ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ ជួយ​ពល​ការិនី​កម្ពុជា​ចំនួន​៥​នាក់​ទៀត​ឲ្យ​បាន​វិល​មកវិញ​

ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ ជួយ​ពល​ការិនី​កម្ពុជា​ចំនួន​៥​នាក់​ទៀត​ឲ្យ​បាន​វិល​មកវិញ​



ភ្នំពេញ​ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពល​ការិនី​កម្ពុជា​ចំនួន​០៥​រូប​ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ឲ្យ​បាន​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦ ថា ពល​ការិនី​ទាំង​០៥​រូប​នោះ​រួមមាន ទី​១-ឈ្មោះ ​អ៊​ន មុំ អាយុ ២៣​​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​ភេ ឃុំ​ម្រាម ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី តាំងពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ធ្វើការ​ជា​អ្នក​បោសសំអាត ដោយ​ចង់​ត្រឡប់មកផ្ទះ ពល​ការិនី​រូប​នេះ បាន​ទៅ​ស្ថានទូត នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០១៦ ដើម្បី​សុំ​ជួយ​ឲ្យ​បាន​ត្រឡប់​មក​កម្ពុជា​វិញ។ ពល​ការិនី អ៊​ន មុំ ត្រូវ​បាន​ស្ថានទូត​ចេញ​លិខិត​ធ្វើដំណើរ​បណ្ដោះអាសន្ន​ឲ្យ។​

ទី​២-ឈ្មោះ ទឹម ចាន់ អាយុ​២១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​មុនី​ព្រឹក្សា ឃុំ​រមាសហែក ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី ធ្វើការ​ជា​អ្នក​បោសសំអាត តាំងពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ ដោយ​ចង់​ត្រឡប់​មក​ផ្ទះ ពល​ការិនី​រូប​នេះ​បាន​ទៅ​ស្ថានទូត នៅ​ថ្ងៃ​ទី​០៣ ខែ មីនា ឆ្នាំ​២០១៦ ដើម្បី​សុំ​ជួយ​ឲ្យ​បាន​ត្រឡប់​មក​កម្ពុជា​វិញ។ ពល​ការិនី ទឹម ចាន់ ត្រូវ​បាន​ស្ថានទូត​ចេញ​លិខិត​ធ្វើដំណើរ​បណ្ដោះអាសន្ន​ឲ្យ។

ទី​៣-ឈ្មោះ​ គាំ តុំ អាយុ​២២​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​អ​ង្រ​ង ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង បាន​ទៅ​ធ្វើ​ការ​តាម​ផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៦ តាមរយៈ​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី។ ដោយ​ជួបប្រទះ​ការ​លំបាក​ក្នុង​ការងារ ពល​ការិនី​រូប​នេះ​បាន​ទៅ​ស្ថានទូត នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០១៦ សុំ​ជួយ​ឲ្យ​បាន​ត្រឡប់​មក​កម្ពុជា​វិញ។ ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​រូប​នោះ បាន​សុខចិត្ត​បង់​ពិន័យ​ឲ្យ​រដ្ឋាភិបាល ម៉ាឡេស៊ី និង​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ​ពល​ការិនី គាំ តុំ បន្ទាប់​ពី​ស្ថានទូត​បាន​ធ្វើការ​អន្តរាគមន៍។

ទី​៤-ឈ្មោះ​ ស្រ៊ី ផល្លី​ន អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ខ្នែ​ក​ក្រសាំង ឃុំ​ជី​រគ ស្រុក​ត្បូង​ឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី តាំងពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ធ្វើការ​ជា​អ្នក​បោសសំអាត។ ដោយ​ធ្វើ​ការ​លំបាក​ពេក ពល​ការិនី​រូប​នេះ​បាន​ទៅ​ស្ថានទូត នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ ២០១៦ ដើម្បី​សុំ​ជួយ​ឲ្យ​បាន​ត្រឡប់​មក​កម្ពុជា​វិញ​។ ពល​ការិនី ស្រ៊ី ផល្លី​ន ត្រូវ​បាន​ស្ថានទូត​ចេញ​លិខិត​ធ្វើដំណើរ​បណ្ដោះអាសន្ន​ឲ្យ។ និង​ទី​៥-ឈ្មោះ ឌុល ស្រី​ខួច អាយុ​២១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ខ្នែ​ក​ក្រសាំង ឃុំ​ជី​រគ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ខែ​មករា ឆ្នាំ ២០១៦ ធ្វើការ​ជា​អ្នក​បោសសំអាត។

លោក​បន្ត​ថា ដោយ​ការងារ​លំបាក ពល​ការិនី​រូប​នេះ​បាន​ទៅ​ស្ថានទូត​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៦ ដើម្បី​សុំ​ជួយ​ឲ្យ​បាន​ត្រឡប់​មក​កម្ពុជា​វិញ។ ពល​ការិនី ឌុល ស្រី​ខួច ត្រូវ​បាន​ស្ថានទូត​ចេញ​លិខិត​ធ្វើដំណើរ​បណ្ដោះអាសន្ន​ឲ្យ។

មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​លោក ជុំ សុន្ទរី បាន​បញ្ជាក់​ដែរ​ថា កំឡុង​ពេល​រង់ចាំ​ការ​ត្រឡប់​មក​កម្ពុជា​វិញ ស្ថានទូត​បាន​ផ្តល់​កន្លែង​ស្នាក់នៅ និង​ហូប​- ចុក​ជូន​ដល់​ពល​ការិនី​ទាំង​០៥​រូប​ខាងលើ ហើយ​ពល​ការិនី​ទាំង​០៥​រូប នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៧​និង​៥០​នាទី​ព្រឹក តាម​ជើង​យន្ត​ហោះ AK ៥៣៦៕