ចិន​អាច​សម្រេច​គោលដៅ​កំណើនសេដ្ឋកិច្ច​ដោយ​មិន​មានការ​ជំរុញ​ពី​រូបិយប័ណ្ណ

ប្រទេស​ចិន ៖ ចិន​អាច​ទទួល​ជោគជ័យ​លើ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន ដោយ​មិន​មានការ​ជំរុញ​ពី​រូបិយប័ណ្ណ​អ្វី​ឡើយ ខណៈ​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​ទី​២​លើ​ពិភពលោក​មួយ​នេះ​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជា​ច្រើន ។ នេះ​បើ​តាម​ប្រសាសន៍​លោក Zhou Xiaochuan ទេសាភិបាល​នៃ​ធនាគារ​ជាតិចិន ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​សមាជ​ប្រជាជន លោក Zhou Xiaochuan ឲ្យ​ដឹង​ថា ៖ « ពួក​យើង​នឹង​រក្សា​គោលនយោបាយ​ហិរញ្ញវត្ថុ​ឲ្យ​មាន​ស្ថិរភាព និង​មិន​គិត​ពី​ការ​បង្កើន​រូបិយប័ណ្ណ​ដើម្បី​សម្រេច​គោលដៅ​ឲ្យ​បាន​នោះ​ឡើយ ។ នៅ​ពេល​ថ្មី​ៗ​នេះ យើង​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​សម្ពាធ​សេដ្ឋកិច្ច ដែល​កំពុង​តែ​ប្រឈម​នឹង​ឧបសគ្គ និង​បញ្ហា​ជា​ច្រើន » ។

កំណើនសេដ្ឋកិច្ច​ចិន​បាន​កើនឡើង​ក្នុង​ល្បឿន​យឺត​កាលពី​ឆ្នាំ​២០១៥ ហើយ​កាលពី​ស​ប្តា​ហ៍​មុន ចិន​បាន​កាត់​បន្ថយ​អត្រា​គោលដៅ​កំណើន​របស់​ខ្លួន​ពី​៦%-៧,៥% ។

ទីផ្សារ​សកល​នៅ​តែ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ទៅ​លើ​ទស្សនវិស័យ​សេដ្ឋកិច្ច​ចិន និង​បាន​វិភាគ​ទៅ​លើ​លទ្ធភាព​ក្នុង​ការ​រក្សា​កំណើនសេដ្ឋកិច្ច ខណៈ​ការ​អនុវត្ត​កំណែទម្រង់​នៃ​ផ្លាស់​ប្តូរ​ម៉ូ​ដែល​សេដ្ឋកិច្ច​ក្នុង​ការ​ប្រើប្រាស់ ជា​ជាង​ជំរុញ​ការ​វិនិយោគ និង​ការ​នាំ​ចេញ​ដោយ​រដ្ឋាភិបាល​។

ធនាគារកណ្ដាល​ចិន​បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​៦​លើក​រួច​មក​ហើយ ចាប់តាំងពី​ចុងឆ្នាំ​២០១៤​មក និង​បាន​កាត់​បន្ថយ​ចំនួន​មូលនិធិ​ធនាគារ​សម្រាប់​ចាត់ចែង​ជា​ទុនបម្រុង​ក្នុង​ការ​ផ្តល់​កម្ចី​ផង​ដែរ ។ នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ភ័យ​ខ្លាច​នៃ​សេដ្ឋកិច្ច​ចិន ដែល​កាលពី​២-៣​ខែ​កន្លង​មក ប្រទេស​ចិន​មាន​លំហូរ​សាច់ប្រាក់ និង​ទុន​សម្រាប់​រក្សា​ការ​ប្តូរ​ប្រាក់​បរទេស​ជា​ច្រើន ។

ទោះជា​យ៉ាងណា លោក Zhou Xiaochuan  បាន​ពន្យល់​ថា ៖ « លំហូរ​ចេញ​នៃ​សាច់ប្រាក់​នេះ វា​គ្មាន​អ្វី​ចម្លែក​ទេ ដោយសារ​តែ​ចិន​បាន​រីករាយ​នឹង​លំហូរ​ចូល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ដូច្នេះ មិន​ចាំបាច់​ទិញ​ប្រាក់​ដុល្លារ​បន្ទាន់​ឡើយ » ។

លោក Zhou Xiaochuan បាន​ព្យាយាម​កាត់​បន្ថយ​ការ​ភ័យ​ខ្លាច ដែល​ចិន​ប្រហែលជា​បន្ថយ​តម្លៃ​ប្រាក់​យន់​ដើម្បី​បង្កើន​ការ​នាំ​ចេញ ។ ការ​ព្រួយបារម្ភ​នេះ បាន​ល្បី​សុះសាយ​បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ទៅ​លើ​ប្រព័ន្ធ​កំណត់​អត្រា​ប្តូរ​ប្រាក់​យន់​របស់​រដ្ឋ ដែល​ឈាន​ទៅ​រក​ការ​ធ្លាក់​ចុះ​ធៀប​នឹង​ប្រាក់​ដុល្លារ ។

ជាក់ស្តែង ផល​លើស​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​សកល​កាលពី​ឆ្នាំ​មុន មាន​ទឹកប្រាក់​សរុប​ចំនួន​៦០០​ប៊ី​លាន​ដុល្លារ ខណៈ​អ្នក​នាំ​ចេញ​កំពុង​តែ​មានការ​ប្រកួតប្រជែង​យ៉ាង​ក្តៅ​គគុក ។ ដូច្នេះ ចិន​មិន​ចាំបាច់​បង្ខំចិត្ត​កំណត់​អត្រា​ការ​ប្រាក់​ឡើយ ៕