លោក ហ៊ុន សែន​​​​​​ថា​​​ការ​​​​​រុះ​​​រើ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​នឹង​​​ធ្វើ​​​នៅ​​​ខែ​​​ក្រោយ​​​

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថ្ងៃ​​​នេះ​​​ថា​​​ នឹង​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​​​​សមាស​​​ភាព​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​នៅ​​​ខែ​​​ក្រោយ​​​នេះ ​​​ជា​​កំណែ​​​ទម្រង់មួយ​​​ដើម្បី​​​ពង្រឹង​​​ប្រសិទ្ធ​​​ភាព​​​ការងារ។​​​

កាល​​​ពី​​​ម្សិល​​​មិញ​​​ លោក ហ៊ុន សែន បាន​​​ដាក់​​​សំណើ​​​ទៅ​​​សភា​​​ជាតិ គឺ​​​ប៉ុន្មាន​​​សប្តាហ៍​​​ប៉ុណ្ណោះ​​​បន្ទាប់​​​ពី​​​លោក​​​​​​បាន​​​ព្រមាន​​​ជា​​​សាធារណៈ​​​​​​ដល់​​​​​​រដ្ឋ​​​មន្ត្រី​​​ខ្លះ​​​​​​ឲ្យ​​​ពង្រឹង​​​ការងារ បើ​​​ពុំ​​​ដូច្នេះ​​​ទេ នឹង​​​ត្រូវ​​​ដក​​​ចេញ​​​ពី​​​មុខ​​​តំណែង។

​ក្នុង​​​ពិធី​ប្រគល់​សញ្ញាបត្រ​​​​ដល់​និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន​​​នៅ​​​ឯ​​​កោះ​​​ពេជ្រ​​​​​​នៅ​​​ថ្ងៃ​​​នេះ​​​ លោក​​​ ហ៊ុន​​​ សែន បាន​​​មាន​​​ប្រសាសន៍​​​ថា “គម្រោង​​​នៅ​​​ថ្ងៃទី០៤ ខែមេសា​​​ខាង​​​មុខ​​​នេះ​​​ គឺ​​​នឹង​​​មានការបោះ​​​ឆ្នោតផ្លាស់ប្តូរ​​​សមា​​​​​​សភាព​​​​​​រាជ​​​​​​រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​សំដៅធ្វើ​​​ឲ្យការងារ​​​កាន់​​​តែ​​​មាន​​​ប្រសិទ្ធភាពឡើង។នៅទីនេះ​​​មិន​​​មាន​​​រ​​​ដ្ឋមន្រ្តីណា​​​មួយ​​​ដែល​​​អាក្រក់នោះទេ គ្រាន់​​​តែ​​​មានរដ្ឋមន្រ្តីខ្លះ​​​ហាក់ដូច​​​ជាបានតែង​​​តាំង​​​ទៅ ​​​គឺកាន់​​​មុខ​​​តំណែង​​​​​​ហ្នឹង​​​រាង​​​ស្ទក់​​​បន្តិច។ បើអ៊ីចឹង​​​យើង​​​កែសម្រួលនៅកន្លែង​​​ហ្នឹង”។

​​​ដោយ​​​បញ្ជាក់​​​ថា មាន​​​ក្រសួង​​​៨​​​នឹង​​​ត្រូវ​​​ប៉ះ​​​ពាល់ លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា” មិន​​​មែន​​​រដ្ឋ​​​មន្ត្រី​​​អស់​​​នោះ​​​គឺ​​​ជា​​​មនុស្ស​​​ដែល​​​ត្រូវ​​​កម្ចាត់​​​ចោល​​​ទេ ប៉ុន្តែ​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​រៀប​​​ចំ ពង្រឹង​​​ថែម​​​នូវ​​​ប្រសិទ្ធិភាព។ យើង​​​ត្រូវ​​​ពង្រឹង​​​បន្ថែម​​​នូវ​​​ប្រសិទ្ធិភាព​​​ការ​​​ងារ។ មិន​​​ដឹង​​​ថា​​​ប៉ះ​​​រដ្ឋ​​​មន្ត្រី​​​ណា​​​ខ្លះ​​​ទេ គឺ​​​នៅ​​​ឲ្យ​​​ស្ងៀម ស្តាប់​​​មេ​​​ស៊ី​​​សង”។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា​​​ មាន​​​រដ្ឋ​​​ម​​​ន្ត្រី​​​​​​ខ្លះ​​​ដឹង​​​ពី​​​ការ​​​ផ្លាស់​​​ប្តូរ​​​នៅ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ ​​​​​​ហើយ​​​ក៏​​​​​​បាន​​​ដាក់​​​ពាក្យ​​​សុំ​​​លា​​​លែង​​​ ហើយ​​​ខ្លះ​​​ក៏​​​សុំ​​​លាលែង​​​ទៅ​​​បំពេញ​​​មុខ​​​ងារ​​​ផ្សេង។​​​

ក្នុង​​​សុន្ទរកថា​​​មួយ​​​កាល​​​ពី​​​ខែ​​​មុន លោក ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​​​​បាន​​​កំពុង​​​​​​ពិចារណា​​​​​​រុះ​​​រើ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ក៏​​​បាន​​​លើក​​​ឡើង​​​ពី​​​ លោក ត្រាំ អ៊ីវ​​​តឹក រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សាធារណការ និង​​​ លោក អ៊ុក រ៉ាប៊ុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​កសិកម្ម​​​ ដោយ​​​បញ្ជា​​​​​​ឲ្យ​​​រដ្ឋ​​​មន្ត្រី​​​ទាំង​​​ពីរ​​​ពង្រឹង​​​ប្រសិទ្ធ​​​ភាព​​​ការងារ បើពុំ​​​នោះ​​​ទេ​​​ នឹង​​​ត្រូវ​​​ដក​​​ចេញ​​​ពី​​​តំណែង។

ការ​​​រផ្លាស់​​​ប្តូរ​​​សមាសភាព​​​គណៈរដ្ឋ​​​មន្ត្រី​​​​​​របស់​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​ធ្វើ​​​ឡើង​​​ ក្រោយ​​​​​​ពី​​​​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជាតិ​​​នា​​​ឆ្នាំ​​​២០១៣ ដែល​​​នៅ​​​ពេល​​​នោះ​​​​​​រដ្ឋ​​​មន្ត្រី​​​ថ្មី​​​មួយ​​​ចំនួន​​​ត្រូវ​​​តែង​​​តាំង​​​​​​ ដែល​​​រួម​​​មាន​​​​​​ក្រសួង​​​កសិកម្ម​​​ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម អប់​​​រំ វប្បធម៌ បរិស្ថាន និង​​​ទូរ​​​គមនា​​​គមន៍៕

 

The post លោក ហ៊ុន សែន​​​​​​ថា​​​ការ​​​​​រុះ​​​រើ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​នឹង​​​ធ្វើ​​​នៅ​​​ខែ​​​ក្រោយ​​​ appeared first on ខេមបូឌា ដេលី.