“រឿង​អាស្រូវ​ស្នេហា​របស់​លោក កឹម សុខា គឺ​ជា​ការ​បង្វែរ​ចំណាប់​អារម្មណ៍​មហាជន”

ក្រុម​អ្នក​វិភាគ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា ករណី​រឿង​អាស្រូវ​ស្នេហា​របស់​លោក កឹម សុខា គឺ​កំពុង​បង្វែរ​មហាជន​មិន​ឲ្យ​ចាប់​អារម្មណ៍​ពី​បញ្ហា​ជាតិ​ធំៗ​នៅ​មុន​ការ​បោះ​ឆ្នោត​មក​ដល់។

ការ​លើក​ឡើង​ដូច្នេះ បន្ទាប់​ពី​ពួកគេ​សង្កេត​ឃើញ​ថា បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​បាន​បន្ត​ផ្សព្វផ្សាយ​ព្រោងព្រាត​នូវ​ខ្សែ​អាត់​សំឡេង​ដែល​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) ម្នាក់​ថា ជា​សំឡេង​របស់​លោក កឹម សុខា។ ចំណែក​ក្រុម​យុវជន​មួយ​ចំនួន​ដែល​អះអាង​ថា ជា​និស្សិត ក៏​បន្ត​បើក​យុទ្ធនាការ​ស្វែង​រក​ការ​ពិត​នៃ​ខ្សែ​អាត់​សំឡេង​ដែល​បែក​ធ្លាយ​នោះ​ដោយ​មិន​រួញរា។

ក្រុម​អ្នក​វិភាគ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចាត់​ទុក​រឿងរ៉ាវ​ខ្សែអាត់​សំឡេង​ទាក់ទង​នឹង​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ សា​សង​សម្ដី​ជាមួយ​កញ្ញា ខុម ចាន់ដារ៉ាទី ឬ​ហៅ​ថា ស្រី​មុំ និង​នារី​ផ្សេងៗ​ទៀត​នោះ គឺ​ជា​ឈុត​ឆាក​ដែល​គេ​បង្កើត​ឡើង​ជា​ឧបករណ៍​វាយប្រហារ​ដៃគូ​នយោបាយ។

​ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា រឿង​ស្នេហា​អា​ស្រូវ​នេះ មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ឡើយ ពោល​គឺ​ជា​សេណារីយ៉ូ ដែល​គេ​បង្កើត​ឡើង​ដើម្បី​បែង​ជើង​បក្ស​ប្រឆាំង និង​ដើម្បី​ឲ្យ​មហាជន​បង្វែរ​ការ​ចាប់​អារម្មណ៍​ចេញ​ពី​រឿង​ប្រទេស​ជាតិ​ធំៗ នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ នៅ​ពេល​ខាង​មុខ​នេះ។

​លោក​សង្កេត​ឃើញ​ថា រឿង​នេះ អ្នក​ដែល​បបួល​ឈ្លោះ​មិន​ឈប់​នោះ គឺ​យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា ជា​និស្សិត​ស្វែង​រក​ការពិត​នៃ​ខ្សែអាត់​សំឡេង​ដែល​ពួកគេ​គិត​ថា ជា​​សំឡេង​របស់​លោក កឹម សុខា៖ «»។
លោក លោក អ៊ូ វីរៈ ចាត់​ទុក​ថា រឿង​ខ្សែអាត់​សំឡេង​នេះ គឺ​ជា​ល្បិច​នយោបាយ​ចាស់​គំរេល មិន​មាន​ការ​ប្រកួតប្រជែង​ដោយ​ភាព​ថ្លៃថ្នូរ​ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​ឡើយ ហើយ​ការ​ធ្វើ​នយោបាយ​វិលវល់​មិន​ជឿនលឿន​ទៅ​មុខ​នេះ នឹង​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ៖ «»។

​ដោយ​ឡែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​នេះ គឺ​ជា​ការ​យល់​ឃើញ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ប៉ុន្តែ​ករណី​លោក កឹម សុខា មិន​មែន​ជា​រឿង​ធម្មតា​ឡើយ ព្រោះ​ថា លោក កឹម សុខា គឺ​ជា​បុគ្គល​សាធារណៈ​ដែល​ត្រៀមខ្លួន​ដឹកនាំ​ប្រទេស​ជាតិ ដូច្នេះ​មហាជន​អាច​មាន​សិទ្ធិ​សួរ​នាំ​រក​ការពិត ប្រសិនបើ​លោក​ប្រព្រឹត្ត​រឿង​អាស្រូវ​អ្វី​មួយ៖ «»។

​ចាប់​តាំង​ពី​ខ្សែ​អាត់​សំឡេង​លោក កឹម សុខា បែក​ធ្លាយ​ត​ភាគ​ដូច​រឿង​ថៃ និង​រឿង​កូរ៉េ នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក នោះ​មក យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា ជា​និស្សិត​មក​ពី​តាម​សកល​វិទ្យាល័យ​នានា ដឹកនាំ​ដោយ​យុវជន​ឈ្មោះ ស្រី ចំរើន និង​យុវជន ម៉ី ម៉េងស៊ាង នោះ ធ្លាប់​ទៅ​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​តែងតែ​ទៅ​អុកឡុក​តាម​វេទិកា​សាធារណៈ​របស់​បក្ស​នេះ ដើម្បី​ជជីក​សួរ​ឲ្យ​លោក កឹម សុខា បកស្រាយ​ការ​ពិត។

បើ​ទោះ​បី​ជា​កញ្ញា​ស្រីមុំ បដិសេធ​ថា ពុំ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក កឹម សុខា ក្តី ក៏​ក្រុម​យុវជន​ដែល​អះអាង​ថា មិន​ឋិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​បក្ស​ណា​មួយ​នោះ មិន​ជឿ ហើយ​នៅ​តែ​បន្ត​យុទ្ធនា​ការ​ស្វែង​រក​ការពិត និង​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន ដូចជា​រដ្ឋសភា និង​តុលាការ​ជាដើម។

តំណាង​និស្សិត​តវ៉ា​នោះ គឺ​យុវជន ម៉ី ម៉េងស៊ាង ចាត់​ទុក​ថា នេះ​ជា​រឿង​សំខាន់​ដែល​មេដឹកនាំ ឬ​បុគ្គល​សាធារណៈ មិន​គួរ​មាន​រឿង​ស្មោកគ្រោក​ក្នុង​រឿង​កាមគុណ​ដូច្នេះ​ទេ ព្រោះ​វា​ផ្ដល់​គំរូ​អាក្រក់​ដល់​យុវជន ហើយ​លោក​ចង់​ឲ្យ​អ្នក​នយោបាយ​ចេះ​ទទួល​ខុស​ត្រូវ​ដែរ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ទោះបីជា​ក្រុម​និស្សិត​នោះ ធ្វើ​ចលនា​យ៉ាង​ណា​ក្តី ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ចេះ​ស្វែង​យល់​ពី​បរិបទ​នយោបាយ​សព្វថ្ងៃ​នេះ និង​ចេះ​បែងចែក​ថា អ្វី​ដែល​ជា​ការ​បំពុល​សង្គម និង​ទង្វើ​អ្វី​ធ្វើ​ទៅ​សម្រាប់​ជា​ប្រយោជន៍​ជាតិ​ពិតប្រាកដ។

លោក​បន្ថែម​ថា បច្ចុប្បន្ន​និស្សិត​មាន​រឿង​ច្រើន​ណាស់​ដែល​ត្រូវ​ធ្វើ ដូចជា​បញ្ហា​ដីធ្លី បញ្ហា​ព្រំដែន បញ្ហា​អយុត្តិធម៌ និង​បញ្ហា​បំផ្លាញ​ធនធាន​ធម្មជាតិ​ជាដើម។ លោក​សង្កេត​ឃើញ​ថា និស្សិត និង​យុវជន ក្នុង​ពេល​បច្ចុប្បន្ន​នេះ ហាក់​កំពុង​ត្រូវ​បាន​អ្នក​នយោបាយ​លូកដៃ​នៅ​ពី​ក្រោយ​ដើម្បី​ឲ្យ​វាយ​ប្រហារ​លើ​ដៃគូ​នយោបាយ ហើយ​ពួកគេ​ព្យាយាម​កេង​យក​ប្រជាប្រិយភាព៖ «»។

ទន្ទឹម​គ្នា​នេះ ប្រជាពលរដ្ឋ​អះអាង​ថា រឿង​នេះ​បង្កើត​ឡើង​ប្រៀប​ដូចជា​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ។ ពួកគេ​ពន្យល់​ថា ហេតុផល​ទី​១ បង្កើត​ឡើង​ដើម្បី​បង្ខូច​ឈ្មោះ​លោក កឹម សុខា ផង និង​ធ្វើ​អោយ​ប្រជាពលរដ្ឋ និង​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​រវល់​តាម​ដាន​រឿង​នេះ ភ្លេច​ចាប់​អារម្មណ៍​ពី​បញ្ហា​ជាតិ​ធំៗ ដែល​កំពុង​ញាំញី​ក្នុង​សង្គម​កម្ពុជា។ ពួកគេ​បន្ត​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​បាន​ដឹង​ស៊ី​ជម្រៅ​នោះ​ទេ រឿង​នេះ​នឹង​ផ្ដល់​ផល​ចំណេញ​ដល់​បក្ស​កាន់​អំណាច៖ «»។

​អ្នក​វិភាគ និង​ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​អ្នក​នយោបាយ ត្រូវតែ​ប្រកួតប្រជែង​គ្នា​ដោយ​ស្មើភាព និង​ថ្លៃថ្នូរ​ហើយ​ឈរ​លើ​ផល​ប្រយោជន៍​ជាតិ​ជា​ធំ។ ពួកគេ​ថា ការ​ដែល​លើក​បញ្ហា​ស្នេហា​ឥត​ប្រយោជន៍​មក​ប្រឡុបប្រឆា​ក្នុង​ឆាក​នយោបាយ​នេះ វា​មិន​បាន​ធ្វើ​ឲ្យ​ជាតិ​ចំណេញ​ឡើយ ហើយ​កម្ពុជា នឹង​នៅ​តែ​ធ្វើ​ដំណើរ​មិន​ទាន់​ប្រទេស​ក្នុង​ពិភពលោក​ដែល​គេ​កំពុង​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​រស់​នៅ​ដោយ​ភាព​ថ្លៃថ្នូរ​ខុស​ឆ្ងាយ​ពី​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។