រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​​៖ ​ការ​សហការជាមួយ​​​ឯកជន គឺ​ជួយ​បណ្ដុះបណ្ដាលធនធានមនុស្ស

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំ​អាល់ ​បាន​ចាត់​ទុក​ការ​សហការ​ជាមួយ​ក្រុម​ហ៊ុន​ឯក​ជន គឺ​ជា​គំនិត​​បង្កើត​ថ្មី​ដែល​អាច​ជួយ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​និង​ជា​ការ​ឆ្លើយ​តប​ដែល​មាន​សារប្រយោជន៍​បង្កើត​នូវ​ជម្រើស​ដល់​មន្ត្រី​រាជ​ការ​ទៅ​ថ្ងៃ​ខាង​មុខ។​​​​​​

 

 រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​​៖ ​ការ​សហការជាមួយ​​​ឯកជន គឺ​ជួយ​បណ្ដុះបណ្ដាលធនធានមនុស្ស

 

លោក​បាន​លើក​ឡើង​ថា កន្លង​មក​នៅ​ពេល​ចង់​បណ្ដុះបណ្ដាល​ជំនាញ​ដល់​មន្ត្រី គឺ​បញ្ជូន​ទៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ និង​ទៅ​តាម​សាលា​ផ្សេង​ៗ​តាម​រយៈ​អាហារូបករណ៍​ប៉ុណ្ណោះ ដោយ​មិន​ដែល​បាន​ឆ្លង​កាត់​ទៅ​ក្រុម​ហ៊ុន​ឯក​ជន​នោះ​ទេ។ ដូច្នេះ​​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន គឺ​អាច​បណ្ដុះ​​វិស័យ​ធនធាន​មនុស្ស​ទាំង​ខាង​ក្រសួង និង​ក្រុម​ហ៊ុន ហើយ​អាច​ជា​ការ​បើក​ទំព័រ​ថ្មី​មួយ ដែល​​ជា​វប្បធម៌​​​​លូត​លាស់​ដើម្បី​បម្រើ​ដល់​ប្រយោជន៍​មនុស្ស​ទាំង​អស់​គ្នា។

 

ជាក់​ស្ដែង​កាល​ពី​ព្រឹក​មិញ ក្រសួង​បរិស្ថាន​បាន​រៀប​ចំ​ពិធី​ចុះ​អនុស្សរណៈ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុម​ហ៊ុន​ភេសជ្ជៈ​កូ​កា-កូឡា ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​សង្គម​នៅ​ក្នុង​គោល​ដៅ​និរន្ត​ភាព​សហគមន៍​ព្រម​ទាំង​ការ​យល់​ដឹង​ផ្នែក​បរិស្ថាន។

 

ចំណែក​នាយក​គ្រប់​គ្រង​ទូទៅ​របស់​ក្រុមហ៊ុនCoca cola លោកDavid Wigglesworth បាន​គូស​បញ្ជាក់​ថា នេះ​ជា​កិច្ច​សហការ​ត្រី​កោណ​មាស​រវាង​វិស័យ​ឯក​ជន រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ដើម្បី​ពង្រឹង​សមត្ថភាព​បុគ្គលិក​ក្រសួង និង​បុគ្គលិក​ក្រុមហ៊ុន​លើ​ការងារ​សម្រាប់​អាជីព​ការងារ​របស់​ពួក​គេ៕

 

 រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​​៖ ​ការ​សហការជាមួយ​​​ឯកជន គឺ​ជួយ​បណ្ដុះបណ្ដាលធនធានមនុស្ស

 

អត្ថបទ៖ លឹម សុ​នា
រូបថត៖ ទូរសព្ទដៃ