សាលា​ឧទ្ធរណ៍ ​សម្រេច​មិន​ឲ្យ ​លោក មា​ជ សុវណ្ណ​រា​ ចេញទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​

សាលា​ឧទ្ធរណ៍ ​សម្រេច​មិន​ឲ្យ ​លោក មា​ជ សុវណ្ណ​រា​ ចេញទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​



ភ្នំពេញ ៖ តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦ សាលា​ឧទ្ធរណ៍​បាន​គ្រោង​នឹង​បើក​សវនា​ការ​អង្គសេចក្ដី​តាម​បណ្ដឹង​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​នាក់ ដែល​កើតទុក្ខ​មិន​សុខចិត្ត​នឹង​សាលក្រម​របស់​តុលាការក្រុង​ភ្នំពេញ។​

ជន​ត្រូវ​ចោទ​ចំនួន​១១​នាក់ ក្នុង​នោះ​មាន​ទាំង​ លោក មា​ជ សុ​វណ្ណា​រា ប្រធាន​សហព័ន្ធ​យុវជន និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ត្រូវ​បាន​បញ្ជូន​ពី​ពន្ធនាគារ​ព្រៃ​ស​មកកាន់​សាល​ជម្រះ​ក្ដី​បាន​ទាន់​ពេល​វេលា ក្រោម​ការដឹកនាំ​ជំនុំជម្រះ​របស់​ លោក ប្លង់ សំណាង ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជ​ម្រះ និង​ លោក អ៊ឹម សុផាត ព្រះរាជអាជ្ញា​អម​សាលា​ឧទ្ធរណ៍ ជា​តំណាង​មហាអយ្យការ និង​ដោយ​មាន​ការ​ចូល​រួម​ស្ដាប់​ការ​ជម្រះ​ក្ដី​ពី​សំណាក់ ស្ថានទូត​មួយចំនួន អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នក​សារ​ព័ត៌មាន​ជាច្រើន។​

តាម​គម្រោង សវនាការ​នេះ​ជា​ការ​កាត់សេចក្ដី​ពី​បណ្ដឹង​ឧទ្ធរណ៍​របស់​ជន​ត្រូវ​ចោទ​ទាំង​១១​នាក់ ដែ​ល​មិន​សុខចិត្ត​ និង​សាលក្រម​របស់​តុលាការក្រុង​ភ្នំពេញ។ ប៉ុន្តែ​ពេល​ចូល​ដល់​ក្នុង​បន្ទប់​សវនាការ លោក មា​ជ សុ​វណ្ណា​រា និង​មេធាវី​ការពារ​ក្ដី​របស់​គាត់ បាន​ស្នើសុំ​ក្រុមប្រឹក្សា​ជំនុំជម្រះ​​សវនាការ​អង្គ​សេចក្ដី​សិន និង​សុំ​ឲ្យ​តុលាការ​បំបែកសំណុំរឿង​របស់​គាត់​ ដែល​សុំ​នៅ​ក្រៅ​ឃុំ​មក​ជម្រះ​វិញ​ ដោយ​គាត់​សុំ​ឲ្យ​តុលាការ​អនុញ្ញាត​ឲ្យ​គាត់​បាន​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស។​

ដូច្នេះ​ក្រុមប្រឹក្សាតុលាការ​ទទួលយក​សំណូមពរ​របស់ ​លោក មា​ជ សុ​វណ្ណា​រា​ ដោយ​យក​តែ​ករណី សុំ​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​មក​ជំនុំ​ជម្រះ​។​

ក្នុង​ការ​ជំនុំ​ជម្រះ​ករណីនេះ​ លោក មា​ជ សុ​វណ្ណា​រា បាន​លើក​ឡើង​ថា ក្នុង​ពេល​ជាប់ពន្ធនាគារ​គាត់​មាន​ជំងឺ​ជាច្រើន​ដូចជា​ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺ​ក្រពះ លើស​ខ្លាញ់ ​និង​លើស​ជាតិ​អា​ស៊ីត​ជាដើម ដែល​ត្រូវការ​ព្យាបាល​ពី​វេជ្ជបណ្ឌិត ​ដែល​មាន​ឯកទេស​ច្បាស់លាស់។ ដូច្នេះ​គាត់​សុំ​ឲ្យ​តុលាការ​អនុញ្ញាត​ឲ្យ​គាត់​បាន​ចេញទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ហើយ​គាត់​នឹង​ចូល​មក​ឲ្យ​តុលាការ​កាត់ទោស​វិញ។​

ក្រោយពី​ស្ដាប់​សំអាង​ហេតុ​របស់​ជនជាប់ចោទ​រួច ក្រុមប្រឹក្សា​បាន​ថយ​ទៅ​ពិចារណា ហើយ​ត្រឡប់​ម​ក​វិញ ប្រកាស​សម្រេច​មិន​ឲ្យ ​លោក មា​ជ សុ​វណ្ណា​រា ចេញទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ទេ ដោយ​បន្ត​ឃុំខ្លួន​រង់ចាំ​ការ​កាត់​ទោស​ក្នុង​បណ្ដឹង​ឧទ្ធរណ៍​របស់​លោក​តែម្ដង។​

ចំពោះ​សំណុំ​រឿង​អង្គសេចក្ដី​ជនជាប់ចោទ​ទាំង​១១​នាក់ ក្រុមប្រឹក្សាតុលាការ​នឹង​ជូន​ដំណឹង​ស្ដីពី​ការ​បើក​សវនាការ​នៅពេល​ក្រោយ។​

សូម​បញ្ជាក់​ថា ​ជន​ត្រូវ​ចោទ​ទាំង​១១​នាក់​ក្នុង​សំណុំរឿង​ញុះញង់​ឲ្យ​កើតមាន​អំពើ​ហិង្សា​លើ​ស្ពាន​នា​គ និង​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០១៤ កន្លងទៅ បណ្ដាល​ឲ្យ​ក្រុម​សន្តិ​សុខ​សាលា​ខណ្ឌ​ដូនពេញ​រង​របួស​ធ្ងន់-​ស្រាល​ជា​ច្រើន​រូប រួមមាន​ មា​ជ សុវណ្ណារ៉ា​, អឿ ណា​រិ​ទ្ធ , ឃិន រឿន ហៅ ឃិន ចំរើន​, នាង សុ​ឃុន​, សាន គឹម​ហេង​, ស៊ុំ​ពុ​ទ្ធី​, កែ ឃីម ហៅ វិ​ន ឌី​, ទេព ណា​រិន​, អាន បឋម ហៅ សុខុម​, សាន សីហៈ​, និង អ៊ុក ពេជ្រ​សំណាង។​

គួរ​បញ្ជាក់​ថា សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ពាក់កណ្ដាល​ខែកក្កដា ឆ្នាំ​២០១៥ កន្លងទៅ​បាន​កាត់ទោស ​និង​ផ្ដន្ទាទោស​សកម្មជន​ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​រូប​ចន្លោះ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ ក្នុង​ លោក មា​ជ សុ​វណ្ណា​រា និង​ លោក អឿ ណា​រិ​ទ្ធ ត្រូវ​ផ្ដន្ទា​ទោ​ដាក់​ពន្ធនាគារ​២០​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពី​បទ ចូលរួម​ក្នុង​ចលនា​កុបកម្ម តាម​មាត្រា​៤៥៧ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​ដឹកនាំ​កុបកម្ម តាម​មាត្រា​៤៥៩ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​លើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤។​

ចំណែក​ជនជាប់ចោទ ៩​នាក់​ទៀត ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៧​ឆ្នាំ ដល់ ១៨​ឆ្នាំ តាម​អំពើ​ល្មើស​របស់​ពួកគេ៕

សាលា​ឧទ្ធរណ៍ ​សម្រេច​មិន​ឲ្យ ​លោក មា​ជ សុវណ្ណ​រា​ ចេញទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​

សាលា​ឧទ្ធរណ៍ ​សម្រេច​មិន​ឲ្យ ​លោក មា​ជ សុវណ្ណ​រា​ ចេញទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​