សាខា​កាំកុងត្រូល​ខេត្ត​កោះកុង​ ចុះ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចំណី​អាហារ ខណៈ​មានការ​រិះគន់​

សាខា​កាំកុងត្រូល​ខេត្ត​កោះកុង​ ចុះ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចំណី​អាហារ ខណៈ​មានការ​រិះគន់​



កោះកុង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦ បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ស្ដីពី​សុវត្ថិភាព​ចំណីអាហារ​ទៅដល់​សិស្សានុសិស្ស​នៅ​សាលាបឋមសិក្សា​មួយ​ចំនួន​ក្នុង​ទី​រួម​ខេត្ត ខណៈ​ការរិះគន់​ពី​ការ​បណ្ដែតបណ្ដោយ​ឲ្យ​ទំនិញ​ខូចគុណភាព​ហូរ​ចូល​ស្រុក​ខ្មែរ​នៅ​មិន​ទាន់​សាបរលាប​នៅឡើយ។

យោង​តាម​ក្រុម​ប្រជាពលរដ្ឋ​ថា ចំណីអាហារ​គ្រប់​ប្រភេទ​ដែល​មាន​ទាំង​ចំណីអាហារ​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​គីមី និង​ខូចគុណភាព​ផង​នោះ ត្រូវ​បាន​ក្រុម​ឈ្មួញ​បង្ហូរ​ចូល​តាម​ច្រក​ទ្វា​អន្តរជាតិ​ចាំ​យាម ដោយ​មិន​មាន​ការ​ត្រួតពិនិត្យ​ពី​សំណាក់​មន្ត្រី​កាំកុងត្រូល ​ដែល​ឈរ​ជើង​នៅ​ទី​នោះ​ឡើយ ដោយ​ពួកគាត់​បាន​ត្រឹម​ឈរ​ហុចដៃ​ទទួល​ប្រាក់​ពី​ក្រុម​ឈ្មួញ​ទាំងនោះ​ប៉ុណ្ណោះ។​ ជាក់ស្ដែង​នៅ​ក្នុង​ផ្សារ​ដងទង់ មាន​តូប​លក់​ជង្គង់​មាន់ ស្លាប​មាន់ និង​សាច់​មាន់​ថៃ ដែល​គេ​បាន​ដឹង​ថា វា​ជា​ចំណីអាហារ​ដែល​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ តែ​គេ​មិនដែល​ឃើញ​ក្រុម​មន្ត្រី​កាំកុងត្រូល​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នោះ​ឡើយ។ ដូច្នេះ​ការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​សុវត្ថិភាព​ចំណីអាហារ​នេះ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​ថា ធ្វើឡើង​ហាក់​គ្រាន់តែ​ល្អមើល ដើម្បី​បង្ហាញ​ថ្នាក់លើ​តែប៉ុណ្ណោះ។

ពួកគាត់​ថា ប្រសិនបើ​ខាង​មន្ត្រី​កាំកុងត្រូល​ទាំងនោះ​ប្រឹងប្រែង​បង្ការ និង​ទប់ស្កាត់​នូវ​ការ​នាំ​ចូល​នូវ​ចំណីអាហារ​មិនល្អ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​វិញ​នោះ គឺ​ប្រហែលជា​មិន​ចាំ​បាច់​ចំណាយ​ពេល​មក​ធ្វើការ​ផ្សព្វផ្សាយ​ពី​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​នោះ​ឡើយ។

ទោះជា​យ៉ាងណាក៏ដោយ ជុំវិញ​ការរិះគន់​ទាំងនេះ យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ឡាយ សុខ​សៅ​គ​ន្ធា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​កោះកុង​បានទេ ដោយសារ​ទូរស័ព្ទ​របស់​លោក​បាន​បិទ​ការ​ហៅ​ចូល៕
សាខា​កាំកុងត្រូល​ខេត្ត​កោះកុង​ ចុះ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចំណី​អាហារ ខណៈ​មានការ​រិះគន់​