លោក Conte ត្រូវបានទាក់ទងផ្ទេរទៅកាន់ក្លិប Chelsea ក្រោយសម្រេចចេញពីក្រុមអ៊ីតាលី

លោក Antonio Conte គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ដែលត្រូវបានទាក់ទងផ្ទេរទៅកាន់ក្លិប Chelsea នោះ នឹងលាលែងពីតំណាងរបស់លោក ក្រោយពីព្រឹត្តិកាណ៍ Euro ឆ្នាំ២០១៦។ នេះបើយោងទៅតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលីកាលពីថ្ងៃអង្គារ។
Conte
អតីតគ្រូបង្វឹករបស់ក្លិប Juventus វ័យ៤៦ឆ្នាំរូបនេះ បានចូលកាន់តំណែងក្នុងក្រុមជម្រើសជាតិកាលពីខែសីហា ឆ្នាំ២០១៤ និងបានជួយឲ្យក្រុមនេះឈ្នះកៅអីរបស់ពួកគេសម្រាប់ព្រឹត្តិការណ៍ Euro។ លោក Carlo Tavecchio ប្រធានសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី បានប្រាប់បណ្តាញសារព័ត៌មានអ៊ីតាលីថា៖ «លោក Antonio Conte បានប្រាប់ខ្ញុំថា នៅពេលចប់យុទ្ធនាការ Euro ការងាររបស់លោកនឹងបញ្ចប់។ គាត់មានអារម្មណ៍ថា តម្រូវការនៅលើទីលាន និងការហ្វឹកហាត់ជារៀងរាល់ថ្ងៃ គឺជាកត្តាដែលលោកអ្នកអាចយល់បាន»។

លោក Tavecchio បានបន្ថែមទៀតថា៖ «បច្ចុប្បន្ន វាដល់ពេលហើយសម្រាប់យើងក្នុងការទទួលយកការសម្រេចចិត្តរកមនុស្សម្នាក់ដែលបានធ្វើការជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ក្នុងបេសកកម្មរបស់គេក្នុងការដឹកនាំក្រុមជម្រើសជាតិរបស់យើង។ ខ្ញុំនឹងតែងតែថ្លែងអំណរគុណដល់រូបគេសម្រាប់ការស្រោចស្រង់នោះ»។ ព័ត៌មាននេះបានបន្ថែមឲ្យមានការលើកឡើងថា លោក Conte ដែលបានឈ្នះពាន Serie A បីជាមួយនឹងក្លិប Juventus នឹងត្រូវតែងតាំងជាអ្នកចាត់ការទូទៅរបស់ក្លិប Chelsea ដែលលេងក្នុងក្របខ័ណ្ឌអង់គ្លេស Premier League ក្រោយពីយុទ្ធនាការ Euro ក្នុងប្រទេសបារាំដែលចាប់ផ្តើមនៅថ្ងៃទី១០ ខែមិថុនា ដល់ទៅ១០ ខែកក្កដា៕

ប្រភពព័ត៌មាន៖ Channel New Asia