ជនសង្ស័យ​២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​៧​មករា ឃាត់ខ្លួន​

ជនសង្ស័យ​២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​៧​មករា ឃាត់ខ្លួន​



ភ្នំពេញ​ ៖ ជនសង្ស័យ​២​នាក់​ក្នុងចំណោម​បក្សពួក​៣​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​៧​មករា ឃា​ត់​ខ្លួន​បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​បុរស​ម្នាក់​ ដែល​កំពុង​ឈរ​ក្បែរ​រថយន្ត ចំណុច​សណ្ឋា​គារ​អេ​សា​ភេ​លេស តាម​បណ្ដោយ​ផ្លូវ​៩៣ ក្នុង​សង្កាត់​អូរឫស្សី​៤ ខណ្ឌ​៧​មករា​។​

​ជនសង្ស័យ​ទី​១ មានឈ្មោះ គឹម ឆាយ​ហួត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២០ ផ្លូវ​D៧២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ មុខរបរ​មិន​ពិតប្រាកដ​។ ជនសង្ស័យ​ទី​២ ឈ្មោះ ប៉ុល ផា​ណា​រ័ត្ន ភេ​ទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ម្ដុំ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​ចំការ​មន ជា​សិស្ស​សាលា​វត្ត​កោះ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ នា​ប វណ្ណៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​នៅ​ភូមិ​៥ សង្កាត់​អូរ​ឫ​ស្សី​៤ ខណ្ឌ​៧​មករា​។​

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនរងគ្រោះ​កំពុង​ឈរ​ក្បែរ​រថយន្ត ចំណុច​សណ្ឋាគារ​អេ​សា​ភេ​លេស តាម​បណ្ដោយ​ផ្លូវ​៩៣ ក្នុង​សង្កាត់​អូរឫស្សី​៤ ខណ្ឌ​៧​មករា ស្រាប់​តែ​មាន​ជនសង្ស័យ​៣​នាក់ ​ជិះ​ម៉ូតូ​១​គ្រឿង​ ម៉ាក Fino ពាក់​ស្លាក​លេខ​ភ្នំពេញ​1CY-6124 ធ្វើ​សកម្មភាព​ឆក់​ទូរ​ស័ព្ទ​ដៃ​ម៉ាក​iphone5 ​ពី​ជនរងគ្រោះ រួច​បាន​ព្យាយាម​គេចខ្លួន​តែ​មិនបាន​សម្រេច​ត្រូវ​នគរបាល​ខណ្ឌ​៧​មករា ឃាត់ខ្លួន​បាន២នាក់។​

​បច្ចុប្បន្ន​ជនសង្ស័យ ​ត្រូវ​បាន​នគរបាល​ឃុំខ្លួន​បណ្ដោះអាសន្ន ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​សួរនាំ​ និង​ចាត់ការ​តាម​នីតិវិធី​៕​