​គ្រោះ​​ថ្នាក់​ចរាចរណ៍​មួយ​​​បាន​កើត​ឡើង​​ដោយ​សារ​តែ​​រថយន្ត​​បុក​បន្ត​កន្ទុយ​គ្នា​​ គឺ​​រថយន្ត​វី​ហ្គោបុក​​​រថយន្ត​កូរ៉េ​​​​ដឹក​ទឹក​កក​ ហើយ​រថយន្ត​ដឹក​ទឹកកក​​​ទៅ​បុក​រថយន្ត​ដឹក​​ត្រី​មួយ​គ្រឿង​ បណ្តាល​ឱ្យ​​អ្នក​បើករថយន្ត​​​ដឹក​ទឹកកក​កៀប​ជាប់​ក្នុង​កាប៊ី​ន ​ត្រូវ​បាន​​គេ​​យក​ចេញ​និង​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ ​ចំណែក​អ្នក​បើក​​បរ​រថយន្ត​វីហ្គោ​​​ជា​​ជន​ជាតិ​ថៃ ត្រូវ​​​សមត្ថកិច្ច​ឃាត់ខ្លួន​​ ​កាល​ពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧​ មីនា​​ នៅ​តាម​បណ្តោយ​​ផ្លូវជាតិ​លេខ​៤​ ​ស្ថិត​នៅ​​ក្នុងភូមិ​ពាណិជ្ជកម្ម ​សង្កាត់​រកា​ធំ ​ក្រុង​ច្បារ​មន ​។​

បុរស​រង​គ្រោះជា​អ្នក​បើករថយន្ត​ដឹក​ទឹកកក​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ​ ​​ចំណែក​អ្នក​បើរ​រថយន្ត​បង្ក​ម៉ា​កវី​ហ្គោ​ឈ្មោះ​ គិត ​សា​ណាត​ ភេទ​ប្រុស ​អាយុ​៤៤​ឆ្នាំ​ រស់នៅ​ក្នុង​ខេត្ត​ប្រា​ជី​ន​បុរី​ ប្រទេស​ថៃ​ ។

​សាក្សី​​​នៅ​ជិត​កន្លែង​កើតហេតុ​ បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​ គេ​​ឃើញ​រថយន្ត​កូរ៉េ​ដឹក​ទឹកកក​ បើក​​ពី​លិចទៅ​កើត​​ក្នុង​ល្បឿន​យឺតៗ​ ​​លុះ​មកដល់​​ចំណុច​​កើតហេតុ​​ស្រាប់តែ​រថយន្ត​​ម៉ាក​ វីហ្គោ​ ​ពណ៌​ខ្មៅ​ មួយ​គ្រឿង​ ​បើក​​ស្រប​ទិស​គ្នា​​មក​ពី​ក្រោយ​​​បុក​​​​​ពេញទំហឹង និង​រុញ​​​រថយន្ត​​​កូរ៉េ​​​ទៅ​មុខ​​​បុក​រថយន្ត​ដឹក​ត្រី​មួយ​គ្រឿង​ទៀត​ បណ្តាល​ឱ្យ​​អ្នក​បើករថយន្ត​​កូរ៉េ​កៀប​ជាប់​ក្នុង​កាប៊ី​ន​រង​របួស​​ធ្ងន់​តែ​ម្តង ៕

ព័ត៌​មាន​លម្អិត​មាន​ផ្សាយជូន​នៅលើទំព័រ​កាសែត​​កោះ​សន្តិភាព​