Liverpool រំពឹងអាចទម្លាក់ Man United នៅរាត្រីនេះ

Liverpool vs Man United
UEFA Europa League Round of 16, Game 2
18/3/16, 3:05 AM
Old Trafford
—————————————–
ក្រុម​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​៥​សម័យ​កាល Liverpool នឹង​សម្លឹង​រក​ការ​​​​ទម្លាក់​គូ​ប្រជែង​ដ៏ខ្លាំង​របស់​ពួក​គេ Manchester United នៅ​ពេល​ក្រុម​យក្ស​របស់​អង់​គ្លេស​ទាំ​ងពីរ​​នេះ​ជួប​គ្នា​ក្នុង​ក្រប​ខ័ណ្ឌ Europa League វគ្គ​១៦​ក្រុម​ចុង​ក្រោយ ជើង​ទី​២​នៅ​កីឡ​ដ្ឋាន Old Trafford នា​រា​ត្រី​នេះ​។
1
ក្រោយ​ពី​បាន​នាំ​មុខ​ក្នុង​លទ្ធ​ផល ២-០ ​ពី​ការ​ប្រកួត​ជើង​ទី​មួយ​នៅ​កីឡ​ដ្ឋាន Anfield ក្រុម Liverpool កំពុង​តែ​ស្ថិ​តក្នុង​ទី​តាំង​ដ៏​ល្អ​ក្នុង​ការ​ឈាន​ទៅ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​​យុទ្ធ​នា​ការ​​មួយ​ដែល​​​នឹង​​ផ្តល់​ឱកាស​ដ៏​ល្អ​​​បំផុត​សម្រាប់​ក្រុម​ទាំ​ងពីរ​ក្នុង​ការ​ឈ្នះ​កៅ​អី​ក្នុង​ក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ​។ ខ្សែ​ប្រយុទ្ធ Daniel Sturridge និង Roberto Firmino សុទ្ធ​សឹង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ ខណៈ​ដែល​ក្រុម​ហង្ស​ក្រហម​របស់​លោក Jurgen Klopp បាន​គ្រប់​គ្រង​ទាំង​ស្រុង​ក្នុង​ការ​ជួប​គ្នា​​ក្នុង​ក្រប​ខ័ណ្ឌ​អឺ​​រ៉ុប​ជា​លើក​ទី​មួយ​​រវាង​ក្រុម​យក្ស​របស់​ក្រប​ខ័ណ្ឌ Premier League ទាំង​ពីរ​នេះ ហើយ Sturridge បាន​​និយាយ​ថា ការ​ប្រុង​ប្រយ័ត្ន​របស់​ក្រុម Liverpool នឹង​មិន​ផ្លាស់​ប្តូរ​ឡើយ បើ​ទោះ​បី​ពួក​គេ​​មាន​​ប្រៀប​​ក៏​ដោយ​។

Sturridge បានប្រាប់​ថា៖ «យើង​នឹង​​ធ្វើ​ការ​ប្រជែង​ក្នុង​ជើង​ទី​​២​ដូច​អ្វី​ដែល​យើង​បាន​ធ្វើ​នៅ​ជើង​ទី​មួយ​​។ នោះ​ជា​​មធ្យោ​បាយ​តែ​​មួយ​ដែល​យើង​​​​​ធ្វើ​»។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អង់​គ្លេស​រូប​នេះ បាន​បន្ថែម​ទៀត​ថា៖ «មធ្យោ​បាយ​របស់ Liverpool គឺ​ការ​ឈ្នះ​ការ​ប្រកួត ហេតុ​នេះ យើង​​នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​ជើង​ទី​​ដោយ​វិជ្ជ​មាន​​។ ការ​ជឿ​ជាក់​​ពិត​ជា​ស្ថិត​ក្នុង​ក្រុម ហើយ​យើង​នឹង​សម្លឹង​ឆ្ពោះ​ទៅ​មុខ​រាល់​ការ​ប្រកួត​ទាំ​ងអស់​។ យើង​ត្រៀម​រួច​ជាស្រេច​សម្រាប់​រាល់​ការ​ងារ​​ដែល​យើង​​មាន​នៅ​ពី​មុខ​របស់​យើង​»​។ ការ​ប្រកួត​នៅ​រាត្រី​នេះ នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​៣:០៥​​ទៀប​ភ្លឺ​៕

ការ​ជួប​គ្នា​៣​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ

11.03.16          Liverpool 2-0 Manchester United

17.01.16          Liverpool 0-1 Manchester United

12.09.15          Manchester United 3-1 Liverpool