ក្រសួងបរិស្ថាន​ និង​ក្រុមហ៊ុន​កូកាកូឡា ​ចុះ​កិច្ចព្រមព្រៀង​សហ​ប្រតិបត្តិការ​លើក​កម្ពស់​បរិស្ថាន​នៅ​កម្ពុជា​

ក្រសួងបរិស្ថាន​ និង​ក្រុមហ៊ុន​កូកាកូឡា ​ចុះ​កិច្ចព្រមព្រៀង​សហ​ប្រតិបត្តិការ​លើក​កម្ពស់​បរិស្ថាន​នៅ​កម្ពុជា​



ភ្នំពេញ​ ៖ ​ក្រសួងបរិស្ថាន ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ ជាមួយ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូកាកូឡា​ ដើម្បី​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​រួម​គ្នា​ក្នុង​ការ​លើក​កម្ពស់​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង។

អនុស្សរណៈ​ដែល​មាន​រយៈ​ប្រមាណ​៥​ឆ្នាំនេះ​ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​លោក ​សាយ សំ​អាល់ រដ្ឋមន្ត្រី​ នៃ​ក្រសួងបរិស្ថាន ​និង​តំណាង​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូកាកូឡា។​
លោក​ ដេវីដ​ តំណាង​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូកាកូឡា​បាន​មានប្រសាសន៍​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ថា ​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​មិន​ត្រឹមតែ​រំពឹង​ទុក​ថា​ទទួល​បាន​នូវ​ប្រាក់​ចំណេញ​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​ត្រូវ​កំណត់​នូវ​គោលបំណង​ច្បាស់លាស់​របស់​ខ្លួន​នៅ​ក្នុង​សហគមន៍ ដែល​ពួកគេ​មាន​ប្រតិបត្តិការ​អាជីវកម្ម ដោយ​ចូលរួម​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​បរិស្ថាន និង សង្គម ដែល​សហគមន៍​នោះ​ជួបប្រទះ។​

លោក​បន្ត​ថា ​«​និរន្ត​ភាព​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏ដូចជា​ក្រុម​ហ៊ុន កូ​កា​-​កូ​ឡា នៅ​ទូទាំង​សកលលោក។ ដូចនេះ​នៅ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា យើង​បាន​រួម​បញ្ចូល​យុទ្ធសាស្ត្រ​និរន្តរភាព​ទៅ​ក្នុង​ក្របខ័ណ្ឌ​ប្រតិបត្តិការ និង​យុទ្ធសាស្ត្រ​អាទិភាព​អាជីវកម្ម​របស់​យើង ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​និរន្ត​ភាព​ដែល​បាន​កំណត់ និង​ឆ្លើយ​តប​តាម​តម្រូវការ​របស់​សហគមន៍​ដែល​យើង​មាន​ប្រតិបត្តិការ​អាជីវកម្ម​»។

លោក​បន្ថែម​ថា ​«​យើង​អាច​ធ្វើ​ដូចនេះ​បាន ដោយមាន​កិច្ច​សហ​ប្រតិបត្តិការ​ភាគី​គូ​ពាក់ព័ន្ធ​ទាំង​អស់​ដែល​យើង​ហៅថា “​កិច្ចសហការ​​ត្រីកោណមាស ​”រវាង​វិស័យ​ឯកជន រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ហើយ​កិច្ចសហការ​នេះ​នឹង​នូវ​តែ​បន្ត​ទៅមុខ។ ជាក់ស្ដែង​ថ្ងៃនេះ យើង​មាន​វត្តមាន​នៅ​ទី​នេះ ដើម្បី​ចាប់ផ្ដើម​ចង​សម្ពន្ធភាព​ជា​ផ្លូវការ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​»។ តំណាង​ក្រុម​កូកាកូឡា​បានបញ្ជាក់​ថា​ កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ក្រសួងបរិស្ថាន​រួមមាន ​លើកកម្ពស់​ការ​អភិវឌ្ឍ​សង្គម​នៅ​ក្នុង​គោលដៅ​និរន្ត​ភាព​សហគមន៍ និង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ផ្នែក​បរិស្ថាន​។​ ជួយ​លើក​កម្ពស់​សមភាព​យេនឌ័រ​ក្នុង​សហគមន៍​។ ​ផ្តល់​ឱកាស​ដល់​មន្ត្រី​របស់​ក្រសួង និង​និយោជិក​ក្រុម​ហ៊ុន​ក្នុង​ការ​កសាង​សមត្ថភាព​។

​ផ្ដល់​ការ​សហការ​គ្រប់គ្រង​លើ​កម្មវិធី “​ទឹក​ស្អាត​សម្រាប់​សហគមន៍​” របស់ កូ​កា​-​កូ​ឡា​ និង​ផ្តល់​ការ​សហការ​រៀបចំ​ព្រឹត្តិការណ៍​/​យុទ្ធនាការ​បរិស្ថាន​ទាំង​នៅ​ក្នុង​ទីក្រុង និង​នៅ​តាម​បណ្ដា​ខេត្ត ព្រម​ទាំង​ផលិត​ខ្សែ​វីដេអូ​ឯកសារ និង​ស្តត​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​ពី​បរិស្ថាន។​

លោក​ ដេវីដ​ បាន​ឲ្យ​ដឹង​ទៀត​ថា ​យើង​បាន​យល់ដឹង​អំពី​តួនាទី​សំខាន់ ​នៃ​ការ​ច្នៃប្រឌិត និង បច្ចេកវិទ្យា​ថ្មី ដើម្បី​ដើរ​ឲ្យ​ទាន់​ទៅ​នឹង​ល្បឿន​ នៃ​ការ​ផ្លាស់ប្ដូរ។ រោងចក្រ​ផលិត​ថ្មី​របស់​យើង​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ត្រូវ​បាន​សាងសង់​ឡើង ​ដោយ​បញ្ចូល​រួច​ជាស្រេច​នូវ​ការ​គិតគូរ​លើ​ថាមពល និង​បរិស្ថាន​ រួមបញ្ចូល​នូវ​ការដំឡើង​ប្រព័ន្ធ​បន្ទះ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ដើម្បី​ប្រមូល និង​បម្លែង​ពន្លឺ​ព្រះអាទិត្យ​ទៅជា​ថាមពល​នៅ​លើ​ដំបូល​រោងចក្រ​ថ្មី​របស់​យើង។ ព្រោះថា​ថាម​ពល​ពន្លឺ​ព្រះអាទិត្យ​ជា​ប្រភព​ថាមពល​កកើត​ឡើងវិញ និង​ល្អឥតខ្ចោះ​ដែល​អាច​រក​បាន​នៅ​លើ​ភព​ផែនដី​នេះ យើង​នឹង​បន្ត​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ក្នុង និង​ក្រៅ​ស្រុក​របស់​យើង ដើម្បី​អភិវឌ្ឍន៍​ទូទឹកកក​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​សម្រាប់​ដៃគូ​អាជីវកម្ម​របស់​យើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

លោក​ សាយ​ សំ​អាល់​ បាន​មានប្រសាសន៍​ថា​ ការ​ចុះ​ហត្ថលេខា​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ភេសជ្ជៈ​កូកាកូឡា​នាពេលនេះ​ ពិត​ជា​មាន​សារសំខាន់​ណាស់​ក្នុង​គោលដៅ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ទាំងសងខាង​ ទាំង​មន្ត្រី​បរិស្ថាន​ និង​បុគ្គលិក​ក្រុមហ៊ុន​កូកាកូឡា​ និង​រួមគ្នា​ផលិតកម្ម​វិធី​អប់រំ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ពី​បញ្ហា​បរិស្ថាន​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ ខ្ញុំ​មានការ​ត្រេកអរ​ដែល​ក្រុមហ៊ុន​កូកាកូឡា​បាន​ឆ្លើយតប​ទៅ​នឹង​សំណូមពរ​របស់​ក្រសួង​ពាក់ព័ន្ធ​ វិស័យ​បរិស្ថាន​រួមមាន ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ ការ​រៀបចំ​អគារ​សមស្រប​នឹង​អគារ​បៃតង​។​ ក្រៅ​ពី​នេះ​ ក្រុមហ៊ុន ​នឹង​ចាប់ដៃ​ជាមួយ​ក្រសួង​ក្នុង​ការ​ផ្តល់​ទឹក​ស្អាត​តំបន់​សហគមន៍​ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន៕
ក្រសួងបរិស្ថាន​ និង​ក្រុមហ៊ុន​កូកាកូឡា ​ចុះ​កិច្ចព្រមព្រៀង​សហ​ប្រតិបត្តិការ​លើក​កម្ពស់​បរិស្ថាន​នៅ​កម្ពុជា​

ក្រសួងបរិស្ថាន​ និង​ក្រុមហ៊ុន​កូកាកូឡា ​ចុះ​កិច្ចព្រមព្រៀង​សហ​ប្រតិបត្តិការ​លើក​កម្ពស់​បរិស្ថាន​នៅ​កម្ពុជា​