រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ដង្ហែ​ព្រះ​បរម​សារីរិកធាតុ​មកពី​ប្រទេស​សិរី​លង្កា និង​ប្រទេស​ថៃ

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ដង្ហែ​ព្រះ​បរម​សារីរិកធាតុ​មកពី​ប្រទេស​សិរី​លង្កា និង​ប្រទេស​ថៃ



ព្រៃវែង​ ៖ លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា និង​លោកស្រី​ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ កាលពីពេល​ថ្មីៗ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ដង្ហែ​ព្រះ​បរម​សារីរិក​ធាតុ មកពី​ប្រទេស​សិរី​លង្កា និង​ប្រទេស​ថៃ ព្រមទាំង​បុណ្យផ្កា​សាមគ្គី​ដែល​ធ្វើ​នៅ​វត្ត​ជោតិ​វ័​ន្ត ហៅ​វត្ត​ជា​ច ស្ថិត​ក្នុង​ទឹកដី​ខេត្ត​ព្រៃវែង។

លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​បាន​សម្ដែង​នូវ​ក្តី​សោមនស្ស​រីករាយ​ក្រៃលែង​ចំពោះ​ញាតិមិត្ត ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដែល​បាន​លះបង់​ពេលវេលា​មក​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​យ៉ាង​ច្រើន​កុះករ ប្រកបដោយ​ភាព​សប្បាយ​រីករាយ​ឥតឧបមា ដោយ​បាន​ដង្ហែ​ព្រះ​បរម​សារីរិកធាតុ​ទុក​នៅ​ក្នុង​វត្ត​ដែល​ជាទី​សក្ការបូជា តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ព្រះពុទ្ធសាសនា នៃ​យើង​ទាំងអស់។ ជាពិសេស គឺ​ការ​លះបង់​នូវ​កម្លាំងកាយ​ចិត្ត និង​បច្ច័យ ដោយ​សទ្ធា​ជ្រះថ្លា ដើម្បី​ចូលរួម​ចាប់មគ្គផល​កសាង​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត​ជា​ច​នេះ ដែល​ជា​តំបន់​ដាច់ស្រយាល​នៅ​កៀក​នឹង​ព្រំដែន​ប្រទេស​វៀត​ណាម។

លោក​បន្ដ​ថា សព្វថ្ងៃ មាន​វត្ត​អារាម ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធ​ធារាសាស្ត្រ និង​សមិទ្ធផល​ជាច្រើន​ទៀត​រាប់មិនអស់ ក៏​ដោយសារតែ​ប្រទេសជាតិ​យើង​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ប្រាសចាក​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​បំផ្លិចបំផ្លាញ​ជីវិត​មនុស្ស សត្វ ហេដ្ឋារចនាសម្ព័ន្ធ គ្មាន​សិទ្ធិ​សេរីភាព បន្សល់ទុក​នូវ​ស្លាកស្នាម​ដ៏​ជូរចត់​ដល់ពេល​បច្ចុប្បន្ន។

លោក​បន្ដ​ថា ប៉ុន្តែ​ក្រោយ​ថ្ងៃ​រំដោះ​០៧​មករា​១៩៧៩ ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋា​ភិ​បាល ប្រទេសជាតិ​ត្រូវ​បាន​កសាង​ឡើង​ពី​បាតដៃ​ទទេ ​រហូត​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដូច​ពេល​នេះ។

ក្នុង​នោះ​វិស័យ​ព្រះពុទ្ធសាសនា ក៏​ត្រូវ​បាន​យកចិត្ត​ទុក្ខ​ដាក់​យ៉ាង​ខ្លាំង ដោយ​បាន​កសាង​វត្ត​អារាម​ជាច្រើន​ពាសពេញ​ផ្ទៃ​ប្រទេស មិន​ថា​ទីប្រជុំជន ឬ​ជនបទ​ដាច់ស្រយាល​ឡើយ លើស​ពី​នេះ​ទី​អារាម​ គឺជា​កន្លែង​ដែល​ផ្តល់​នូវ​ចំណេះដឹង​ដល់​កូនចៅ​ជំនាន់​ក្រោយ​មិន​ថា​ទាំង​វិស័យ​អាណាចក្រ ឬ​ពុទ្ធចក្រ​ក៏ដោយ ព្រោះថា ព្រះពុទ្ធសាសនា គឺជា​សាសនា​របស់​រដ្ឋ។

លោក​រដ្ឋមន្ត្រី វង សូត ក៏បាន​គូស​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​មូលដ្ឋាន​នេះ លោក​បាន​រួម​ចំណែក​ធ្វើ​សមិទ្ធផល​នានា​បាន​ច្រើន ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ពុទ្ធ​បរិស័ទ ខិតខំ​រួមគ្នា​ថែរក្សា​សមិទ្ធផល​ដែល​មាន និង​ទំនៀម​ទម្លាប់​ប្រពៃណី តាមរយៈ​ការ​គោរពវិន័យ​ធម៌​អារ​ជាដើម។​

ក្នុង​ពិធី​នោះ​ដែរ លោក វង សូត រដ្ឋមន្ត្រី និង​លោកស្រី បាន​ប្រគេន​បច្ច័យ​ចំនួន​៥​លាន​រៀល ដល់​វត្ត​ជា​ច ដើម្បី​ទុក​ចាត់ចែង​កសាង​សមិទ្ធផល​ផ្សេងទៀត និង​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ជូន​ដល់​យាយជី​តាជី លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ផង​ដែរ។ បន្ទាប់មក លោក​រដ្ឋមន្ត្រី និង​លោកស្រី ព្រមទាំង​ថ្នាក់ដឹកនាំ ពុទ្ធបរិស័ទ បាន​ដង្ហែ​ព្រះ​បរម​សារីរិកធាតុ ទៅ​ដាក់​នូវ​ទី​សក្ការៈ​បូជា តាម​ប្រពៃណី នៃ​ព្រះពុទ្ធសាសនា៕

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ដង្ហែ​ព្រះ​បរម​សារីរិកធាតុ​មកពី​ប្រទេស​សិរី​លង្កា និង​ប្រទេស​ថៃ

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ដង្ហែ​ព្រះ​បរម​សារីរិកធាតុ​មកពី​ប្រទេស​សិរី​លង្កា និង​ប្រទេស​ថៃ