សាលាឧទ្ធរណ៍​បដិសេធ​មិន​ឲ្យ​​លោក​មាជ ​សុវណ្ណរ៉ា​ នៅ​ក្រៅ​ឃុំ

សាលាឧទ្ធរណ៍​បដិសេធ​មិន​ឲ្យ​​លោក​មាជ ​សុវណ្ណរ៉ា​ នៅ​ក្រៅ​ឃុំ



ភ្នំពេញ ​៖​ សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែ​មីនា ​ឆ្នាំ​២០១៦​នេះ ​បាន​បដិសេធ​មិន​ឲ្យ​លោក​មាជ ​សុវណ្ណរ៉ា ​នៅ​ក្រៅ​ឃុំ​ ដើម្បី​ទៅ​ព្យាបាល​របួស​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ​ពោល​គឺ​បន្ត​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ដដែល​រង់ចាំ​ការ​ជំនុំជម្រះ​លើ​អង្គ​សេចក្ដី។

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ​ដំបូង​ឡើយ ​នៅ​ព្រឹក​នេះ ​សាលាឧទ្ធរណ៍​បាន​ធ្វើ​​ការ​ជំនុំជម្រះ​​ជនជាប់ចោទ​១១​នាក់ ​​​ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ទុក្ខ​មិន​សុខ​ចិត្ត​នឹង​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ពេល​ចាប់​ផ្ដើម​ជំនុំជម្រះ​នោះ ​សម្រាប់​តែ​លោក​មាជ ​សុវណ្ណ​ ​បាន​ស្នើ​ឲ្យ​តុលាការ​ជំនុំជម្រះ​​មុន​អង្គសេចក្ដី ​លើ​សំណុំរឿង​របស់​លោក​ ដែល​សុំ​នៅ​ក្រៅ​ឃុំ ​ដើម្បី​ទៅ​ព្យាបាល​របួស​នៅ​ក្រៅ​ប្រទេស។ ដោយ​មាន​ការ​ស្នើ​សុំ​បែប​នេះ​ តុលាការ​ក៏​ធ្វើ​ការ​ជំនុំជម្រះ​លើ​សំណុំ​រឿង​របស់​លោក ​ហើយ​ចុង​ក្រោយ​បាន​សម្រេច​បដិសេធ​មិន​ឲ្យ​លោក​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ព្យាបាល​របួស និង​នៅ​ក្រៅ​ឃុំ​នៅ​ទេ ​ពោល​គឺ​បន្ត​​​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ជាមួយ​ជនជាប់ចោទ​ផ្សេង​ទៀត​ដដែល​ រង់ចាំ​ការ​ជំនុំជម្រះ​​លើ​អង្គសេចក្ដី។ តែ​ការ​​ជំនុំជម្រះ​លើ​អង្គ​សេចក្ដី​ ដែល​គ្រោង​ធ្វើ​នៅ​ព្រឹក​មិញ​នេះ ​នោះ ​តុលាការ​បាន​លើក​ពេល​​​ ដោយ​មិន​បាន​កំណត់​ពេលវេលា។

គួរ​បញ្ជាក់​ថា ​ជន​ជាប់ចោទ​ទាំង​១១​រូប​នោះ​ រួមមាន​ឈ្មោះ​ ​៖ ​មា​ជ សុវណ្ណារ៉ា​, អឿ ណារិន​, ឃិន រឿន ហៅ ឃិន ចំរើន​, នាង សុ​ឃុន​, សាន គឹម​ហេង​, ស៊ុ ពុ​ទ្ធី​, កែ ឃីម ហៅ វិ​ន ឌី​, ទេព ណារិន​, អាន បឋម ហៅ សុខុម​, សាន សីហៈ​, និង អ៊ុក ពេជ្រ​សំណាង។

ខណៈ​ពេល​កំពុង​ជំនុំជម្រះ​ នៅ​ខាង​ក្នុង​សាលាឧទ្ធរណ៍​ នា​ព្រឹក​ថ្ងៃ​ទី១៧ ​ខែ​មីនា​នោះ​ ​​នៅ​ខាងក្រៅ​ សាលាឧទ្ធរណ៍​វិញ ​​មានការ​ប្រមូល​ផ្តុំ​របស់​សកម្មជន ​គណបក្សប្រឆាំង​ ​​ប្រហែល​៦០​នាក់ ក្នុង​គោលបំណង មក​គាំទ្រ និង​រង់ចាំ​ស្តាប់​ការ​បើក​សវនាការ​លើ​សំណុំរឿង​មួយ​នេះ។

សូម​រំលឹក​ថា ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ពាក់កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៥ កន្លងទៅ បាន​ផ្ដន្ទាទោស​សកម្មជន ​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​រូប​ចន្លោះ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពី​បទ ចូលរួម​ក្នុង​ចលនា​កុបកម្ម តាម​មាត្រា​៤៥៧ នៃ​ក្រមព្រហ្មទណ្ឌ និង បទ​ដឹកនាំ​កុបកម្ម តាម​មាត្រា​៤៥៩ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​លើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤៕

 

សាលាឧទ្ធរណ៍​បដិសេធ​មិន​ឲ្យ​​លោក​មាជ ​សុវណ្ណរ៉ា​ នៅ​ក្រៅ​ឃុំ

សាលាឧទ្ធរណ៍​បដិសេធ​មិន​ឲ្យ​​លោក​មាជ ​សុវណ្ណរ៉ា​ នៅ​ក្រៅ​ឃុំ