តើ​គណបក្ស​ថ្មី​បង្កើត​ឡើង​ដើម្បី​បំបែក​សំឡេង​បក្ស​ប្រឆាំង​មែន​ដែរ​ឬ​ទេ?

វត្តមាន​គណបក្ស​ថ្មី​ដែល​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​នៅ​កម្ពុជា កើន​ឡើង​ដល់ ៦០​គណបក្ស​នៅ​ពេល​នេះ ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង បង្ហាញ​ទស្សនៈ​ផ្សេង​គ្នា​លើ​ចំនួន​នេះ។ គណបក្ស​ប្រឆាំង​យល់​ថា គណបក្ស​ទាំង​នោះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដើម្បី​បំបែក​សំឡេង​របស់​ខ្លួន ខណៈ​គណបក្ស​កាន់​អំណាច បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​វត្តមាន​របស់​គណបក្ស​នយោបាយ​នានា។

តើ​បក្ស​ថ្មី កើត​ឡើង​ច្រើន​ជា​ការ​បំបែក​សំឡេង​បក្ស​ប្រឆាំង​មែន​ឬ?

អ្នក​វិភាគ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​គួរ​ព្រួយ​ភ័យ​រឿង​បក្ស​ថ្មី​កើត​ឡើង​ច្រើន ថា​ជា​ការ​បំបែក​សំឡេង​របស់​ខ្លួន​ទេ។ ចំណែក​គណបក្ស​កាន់​អំណាច ក៏​គួរ​កុំ​គិត​ថា វត្តមាន​របស់​បក្ស​ថ្មី​ទាំង​នោះ​ប៉ះពាល់​សំឡេង​ឆ្នោត​របស់​ខ្លួន​នោះ​ដែរ។

អ្នក​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ លោក​បណ្ឌិត មាស នី យល់​ថា គណបក្ស​ថ្មី​ទាំង​នោះ​អាច​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​គួរ​ព្រួយ​បារម្ភ​ពេក​ទេ ព្រោះ​លោក​ថា ពលរដ្ឋ​សព្វថ្ងៃ​នេះ​មាន​ការ​យល់​ដឹង​ច្រើន និង​មាន​ការ​សម្រេច​ចិត្ត​ខ្ពស់​ក្នុង​ការ​ជ្រើសរើស​គណបក្ស​ដឹក​នាំ​ប្រទេស។ លោក មាស នី ទស្សន៍ទាយ​ថា នឹង​មាន​គណបក្ស​ថ្មី​មួយ​ចំនួន​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​គណបក្ស​សិទ្ធិ​មនុស្ស រួម​គ្នា​ជាមួយ​គណបក្ស សម រង្ស៊ី ដែល​បង្កើត​បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ដូច​សព្វថ្ងៃ​នេះ៖ «»

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​មាន​គណបក្ស​នយោបាយ​ជាង ៦០​គណបក្ស បាន​ចុះ​ឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត។ លោក​ថា ប្រធាន​គណបក្ស​នយោបាយ​ទាំង​នោះ មាន​ទាំង​អ្នក​នយោបាយ​ជើង​ចាស់ អ្នក​នយោបាយ​ថ្មី​ដែល​ទើប​រៀន​ចប់ ហើយ​អ្នក​ផ្សេង​ទើប​មក​ពី​ក្រៅ​ប្រទេស។ ក្រសួង​តម្រូវ​ឲ្យ​ការ​បង្កើត​គណបក្ស​មួយ ត្រូវ​មាន​អ្នក​គាំទ្រ ៥​ពាន់​នាក់​ផ្ដិត​មេដៃ​គាំទ្រ និង​ត្រូវ​មាន​ស្ថាបនិក​ដំបូង​ចំនួន ៨០​នាក់។

ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ សង្កេត​ឃើញ​ថា អ្នក​ខ្លះ​បង្កើត​បក្ស​ដើម្បី​យក​ទៅ​ដោះដូរ​ជាមួយ​រដ្ឋាភិបាល ដើម្បី​តំណែង​អ្វី​មួយ ឬ​យក​ទៅ​ត​ថ្លៃ​ជាមួយ​បក្ស​ប្រឆាំង យក​តួនាទី​អ្វី​មួយ​នៅ​ក្នុង​ជួរ​បក្ស។ ទាក់ទង​ការ​ព្រួយ​បារម្ភ​ថា បក្ស​តូចៗ​បំបែក​សំឡេង​បក្ស​ធំ លោក អ៊ូ វីរៈ ថា គណបក្ស​ត្រូវ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង ជា​ជាង​ការ​ព្រួយ​បារម្ភ៖ «»

ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ បើ​ទោះ​បី​ជា​មាន​គណបក្ស​តែ​ពីរ​ទទួល​សំឡេង​គាំទ្រ​នៅ​ក្នុង​សភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ចំណោម​គណបក្ស​ចំនួន​៨ ចូលរួម​ប្រកួត​ប្រជែង​ក្តី ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​គណបក្ស​ខ្លះ ក៏​ទទួល​បាន​តួនាទី​ក្នុង​រដ្ឋាភិបាល​ដែរ ព្រោះ​ជា​សម្ព័ន្ធមិត្ត​របស់​គណបក្ស​កាន់​អំណាច។

ដោយឡែក​គណបក្ស​ថ្មីៗ​ដែល​ទើប​បង្កើត​នៅ​ក្នុង​អាណត្តិ​ទី​៥ នេះ ទោះ​មិន​ទាន់​ដល់​រដូវ​ឃោសនា​បោះឆ្នោត​ក្តី ប៉ុន្តែ​គណបក្ស​ខ្លះ​ផ្ដើម​ធ្វើ​សកម្មភាព​ដើម្បី​ទាក់ទាញ​អ្នក​កាសែត តាម​រយៈ​ការ​ធ្វើ​សន្និសីទ​កាសែត ការ​រិះគន់​បក្ស​ប្រឆាំង ឬ​ប្ដឹង​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល ខណៈ​គណបក្ស​ផ្សេង​ទៀត កំពុង​ឈ្លោះ​ទាស់ទែង​ចែក​ទ្រព្យ ចែក​ទីស្នាក់ការ ឬ​បំបែក​ខ្លួន​ទៅ​បង្កើត​ជា​គណបក្ស​ថ្មីៗ​មួយ​ចំនួន​ទៀត។

ថ្លែង​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​ក្រៅ​ប្រទេស ថ្លែង​ថា គណបក្ស​ថ្មីៗ​ដែល​ទើប​បង្កើត​ឡើង គឺ​ដើម្បី​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច​សព្វថ្ងៃ ជួយ​សម្រួល​ក្នុង​ការ​បង្កើត​គណបក្ស​ទាំង​នោះ៖ «»

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា ការ​បង្កើត​គណបក្ស​នយោបាយ ជា​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ស្រប​តាម​ច្បាប់ និង​តាម​រដ្ឋធម្មនុញ្ញ។ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ព្រួយ​បារម្ភ​ថា គណបក្ស​ទាំង​នោះ​មក​បំបែក​សំឡេង​គណបក្ស​របស់​ខ្លួន​ទេ។ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍​គណបក្ស​ដែល​ចង់​ចង​សម្ព័ន្ធភាព៖ «»

កាល​ពី​ឆ្នាំ​១៩៩៣ មាន​គណបក្ស​ចំនួន ២០​គណបក្ស ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត ឆ្នាំ​១៩៩៨ មាន ៣៩​គណបក្ស ឆ្នាំ​២០០៣ មាន ២២​គណបក្ស ឆ្នាំ​២០០៨ មាន ១២​គណបក្ស និង​ឆ្នាំ​២០១៣ មាន ៨​គណបក្ស។

តាម​រយៈ​តួលេខ​នេះ នៅ​ឆ្នាំ​២០១៣ ដែល​មាន​គណបក្ស​ចូលរួម​ប្រកួត​ប្រជែង​តែ ៨​គណបក្ស​នោះ គឺ​គណបក្ស​ប្រឆាំង​ដែល​ក្រោយ​ការ​រួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ទទួល ៥៥​កៅអី​នៅ​ក្នុង​សភា ជា​ចំនួន​កៅអី​ដែល​បក្ស​ប្រឆាំង​មិន​ធ្លាប់​ទទួល​បាន។

តាម​រយៈ​ការ​បោះឆ្នោត​ទាំង ៥​អាណត្តិ ក្រៅ​តែ​ពី​អាណត្តិ​ទី​១ នៅ​ឆ្នាំ​១៩៩៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា តែង​ឈ្នះ​ឆ្នោត។ ចំនួន​នេះ​បញ្ជាក់​ថា រៀង​រាល់​អាណត្តិ​តែង​មាន​គណបក្ស​តូចៗ​ចូលរួម​ប្រកួត​ប្រជែង​រហូត ប៉ុន្តែ​គណបក្ស​មួយ​ចំនួន បង្ហាញ​រូប​រាង​តែ​ពេល​ឃោសនា​បោះឆ្នោត​រក​តែ​ស្នាក់ការ​ជាក់លាក់ ឬ​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​សឹង​មិន​បាន​ផង។

គណបក្ស​ភាគ​ច្រើន​ផ្តល់​ការ​សន្យា​ដែល​គណបក្ស​ធំៗ​មិន​ហ៊ាន​សន្យា ដូចជា​ការ​អះអាង​ថា មាន​មហា​សេដ្ឋ​ច្រើន​រយ​នាក់​ចាំ​ជួយ​ប្រទេស​កម្ពុជា បើ​បក្ស​ខ្លួន​ឈ្នះ​ឆ្នោត ផ្តល់​សេវា​អ៊ីនធឺណិត​ភ្ជាប់​ដោយ​ឥត​ខ្សែ (Internet via Wi-Fi) ទូទាំង​ប្រទេស ឬ​ការ​ចាក់​ផ្លូវ​ក្រាល​កៅស៊ូ​ដល់​វាល​ស្រែ ជាដើម។ ពួក​គេ​ទាំង​នោះ មិន​បាន​ពន្យល់​ពី​របៀប​ធ្វើ​បែប​ណា ដើម្បី​អាច​ធ្វើ​រឿង​នោះ​បាន​ទេ។

ជាក់ស្តែង​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ គណបក្ស​ថ្មី​មួយ​ដែល​ទើប​បង្កើត​មាន​ឈ្មោះ​ថា គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ ដែល​មាន លោក ញ៉ែម វណ្ណថន ជា​ប្រធាន ប្រកាស​ថា បើ​ខ្លួន​ឈ្នះ​ឆ្នោត នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា រីក​ចម្រើន​ដូច​សម័យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧។ លោក​អះអាង​ថា បើ​ខ្មែរ​មាន​សាមគ្គីភាព​គ្នា​ឡើង​វិញ នឹង​ធ្វើ​ឲ្យ​ជាតិ​រីក​ចម្រើន។

ផ្ទុយ​ពី​ទស្សនៈ​មួយ​ចំនួន​ដែល​យល់​ឃើញ​ថា គណបក្ស​ថ្មី​បង្កើត​ឡើង​ដើម្បី​បំបែក​សំឡេង​គណបក្ស​ប្រឆាំង អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី យល់​ឃើញ​ថា គណបក្ស​ថ្មី​ដែល​បង្កើត​ឡើង គឺ​ជា​ការ​បំបែក​សំឡេង​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​វិញ។ លោក​ថា គណបក្ស​ទាំង​នោះ​ចាប់​ចំណុច​ខ្សោយ​របស់​គណបក្ស​កាន់​អំណាច ដូចជា បញ្ហា​អន្តោប្រវេសន៍ អំពើ​ពុក​រលួយ និង​បញ្ហា​ចំណាក​ស្រុក​ពលរដ្ឋ ជាដើម យក​មក​ដើម្បី​វាយ​ប្រហារ​លើ​បក្ស​កាន់​អំណាច៖ «»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។