តូចចិត្ត​សុំ​លុយ​ឪពុក​មិនបាន​គ្រប់​ចំនួន ហ៊ាន​ធ្វើ​អត្តឃាត​​ខ្លួន​ឯង​

តូចចិត្ត​សុំ​លុយ​ឪពុក​មិនបាន​គ្រប់​ចំនួន ហ៊ាន​ធ្វើ​អត្តឃាត​​ខ្លួន​ឯង​



បាត់ដំបង ៖ យុវវ័យ​ជំទង់​ម្នាក់ ​ដែល​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា ហ៊ាន​ដាច់ចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចង.ក​​ដើម្បី​បញ្ចប់ជីវិត ដោយសារតែ​ការ​ព្យាយាម​សុំ​លុយ​ឪពុក​ឲ្យ​បាន​គ្រប់​ចំនួន​តាម​បំណង​មិនបាន ក៏​ហ៊ាន​ធ្វើ​បែបនេះ។​

​ករណីនេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រទះឃើញ​នៅ​វេលា​ម៉ោង១១និង​២០​នាទី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ក្រុម​ទី​៩ ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់​ខេត្តបាត់ដំបង ដោយ​ជនរងគ្រោះ​មាន​ឈ្មោះ មៀ​ច ផល្លា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ រស់នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ គឺ​បាន​ធ្វើ​អត្ត​ឃា​ត​ដោយ​យក​ខ្សែ​នីឡុង​មក​ចង.ក​ទៅ​នឹង​ធ្នឹម​ផ្ទះ​ក្នុង​បន្ទប់​ ដើម្បី​សម្លាប់​ខ្លួន។​

​តាម​ការ​អះអាង​ពី​ឪពុក​របស់​ជនរងគ្រោះ​បាន​និយាយ​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​គឺ​កូនប្រុស​របស់​គា​ត់​តែងតែ​ព្យាយាម​សុំ​លុយ​ពី​គាត់​ចំនួន​១០០០​បាត ដោយ​មិន​ដឹង​ថា​ គេ​ត្រូវ​យក​ទៅ​ចំណាយ​លើ​អ្វី​នោះ​ទេ ទោះជា​គាត់​តាម​សួរដេញដោល​យ៉ាងណាក៏ដោយ ក៏​គេ​មិន​ព្រម​ប្រាប់​ដែរ។​

​លោក​បាន​បន្ត​ថា ដោយសារតែ​ការ​រំអុក​នេះ​វា​ញឹកញាប់​ខ្លាំងពេក លោក​ក៏​ឈប់​សួរដេញដោល ហើ​យ​ក៏​បាន​ប្រគល់​លុយ​ទៅ​ឲ្យ​ចំនួន​៦០០​បាត គឺ​មានន័យថា​ ការ​ឲ្យ​​លុយ​ទៅ​កូន​នេះ​មិនបាន​គ្រប់​តាម​សំណូមពរ​របស់​កូន​ឡើយ។ ស្រាប់តែ​នៅ​ថ្ងៃ​កើត​ហេតុ​ខាងលើ ក៏​មាន​ការ​ភ្ញាក់ផ្អើល​ដោយសារតែ​ក្រុម​គ្រួសារ​របស់​គាត់​ បាន​ប្រទះឃើញ​កូនប្រុស​របស់​គាត់​បាន​ធ្វើ​អត្តឃាត​ដោយ​ចង.ក​សម្លាប់​ខ្លួន​នៅក្នុង​បន្ទប់​បាត់​ទៅ​ហើយ ដែល​ធ្វើ​ឲ្យ​រូបលោក​មាន​វិប្បដិសារី​យ៉ាង​ខ្លាំង ដោយសារតែ​មិនបាន​បំពេ​ញ​តាម​តម្រូវការ​របស់​កូន។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​ត្រួតពិនិត្យ​ដោយ​បាន​បញ្ជាក់​ថា ជនរងគ្រោះ​ពិតជា​បា​ន​ធ្វើ​អត្តឃាត​យ៉ាង​ពិត​ប្រាកដ ដោយ​មិន​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឃាតកម្ម​អ្វីមួយ​នោះ​ឡើយ ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​ក៏បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ ដើម្បី​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

តូចចិត្ត​សុំ​លុយ​ឪពុក​មិនបាន​គ្រប់​ចំនួន ហ៊ាន​ធ្វើ​អត្តឃាត​​ខ្លួន​ឯង​