ទស្សនា​មុខរបរ​តម្បាញ​របស់​ប្រជាជន​ នៅ​មជ្ឈមណ្ឌល​សិប្បកម្ម​ឃុំ​កោះដាច់​

ទស្សនា​មុខរបរ​តម្បាញ​របស់​ប្រជាជន​ នៅ​មជ្ឈមណ្ឌល​សិប្បកម្ម​ឃុំ​កោះដាច់​



កោះដាច់ ៖ មជ្ឈមណ្ឌល​សិប្បកម្ម​ឃុំ​កោះដាច់​ស្រុក​មុខកំពូល​ មាន​ទីតាំង​ស្ថិតនៅ​កណ្តាលទន្លេ​មេគង្គ​មាន​បណ្តោយ​ប្រវែង​១២​គីឡូម៉ែត្រ​ និង​ទទឹង​ពី​១០០​ទៅ​២៥០០​ម៉ែត្រ​មាន​ព្រំប្រទល់​ខាងជើង​ជាប់​នឹង​ឃុំ​ព្រែក​លួង​និង​ឃុំ​ឧកញ៉ា​តី ស្រុក​ខ្សាច់ កណ្តាល ខាងលិច​ទន្ទឹមនឹង​ឃុំ​ព្រែកលាប​និង​ឃុំ​បាក់​ខែង ស្រុក​មុខកំពូល ខេត្ត កណ្តាល។

ចំពោះ​ភ្ញៀវទេសចរ​ដែល​បាន​ទៅដល់​តំបន់​សិប្បកម្ម​ឃុំ​កោះដាច់ ពិសេស​ភ្ញៀវទេសចរ​បរទេស​នោះ​គឺ​ពួកគាត់​តែង​តែមាន​ចំណាប់អារម្មណ៍​ណាស់​ជាមួយនឹង​សកម្មភាព​ត្បាញ​ហួល ផាមួង​ក្រមា សារុង​សូត​ខ្មែរ​របស់​ប្រជាពលរដ្ឋ​យើង​ដែល​រស់នៅ​តំបន់​នោះ​។ សិប្បកម្ម​តម្បាញ​ដែលជា​កេរដំណែល​របស់​ដូនតា​ខ្មែរ​នេះដែរ​ត្រូវបានគេទទួលស្គាល់​និង​ដឹង​ឮថា​មាននៅ​ក្នុង​តំបន់​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ដូចជា​នៅ​ព្រែក​ចង្ក្រាន​ក្នុង​ខេត្តកំពង់ចាម ឃុំ​ក្បាលកោះ​ស្រុក​កៀនស្វាយ​និង​នៅ​ខេត្តតាកែវ​ជាដើម។

លោក​ប៉ាត់ អ៊ែ​ល​ចៅសង្កាត់​កោះដាច់​បាន​មាន​ប្រា​សាសន៍​ថា នៅក្នុង​ឃុំ​កោះដាច់​រួមមាន​ភូមិ​ចំនួន​៥​គឺ​ភូមិ​កោះដាច់ ភូមិ​ក្បាលកោះ ភូមិ​ល្វា ភូមិ​ចុង​កោះ និង​ភូមិ​ឧកញ៉ា​តី ហើយ​អ្នកភូមិ​ខាង​លើនេះ​គឺ​ពួកគាត់​បាន​ពឹងផ្អែក​ទាំងស្រុង​ទៅ​នឹង​មុខរបរ​តម្បាញ​និង​កសិផល​ដើម្បី​ទាញ​យក​ប្រភព​ចំណូល​សំរាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ក្នុង​សង្គម​គ្រួសារ។ នៅ​ក្នុង​សង្កាត់​កោះដាច់​ទាំងមូល​មាន​សិប្បកម្ម​តម្បាញ​ហូល ផាមួង ស៊ឹង ក្រមា សារុងសូត្រ​និង​សារុងអំបោះ​ហើយ​ត្រូវបាន​ប្រមូលផ្តុំ​បែក​ចែក​ទៅតាម​ភូមិ​នីមួយៗ​ដូចជា​សិប្បកម្ម​តម្បាញ​សូត្រ​សំពត់​សូត្រ​មាន​ច្រើន​នៅក្នុង​ភូមិ​ក្បាលកោះ ចំណែក​ឯ​នៅ​ភូមិ​ចុង​កោះ​និង​ភូមិ​ល្វា​វិញ​ភាគច្រើន​ជា​សិប្បកម្ម​តម្បាញ​ក្រមា ហើយ​មុខរបរ​តម្បាញ​របស់​ប្រជាជន​នៅ​ក្នុង​តំបន់​នេះ​ដែរ​ក៏បាន​ចូលរួម​ទាក់ទាញ​ដល់​វិស័យ​ទេសចរណ៍​ជាតិ​និង​បាន​រក្សា​នូវ​តម្លៃ​វប្បធម៌​នៃ​កេរដំណែល​ខ្មែរ​ថែម​ទៀត​ផង។

ចៅសង្កាត់​កោះដាច់​បន្ត​ថា មុខរបរ​សំខាន់ៗ​របស់​ប្រជាជន​ក្នុង​តំបន់​កោះដាច់​នេះ​មាន​ការ​ដាំ​អនុផល​ពោត​ល្ង​សណ្តែក ចេក​និង​ការ​ដាំដុះ​ដំណាំ​ហូប​ផ្លែ​ផ្សេងៗ ក្រៅ​ពី​នេះ​គឺ​សិប្បកម្ម​តម្បាញ​មុង សារុង ផាមួង ហូល ក្រមា​សូត្រ​និង​ជំនួញ​ជួញដូរ​តូចតាច​ដទៃទៀត​។ ធនធាន​វប្បធម៌​ក្នុង​ឃុំ​កោះដាច់​មាន​វត្ត​ចំនួន​៣​គឺ​វត្ត​អម្ពរ​ផល វត្ត​ក្រពុំ​ព​ពេជ្រ និង​វត្ត​សាមគ្គី​ក្បាលកោះ ចំណែក​ប្រពៃណី​សំខាន់​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​តាំងពី​យូរលង់​របស់​ប្រជាជន​នោះ​គឺ​សិប្បកម្ម​ដែល​ជាំ​កេរដំណែល​របស់​ខ្មែរ​ដែល​យើង​ឃើញ​នៅ​គ្រប់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ​នៅ​ក្នុង​ឃុំ​កោះដាច់​មាន​កី​តម្បាញ​រៀងៗ​ខ្លួន​ទៅតាម​ធនធាន​របស់​គ្រួសារ​នីមួយៗ។

បន្ទាប់​ពី​នេះ​នៅ​ឃុំ​កោះដាច់​ត្រូវ​បាន​លោកប៉ាត់ អ៊ែ​ល លើកឡើង​ឲ្យ​ដឹង​បន្ថែមថា នៅក្នុង​ពិធីបុណ្យ​សាសនា​របស់​ខ្មែរ​មានការ​រៀបចំ​បង្កើត​ជា​ការ​ប្រណាំង​ទូកង​បុរស​នារី​ទូក​អុំ​បុរស​និង​ទូក​ចែវ​បុរស​និង​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ផ្សេងៗ ហើយ​បើ​ផ្អែក​តាម​លក្ខណៈសម្បត្តិ​របស់​កោះ​ដាច់​ ដែល​មាន​ធនធានធម្មជាតិ​និង​ប្រពៃណី​ដ៏​ល្អ​នោះ​ទៅ​ថ្ងៃ​អនាគត​បើ​យើង​មានលទ្ធភាព​គ្រប់គ្រាន់​នឹង​រៀបចំ​ដែនដី​កោះ​នេះ​ឲ្យ​ក្លាយ​ជា​មណ្ឌល​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​ខេត្ត​ដោយ​ជួយ​ពង្រឹង​សិប្បកម្ម​តម្បាញ​និង​ជួយ​សិប្បករ​ ដែល​មាន​ទេពកោសល្យ​ខ្ពស់​ពង្រីក​សិប្បកម្ម​តម្បាញ​ហូល ផាមួង ក្រមា​សូត្រ​ដែល​មាន​គុណភាព​អន្តរជាតិ​ទុក​សម្រាប់​លក់​ជូន​ភ្ញៀវ​ទេសចរ​ដែល​មកលេង​កម្សាន្ត​នៅ​តំបន់​កោះដាច់​នេះ។

តាម​ការ​និយាយ​ឲ្យ​ដឹង​ពី​លោក​ប៉ាត់ អ៊ែ​ល​បាន​បញ្ជាក់​ថា នៅ​ពេល​ជួសជុល​បណ្ដាញ​ផ្លូវលំ​ក្នុង​ឃុំ​ឲ្យ​បាន​សមរម្យ​រៀបចំ​ភូមិករ​បាន​ស្អាតបាត​ដោយ​សង់​ជា​ផ្ទះ​បុរាណ​ខ្មែរ​អប់រំ​ប្រជាជន​ឲ្យ​រក្សា​បាន​នូវ​ប្រពៃណី​ដូចជា​ឥរិយាបថ​ក្នុង​ការ​រស់នៅ​សំលៀកបំពាក់​និង​ល្បែង​ប្រជាប្រិយ​ជាដើម​នោះ​និង​កែលំអ​តំបន់​ក្បាលកោះ​ឲ្យ​ក្លាយ​ជា​កន្លែង​ងូតទឹក​កម្សាន្ត​ដោយមាន​ឆ្នេរ​ខ្សាច់​មាន​ផ្ទះ​សំណាក់ ភោជ​នីយដ្ឋាន អាហារដ្ឋាន​ដែល​រក្សា​បាន​នូវ​អនាម័យ​ល្អ​ពង្រីក​ក្រុម​ទូកង​បុរស​នារី​ឲ្យ​មាន​សកម្ម​ភាព​រស់រវើក​ក្នុង​ពេល​បុណ្យជាតិ​និង​បុណ្យ​សាសនា​ផ្សេងៗ​នោះ​យើង​ជឿ​ជាក់​ថា តំបន់​ដែល​ល្បីល្បាញ​ខាង​សិប្បកម្ម​តម្បាញ​ខ្មែរ​កោះដាច់​នឹងមាន​កេរ្តិ៍ឈ្មោះ​ល្បី​កាន់​តែខ្លាំង​ឡើង​ជាក់​ជាមិនខាន​៕

​ ​

​ ​
​ ​