អាងទឹក ចុង​សា​រ៉ា​យ ឬ​ហៅថា អាងទឹក​ច្រក​សណ្តាយ​ នៅ​ស្រុក​បារាយណ៍ ត្រូវ​បាន​គេ​លក់

អាងទឹក ចុង​សា​រ៉ា​យ ឬ​ហៅថា អាងទឹក​ច្រក​សណ្តាយ​ នៅ​ស្រុក​បារាយណ៍ ត្រូវ​បាន​គេ​លក់



ភ្នំពេញ ​៖ ​អាងទឹក ចុង​សា​រ៉ា​យ ឬ​ហៅថា អាងទឹក ច្រក​សណ្តាយ ស្ថិតនៅ​ក្នុង​ភូមិ​រពាក់​ពេន ឃុំ​ទ្រា ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ មាន​ទំហំ​១.០០០​ម៉ែត្រ ​គុណ​នឹង​១.០០០​ម៉ែត្រ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​លួច​យក​ទៅ​លក់ រហូត​កើតជា​ជម្លោះ​ប្ដឹង​ផ្ដល់​គ្នា​ដល់​តុលាការ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​នៅ​ក្នុង​ហ្វេស​បុក​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម សូម​បញ្ជាក់​ជូន​ថា អាងទឹក ចុង​សា​រ៉ា​យ ឬ​ហៅថា អាងទឹក ច្រក​សណ្តាយ ត្រូវ​បាន​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​កសាង​ឡើង​កាលពី​ឆ្នាំ​២០០៥ ក្រោម​ការឧបត្ថម្ភ​ថវិកា​ពី​អង្គការ IFAD ( International Fund for Agricultural Development)​ ដើម្បី​ផ្គត់ផ្គង់​ទឹក​ដល់​ស្រែ​កសិករ​នៅ​តំបន់​នោះ ប្រមាណ​៣៥០​ហិកតា ព្រមទាំង​បាន​បង្កើត​ជា​សហគមន៍​កសិករ​ប្រើ​ប្រាស់​ទឹក​អាង​នេះ​រួចរាល់​ហើយ​ផង​ដែរ។​ ប៉ុន្តែ​ស្ងាត់ៗ នាំគ្នា​យក​អាងទឹក​របស់​រាជរដ្ឋាភិបាល​ទៅ​លក់ !​រហូត​កើតជា​ជម្លោះ ប្ដឹងផ្ដល់​គ្នា​ដល់​តុលាការ។

ប្រភព​ដែល​កាសែត​កម្ពុជា​ថ្មី​ទទួល​បាន​ឲ្យ​ដឹង​ថា អាងទឹក ចុង​សា​រ៉ា​យ ត្រូវ​បាន​រាជ​រដ្ឋា​ភិ​បាល​ឲ្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម កសាង​ឡើង​កាលពី​ឆ្នាំ​២០០៥ ក្រោម​ការឧបត្ថម្ភ​ថវិកា​ពី​អង្គការ IFAD ក្រោយពី​សាងសង់​រួច​រាជរដ្ឋាភិបាល​បាន​ប្រគល់​ទៅ​ឲ្យ​សហគមន៍​នៅ​តំបន់​នោះ គ្រប់គ្រង​ និង​ប្រើប្រាស់ ដើម្បី​ផ្គត់ផ្គង់​ទឹក​ដល់​ស្រែ​កសិករ​នៅ​តំបន់​នោះ​ប្រមាណ​៣៥០​ហិកតា។​ ប៉ុន្តែ​មួយ​រយះ​ចុងក្រោយ​នេះ មាន​ក្រុម​ឈ្មួញ​បាន​ទៅ​ដី និង​បំផុស ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​រុក​រាន​ដី ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ លក់ ដី អាង ទៅ​ឲ្យ​ឈ្មួញ ពលរដ្ឋ​ខ្លះ​ព្រម​លក់​ ខ្លះ​មិន​ព្រម​លក់ រហូត ធ្វើ​ឲ្យ​មាន​ទំនាស់​គ្នា ប្ដឹងផ្ដល់​គ្នា​ដល់​តុលាការ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជានា​យក​ខុទ្ទកាល័យ ក្រសួង​ធន​ធាន​ទឹក ​និង​ឧតុនិយម​បាន​ប្រាប់​កាសែត​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ថា អាងទឹក​ខាងលើ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មានការ​កត់ត្រា​ក្នុង​បញ្ជីសារពើភណ្ឌ​របស់​ក្រសួង គ្មាន​ជន​ណា​ម្នាក់​មាន​សិទ្ធិ​លក់ដូរ​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឡើយ។​

លោក​បន្ថែម​ថា​ «រឿង​លក់ដូរ ជា​រឿង​របស់​អ្នកលក់ និង​អ្នកទិញ។ រឿង​ប្ដឹងផ្ដល់​គ្នា ជា​រឿង​របស់​គូវិវាទ។ ឯ​រឿង​គ្រប់គ្រង និង​បន្ត​គ្រប់គ្រង ជួសជុល ថែទាំ​អាងទឹក​នេះ ដើម្បី​បម្រើ​ជា​ប្រយោ​ជន៍​ដល់​សាធារណជន គឺជា​ភារកិច្ច​របស់​ក្រសួង​»។​ ប៉ុន្តែ​ទោះបីជា​យ៉ាង​នេះ​ក្តី​អ្នកនាំពាក្យ​រូប​នោះ​មិនបាន​បញ្ជាក់​ពី​ក្រុម​អ្នកលក់​ដី​អាង​នោះ​ជា​អ្នកណា​នោះ​ទេ៕​

អាងទឹក ចុង​សា​រ៉ា​យ ឬ​ហៅថា អាងទឹក​ច្រក​សណ្តាយ​ នៅ​ស្រុក​បារាយណ៍ ត្រូវ​បាន​គេ​លក់

អាងទឹក ចុង​សា​រ៉ា​យ ឬ​ហៅថា អាងទឹក​ច្រក​សណ្តាយ​ នៅ​ស្រុក​បារាយណ៍ ត្រូវ​បាន​គេ​លក់