បញ្ជូន​ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប

បញ្ជូន​ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប



សៀមរាប​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​មីនា ឆ្នាំ​២០១៦ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ និង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

នៅ​វេលា​ម៉ោង​១៤​និង​០០​នាទី ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​រួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម​ បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​សម្រួល​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​ ហើយ​រក​ឃើញ​ជនសង្ស័យ​ម្នាក់​ស្ថិត​ក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម​ក្រុង​-​ខេត្ត​សៀមរាប មានការ​សង្ស័យ​ពាក់ព័ន្ធ​ករណី​សម្រួល​ឲ្យ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ ពេលនោះ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​សួរនាំ​នៅ​ការិយាល័យ​នគរបាល​ជំនាញ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍​ទោ​ អ៊ុំ​ សា​អាត ​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ខាងលើ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​សម្រួល​ឲ្យ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ពិតប្រាកដ​មែន​។​

លោក​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ម្នាក់​នេះ​មាន ១-​ឈ្មោះ មាស សា​រ័ត្ន ហៅ​អា​ខ្មៅ ភេទ​ប្រុស កើត​នូវ​ឆ្នាំ​១៩៨៤ មុខរបរ​ជាង​ពិតាន ​ស្នាក់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម​ក្រុង​-​ខេត្ត​សៀមរាប។

បច្ចុប្បន្ន​ ជនសង្ស័យ​ម្នាក់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា​ ឆ្នាំ​២០១៦ ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវ​ច្បាប់៕