ស្ទីល​​​បោក​កាន់តែ​ថ្មី​ទៀត ចុង​ក្រោយ​អស់លក្ខណ៍​ដដែល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ទូរស័ព្ទ​មក​លោក​អភិបាល​ខេត្តកណ្តាល​ ដោយ​ប្រាប់​ពី​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឆ្លងខេត្ត​​ដ៏​ធំ​មួយ ដោយ​ឱ្យ​លោក​មេ​ប៉េ​អឹ​ម​ខេត្ត​ ត្រូវ​វេរ​លុយ​តាម​ប្រព័ន្ធ Wing ​ឱ្យ​ខ្លួន ជា​ថ្នូរ​នឹង​ការ​សហការ​ចាប់​មេខ្លោង​គ្រឿងញៀន​ចំនួន​៣​គីឡូក្រាម ។

តែ​ទីបំផុត បុរស​ខាងលើ​នេះ ត្រូវ​កម្លាំង​កង​រាជ​អ​វុ​ធ​ហត្ថ​ខេត្តកណ្ដាល សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌទួលគោក រៀបចំ​អន្ទាក់ ចាប់​ខ្លួន​វិញ កាលពី​វេលា​ម៉ោង​០៦ និង​៤០​នាទី​យប់​ថ្ងៃ​១៦ មីនា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​វេរ​លុយ Wing ដែល​មាន​ទីតាំង​លេខ​ផ្លូវ​២៩៩ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ពេល​កំពុង​រង់ចាំ​ទទួល​លុយ ។

តាម​ប្រភព​ពី​លោក​ទូច អ៊ី​ណា​ន មេបញ្ជាការ​រង និង​ជា​ប្រធាន​មន្ទី​ស្រាវជ្រាវ​យុត្តិធម៌​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​អៀ​ក ភ័​ណ្ឌ អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ពេទ្យ​ព្រះ​កេតុមាលា (​ពេទ្យ​លោកសង្ឃ​) រាជធានី​ភ្នំពេញ ត្រូវ​កម្លាំង​ជំនាញ​អាវុធ​ហត្ថ​​ខេត្តកណ្តាល សហការ​ជាមួយ​ជំនាញ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អាវុធហត្ថ​ខណ្ឌទួលគោក និង​ដោយ​មានការ​សម្របសម្រួល ពី​​ព្រះរាជអាជ្ញា ឃាត់ខ្លួន​បាន​ជាក់ស្តែង ។ កម្លាំង​ដកហូត​វត្ថុ​តាង​រួម​មាន ទូរស័ព្ទ​ដៃ​២​គ្រឿង មាន​លេខ​071 277 7575 និង 096 382 2654 បង្កាន់ដៃ​ដក​ប្រាក់​១​សន្លឹក ។

ប្រភព​ឱ្យ​ដឹង​បន្ថែម​ថា ជនសង្ស័យ​បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​លោក​ឈុ​ន ស៊ី​រុន អភិបាលខេត្ត ដោយ​ប្រាប់​ថា មានមុខ​សញ្ញា​ជួញដូរ​គ្រឿង​​ញៀន​ធំ​មួយ​ចំនួន​៣​គីឡូក្រាម ចេញពី​ខេត្តក្រចេះ មក​ខេត្តកណ្ដាល ។ ដោយ​សុំ​ការ​សហការ​ជាមួយ​អាជ្ញាធរ មាន​សមត្ថកិច្ច ប៉ុន្តែ​​សុំ​មិន​សហការ​ជាមួយ​នគរបាល​ទេ ព្រោះ​មិន​ទុកចិត្ត សូម​សហការ​ជាមួយ​ប៉េ​អឹ​ម ទើប​មិន​បែក​ការណ៍ ដូច្នេះ​សូម​អភិបាលខេត្ត​ទាក់​ទង​ទៅ​ប៉េ​អឹ​ម​ខេត្តកណ្ដាល ដើម្បី​សហការ​គ្នា ។

ពេល​ទាក់ទង​ទៅ​ជនសង្ស័យ​ខាងលើ​នេះ ចេះ​តែ​សុំ​លុយ​មុន ដើម្បី​ទិញ​នេះ ទិញ​នោះ មាន​ទូរស័ព្ទ និង​កាត​ដើម្បី​ងាយស្រួល​ទំនាក់​ទំនង​គ្នា និង​ចេះ​តែ​ប្រាប់​ពី​ហេតុផល​ផ្សេង​ៗ ត្រូវការ​លុយ​ឱ្យ​វេរ​តាម​វី​ង​ឱ្យ​បន្ត​សរុប​៣០​ម៉ឺន​រៀល ។ ក្រោយ​ពី​វេរ​លុយ​ឱ្យ​រួច​ហើយ ជន​សង្ស័យ​នៅ​តែ​បន្ត​ទូរស័ព្ទ​មក​សុំ​លុយ និង​ឱ្យ​វេរ​តាម​វី​ង​ទៀត ដោយ​លើក​ហេតុផល​ផ្សេង​ៗ​ថា ត្រូវការ​លុយ ដើម្បី​ធ្វើ​រឿង​នេះ ឱ្យ​បាន​សម្រេច ។

ក្រោយមក លោក​សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល​មានការ​សង្ស័យ និង​ដឹង​ថា ជនសង្ស័យ​ប្រើ​ល្បិច​ឆបោក បាន​បញ្ជា​ឱ្យ​ខាង​ជំនាញ​ខេត្ត ទាក់ទង​ទៅ​សហការ​ជាមួយ​ជំនាញ​អាវុធហត្ថ​ផ្ទៃ​ប្រទេស ឆែក​លេខ​ទូរស័ព្ទ​ជនសង្ស័យ​មើល​ដឹង​ថា ខ​ល​ចេញ​​នៅ​ភ្នំពេញ ពេល​នោះ​កម្លាំង​ជំនាញ​ខេត្ត​បាន​រៀ​ចំ​អន្ទាក់​វេរ​លុយ​ឱ្យ​ជនសង្ស័យ​ម្ដងទៀត និង​ដឹកនាំ​កម្លាំង​ចាប់​ជនសង្ស័យ​តែ​ម្តង ។