នារី​ម្នាក់ ​សុំ​រថយន្ត​គេ​ជិះ​ត្រូវ​ម្ចាស់​រថយន្ត​រំលោភ​សេពសន្ថវៈ

នារី​ម្នាក់ ​សុំ​រថយន្ត​គេ​ជិះ​ត្រូវ​ម្ចាស់​រថយន្ត​រំលោភ​សេពសន្ថវៈ



កំពង់ចាម​ ៖​ នារី​ម្នាក់ ​ត្រូវ​គេ​ប្រទះឃើញ​ដេក​សន្លប់​នៅ​តាម​ផ្លូវ​លំ​ ស្ថិតនៅ​ភូមិ​ក្រឡែង​កើត ឃុំ​ស្វាយ​រាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។

លោក​អ៊ិត តារា ​អធិការ​ នគរបាល​ស្រុក​ចំការលើ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦​ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា​ មាន​នារី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ដេក​សន្លប់​នៅ​កន្លែង​ខាងលើ។

ភ្លាម​នោះ ​សមត្ថកិច្ច​ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ នាំ​ស្ត្រី​រងគ្រោះ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំការលើ។

ក្រោយពី​ដឹងខ្លួន​នារី​រងគ្រោះ​បាន​ប្រាប់​ថា ​នាង​មាន​ឈ្មោះ​ក.ស.ក អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។

នារី​រងគ្រោះ​បាន​បញ្ជាក់​ថា ម្ដាយ​របស់​នាង​បាន​ស្លាប់​យូរ​ហើយ ចំណែក​ឪពុក​បាន​យកប្រពន្ធ​ថ្មី ហើយ​រស់នៅ​ជាមួយគ្នា​នៅ​ខេត្ត​រតនគីរី។ ក្រោយមក​នាង ​​ ក៏​មាន​ជំងឺ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ស្មារតី​មិន​ប្រក្រតី ហើយ​ត្រូវ អង្គការ​មួយ​យក​​​ទៅ​នៅ​ភ្នំពេញ​តែ​នាង​មិន​ចាំ​អង្គការ​នោះ​ឈ្មោះ​អី​ទេ​។

នារី​រងគ្រោះ ​បន្ត​ថា ថ្មីៗ​នេះ នាង​បាន​រត់​ចេញពី​អង្គការ​នោះ ហើយ​មកដល់​ខេត្តកំពង់ធំ។ នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល ៨​ព្រឹក នាង​បាន​សុំ​រថយន្ត​គេ​ជិះ ដែល​ក្នុង​រថយន្ត​នោះ​មាន​មនុស្ស​ប្រុស​៤​នាក់​។ នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ នាង​ត្រូវ​គេ​បញ្ច្រក​ថ្នាំ ហើយ​នាង​ក៏ត្រូវ​បាត់ស្មារតី តែ​ដឹង​ថា នាង​ត្រូវ​គេ​រំលោភ​សេពសន្ថវៈ។

លោក​អធិការ​បន្ត​ថា តាម​ការពិនិត្យ​ធ្វើ​កោសល្យវិច័យ​របស់​គ្រូពេទ្យ បញ្ជាក់​ថា នារី​រងគ្រោះ​ត្រូវ​គេ​រំលោភ​សេពសន្ថវៈ​មែន។

នារី​រងគ្រោះ​បាន​ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ ស្រុក​ចំការលើ រង់ចាំ​​​ជាសះស្បើយ​នឹង​បញ្ជូន​ទៅ​ស្រុកកំណើត​វិញ៕

នារី​ម្នាក់ ​សុំ​រថយន្ត​គេ​ជិះ​ត្រូវ​ម្ចាស់​រថយន្ត​រំលោភ​សេពសន្ថវៈ