វាយប្រហារ​អត្តឃាត​ក្នុង​ព្រះ​វិហារ​មួយ​នៅ​នី​ហ្សេ​រី​យ៉ា​ស្លាប់​22​នាក់

មនុស្ស​យ៉ាងតិច​២២​នាក់​ស្លាប់ ហើយ​១៨​នាក់​រង​របួស​ក្នុង​ការ​វាយប្រហារ​អត្តឃាត​មួយ​ធ្វើ​ឡើង​ដោយ​នារី​២​នាក់​បន្លំ​ខ្លួន​ជា​បុរស កាលពី​ថ្ងៃ​ទី​១៦ មីនា ក្នុង​ព្រះ​វិហារ​អ៊ិ​ស្លា​ម​ក្រុង​ម៉ា​អីុ​ឌី​ហ្គូ​រី​ភាគ​ឦសាន​នី​ហ្សេ​រី​យ៉ា ដែល​តែង​រង​ការ​វាយប្រហារ​របស់​ក្រុម​ជ្រុលនិយម​បូ​កូ​ហា​រ៉ា​ម ។

ការ​វាយប្រហារ​នេះ​កើត​មាន​នា​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ម៉ោង​ក្នុងស្រុក​ក្នុង​សង្កាត់ MOLAI នៃ​ទីក្រុង​ម៉ា​អីុ​ឌូ​ហ្គូ​រី រដ្ឋធានី​នៃ​រដ្ឋ​ប័​រ​ណូ ក្នុង​ឱកាស​នៃ​ពិធី​សូត្រធម៌​ពេល​ព្រឹក​ក្នុង​ព្រះ​វិហារ​អ៊ិ​ស្លា​ម​មួយ​ដែល​ធ្លាប់​ជា​កន្លែង​វាយប្រហារ​មួយ​កាលពី​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៥ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣០​នាក់ និង​របួស​៣២​នាក់ ។

ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា លោក MUHAMMADU DUHARI ដែល​ធ្លាប់​ប្រកាស​កាលពី​ខែធ្នូ ថា​ក្រុម​អ៊ិ​ស្លា​ម​និយម​បូ​កូ​ហា​រ៉ា​ម ជា​បច្ចេកទេស​ទទួល​បរាជ័យ​ទៅ​ហើយ​នោះ បាន​សម្តែង​ភាព​ក្តុកក្តួល ចំពោះ​ការ​វាយប្រហារ​នេះ ដែល​សម្លាប់​សាសនិក​អ៊ិ​ស្លា​ម​ស្លូតត្រង់ ។

តាម TWITTER លោក​ថ្លែង​ថា ការ​វាយប្រហារ​នេះ​ជា​សញ្ញា​មួយទៀត​បង្ហាញ​ថា ក្រុម​បូ​កូ​ហា​រ៉ា​ម​ជា​ក្រុម​គ្មាន​ព្រះ គ្មាន​ច្បាប់ ហើយ​ពុំ​តំណាង​ឱ្យ​អ៊ិ​ស្លា​ម​ពិតប្រាកដ​ឡើយ ។

ការ​វាយប្រហារ​ភេរវកម្ម​នេះ​ជា​លើក​ទី​២ នៅ​ភាគ​ឦសាន​នី​ហ្សេ​រី​យ៉ា​ក្នុង​ខែមីនា​នេះ បន្ទាប់​ពី​ការ​វាយប្រហារ​៤​លើក​ក្នុង​ខែកុម្ភៈ និង​៨​លើក​ក្នុង​ខែមករា ។

កងទ័ព​នី​ហ្សេ​រី​យ៉ា​បាន​ធ្វើការ​វាយបក​យ៉ាង​ខ្លាំងក្លា​មួយ​ចាប់តាំងពី​មួយ​ឆ្នាំ​មក​ហើយ​រួច​ប្រកាស​ពី​ជ័យជម្នះ​ជា​ច្រើន​ប្រឆាំង​ពួក​បះបោរ ដោយ​និយាយ​ថា ពួក​នេះ​កំពុង​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង​ដោយ​កាត់​ផ្តាច់​ផ្លូវ​ផ្គត់ផ្គង់ ហើយ​កាត់​បន្ថយ​សមត្ថភាព​ធ្វើការ​ប្រយុទ្ធ ។ ក៏​ប៉ុន្តែ​ប្រជាជន​នៅ​តែ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយប្រហារ​អត្តឃាត​ដែល​តែង​សំដៅ​ជន​ស៊ី​វិល ព្រះ​វិហារ ទីផ្សារ ព្រមទាំង​ចំណតរថយន្ត​បឺស ៕