ខឹង​សុំ​លុយ​ប្រពន្ធ​ទិញ​ថ្នាំញៀន​មិនបាន​ រករឿង​ធ្វើបាប ​និង​វាយ​របស់របរ​ក្នុងផ្ទះ​

ខឹង​សុំ​លុយ​ប្រពន្ធ​ទិញ​ថ្នាំញៀន​មិនបាន​ រករឿង​ធ្វើបាប ​និង​វាយ​របស់របរ​ក្នុងផ្ទះ​



ភ្នំពេញ ៖ ​បុរស​ម្នាក់ ​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ចាត់ការ​តាមច្បាប់​ ដោយសារតែ​លោក​ប្ដី​កំហូច​រូប​នេះ​ធ្លាប់​វាយ​ធ្វើបាប​ញឹកញាប់​ និង​វាយកម្ទេច​របស់របរ​ក្នុងផ្ទះ​ បន្ទាប់ពី​សុំ​លុយ​ប្រ​ពន្ធ​ទៅ​ទិញ​ថ្នាំញៀន​មិនបាន​ ព្រោះ​ពេល​ថ្នាំញៀន​ធ្វើ​ទុក​ម្ដងៗ​គេ​តែងតែ​ប្រព្រឹត្ត​បែបនេះ​។​ ហេតុការ​ណ៍នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ថ្ងៃទី​១៦​ ខែមីនា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាងជើង​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

​លោក​ប្ដី​កំហូច​រូប​នេះ​មាន ឈ្មោះ​ សុន ម៉ៅ អាយុ​៣៨​ឆ្នាំ​ មុខ​របរ​ធ្វើ​សំណង់ ស្នាក់នៅ​នៅ​កន្លែង​កើត​ហេតុ និង​ប្រពន្ធ​ឈ្មោះ ម៉ី ចាន់​ស្រី​រ៉ី អាយុ​៤០​ឆ្នាំ មុខរបរ​លក់​បន្លែ​មុខ​រោងចក្រ ​ស្នាក់​នៅ​ជាមួយគ្នា​។​

តាម​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ​ប្ដី​របស់​គាត់​នេះ​ទើប​ចេញពី​គុក​ ដែល​ធ្លាប់​ជាប់គុក​ជាង​១០​ឆ្នាំ​រួច​ម្ដង​មក​ហើយ ​ហើយ​ក៏​ធ្លាប់​លែងលះ​ជាមួយ​គាត់​ជិត​២០​ឆ្នាំ​មក​ហើយ​ដែរ​ ទើបតែ​ពេល​នេះ​ ខណៈ​ចេញពី​គុក​វិញ​បាន​មក​សុំ​រួមរស់​ជាមួយគ្នា​ដោយ​សន្យា​ថា ​នឹង​កែខ្លួន​តែ​មិន​ទាន់​បាន ​ប៉ុ​ន្មាន​ផង​ចរិត​ចាស់​ក៏​វិល​មកវិញ​ ដោយ​មួយថ្ងៃៗ​លោក​ប្ដី​រូប​នេះ​ឧស្សាហ៍​រករឿង​វាយ​គាត់​ញឹកញាប់​គ្មាន​រឿង​អី​ក្រៅពី​សុំ​លុយ​យក​ទៅ​ទិញ​ថ្នាំញៀន​នោះ​ទេ នៅ​ពេល​នេះ​ក៏​ដូច​លើក​មុនៗ​ដែរ បន្ទាប់ពី​សុំ​លុយ​មិនបាន​ក៏​រករឿង​វាយ​ស្ត្រី​ជា​ប្រពន្ធ​ និង​បាន​វាយកម្ទេច​របស់របរ​នៅក្នុង​ផ្ទះ​ខ្ទេច​អស់​។​

ប្រភព​នេះ​បន្ដ​ថា​ ដោយ​មិនអាច​ទ្រាំ​បាន​ជនរងគ្រោះ​ជា​ប្រពន្ធ​បាន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​បញ្ជូន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​ ដើម្បី​ឲ្យ​នគរបាល​ចាត់ការ​តាមផ្លូវ​ច្បាប់ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ថា ​ទោស​របស់​គាត់​លើក​នេះ​អាច​ជាប់គុក​ដូច​លើ​មុនៗ​ដែរ​ឬ​ក៏​យ៉ាងណា​នោះ​ទេ​៕

ខឹង​សុំ​លុយ​ប្រពន្ធ​ទិញ​ថ្នាំញៀន​មិនបាន​ រករឿង​ធ្វើបាប ​និង​វាយ​របស់របរ​ក្នុងផ្ទះ​