​ជួសជុល​​​រួចហើយ ចាំមើល មានអ្នក​ហ៊ានទៀត​អត់?

ខេត្តកំពង់ចាម​ ៖ បង្កាន់​ដៃ​ស្ពាន​​គី​ហ្ស៊ុ​​ណា​ ដែល​បាន​​រង​​ការ​បាក់ និង​ខូចខាត​ប្រវែង​​៦​ម៉ែត្រ ​នៅ​ប៉ែក​ត្រើយ​ខាងកើត​ទន្លេមេគង្គ ដោយ​សារ​​តែ​រថយន្ត​ដឹក​ប្រេង​​បើក​បុក​រះបន្តកន្ទុយ​គ្នា​កន្លង​ទៅ​​នោះ ត្រូវ​បាន​ក្រុ​ម​វិស្វករ​សំណង់​​ជនជាតិ​ជប៉ុន​​នៃ​អង្គការ JICA ប្រចាំការ​នៅ​ក្រសួង​​សាធារណៈការ និង​ដឹក​ជញ្ជូន​ ធ្វើការ​​ជួសជុល​រួចរាល់​​​​ទៅ​តាម​ស្តង់ដារបច្ចេកទេស​ខ្ពស់​បំផុត ។ ករណី​បាក់​បង្កាន់ដៃស្ពាន​គី​ហ្ស៊ុ​ណា ៖ ឃុំខ្លួន​អ្នកបើកបរ និង​ទារ​សំណង​ជិត​៣​ម៉ឺន​ដុល្លារ

លោក​ចាន់ សុមារ​ឌី អនុប្រធាន​​មន្ទីរ​​សា​ធារណៈការ​​ខេត្ត​​បាន​ឱ្យ​ដឹង ​​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ​នេះ​ថា ​​រថយន្ត​ដឹក​ដំឡូង​មី​ស្រស់​​១​គ្រឿង ដែលអ្នក​​បើកបរ​​​ឈ្មោះ​សុខ ណេ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុសខ្នុរ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ បើក​ឆ្លងស្ពាន​គី​ហ្ស៊ុ​ណា​ចេញពី​ត្រើយ​ខាងលិច ឆ្ពោះទៅ​ត្រើយ​ខាងកើត បាន​បាន​បុក​រះ​​ខូចខាត​រថយន្ត​ជា​ច្រើន​គ្រឿង រួច​ក្រឡាប់ចាក់​ដំឡូង​ចោល​។

លោក​ចាន់ សុមារ​ឌី អនុប្រធាន​មន្ទីរ​សាធារណៈ​ការ​​ខេត្តបាន​ប្រាប់​បន្ត​ថា នៅ​ក្នុង​ហេតុ​ការ​ណ៍គ្រោះថ្នាក់​នេះ រថ​យន្ត​ដឹក​ដំឡូង​​បាន​បុក​រុញ​រថយន្ត​ដឹក​ប្រេង​១​គ្រឿង ទៅ​បុក​បាក់​បង្កាន់ដៃស្ពាន​រង​ការ​ខូចខាត​ចំនួន​៣​ប្រឡោះ​ស្មើនឹង​៦​ម៉ែត្រ ព្រមទាំង​វៀច​ដែក​ទីប​ អស់​៣​ដើម ខូច​របាំង​ដែក​សុវត្ថិភាព​ក្បា​ល​ស្ពាន​ប្រវែង​២៤​ម៉ែត្រ ដាច់​ផ្ទៃ​កៅស៊ូ​ក្រាល​ថ្នល់ ប្រេះ​តួ​ស្ពាន​ជាដើម ។ ហើយ​ត្រូវ​បាន​មន្ទីរ​ជំនាញ​របស់​លោក​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ប្តឹង​ទាមទារ​សំណង​ចំនួន​២៨.១០០​ដុល្លារ ពី​ម្ចាស់​រថយន្ត​ដឹក​ដំឡូង​មី ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៏​នោះ ។

​បន្ទាប់​មក នៅ​ថ្ងៃ​ទី​១៤ ​មីនា វិស្វករ​​ជប៉ុន បាន​ចុះ​មក​ពិនិត្យ​មាន​កម្លាំង​ជាង​១០​នាក់ ក្នុង​នោះ​ មក​ពី​នាយកដ្ឋាន​ស្ពា​ន​ថ្នល់ ​និង​មានការ​ដឹកនាំ​ផ្ទាល់​ពី​លោក​តូច ចាន់​កុស​ល្យ រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​ ដោ​យ​បាន​រៀបចំ​ធ្វើការ​ជួសជុល​ឡើង​វិញ ចង​ដែក ​និង​ការ​លាយ​​បេតុង ទៅ​តាម​បច្ចេកទេស​​លំនាំ​ដើម​របស់​ជប៉ុន​ទាំងអស់ ។

លោក​​អនុប្រធាន​មន្ទីរ​សាធារណៈការ​រូប​នេះ​​បញ្ជាក់​ថា ត្រង់ចំណុច​​តួរ​ស្ពាន​ដែល​ប្រេះ​នោះ​ ត្រូវ​បាន​​ដាក់​កាវ​បង្ហូរ​ឱ្យ​​ចូល​ទៅ​ក្នុង
​តួ​​ស្ពាន ក្នុង​រយៈពេល​២៤ ​ម៉ោង​កាវ​នឹង​ហូរ​អស់ ធ្វើ​ឲ្យ​បេតុង​ខាំ​ជាប់​គ្នា​ឡើង ដើម្បី​ជាសវាង​កុំ​ឲ្យ​ទឹកភ្លៀង​ជ្រាប​ចូល​ច្រេះ​ដែក​ស្ពាន ។ ហើយ​​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ​មីនា ២០១៦ វិស្វករ ជប៉ុន​រួម​នឹង​ក្រុម​អ្នកបច្ចេកទេស​ផ្ទាល់ បាន​ចុះ​មក​ពិនិត្យ​បង្កាន់ដៃស្ពាន ដែល​ត្រូវ​បាន​ជួសជុល​រួច និង​​បាន​បង្ហូរ​កាវ​ចូល​ទៅ​ក្នុង​តួ​ស្ពាន ដែល​ប្រេះស្រាំ​នោះ​ផង​ដែរ ។​​

រហូត​មក​ដល់​ថ្ងៃ​ទី​១៧ ​មីនា គេ​មិន​ទាន់​ឃើញ​មុខ​​ថៅកែ​រថយន្ត​ដឹក​​ដំឡូង​ចេញ​មុខ​មក​ដោះស្រាយ​នៅឡើយ​ទេ ​។ ចំណែក​​អ្នក​បើក បររថ​យន្ត​ដឹក​ដំឡូង​ត្រូវ​បាន​បន្ត​ឃុំខ្លួន​នូវឡើយ ៕