ឥណ្ឌូ​ណេ​ស៊ី​ប្រើ​គ្រឿងផ្ទុះ​កម្ទេច​នាវា​ពួក​អ្នកនេសាទ​លួចលាក់

កាលពី​ថ្ងៃ​ទី​១៤ មីនា កន្លង​មកនេះ អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​បាន​កម្ទេច​ដោយ​ប្រើ​គ្រឿងផ្ទុះ​នូវ​នាវា​មួយ​គ្រឿង​មានឈ្មោះ​ថា VIKING ជានា​វា​នេសាទ​លួចលាក់​ចុង​ក្រោយ​តាម​រក​ជា​អន្តរជាតិ​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ។

អង្គការ SEA SHEPHERD ដែល​តាម​ប្រមាញ់​បណ្តា​នាវា​នេសាទ​លួចលាក់​ក្នុង​សមុទ្រ​ទាំងឡាយ​នៃ​ពិភពលោក​បាន​ហៅ​នាវា​នេះ​ថា «​នាវា​ចោរ​ទី​៦» ។ រាយការណ៍​ប្រាប់​ប៉ូ​ូ​លិ​ស​ដោយ​អង្គការ​នេះ នាវា​ចុះបញ្ជី​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា​នេះ ដែល​ចាប់​ត្រី LEGINE ជា​ត្រី​ដែល​មាន​ចំនួន​កាន់តែ​ចុះ​ថយ​ដោយសារ​ការ​នេសាទ​ច្រើន ត្រូវ​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​ចាប់​កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ ពេល​បើក​ចូល​ក្នុង​ដែនទឹក​ឥណ្ឌូ​ណេ​ស៊ី ។

មុន​ពេល​កម្ទេច​នាវា​នេះ​ចោល​ក្រុម​នាវិក​បាន​ចាកចេញ ។ ពេល​ប្រើ​គ្រឿងផ្ទុះ​នាវា​នេះ​បាន​លិច​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង PANGANDARAN ភាគ​ខាងលិច​កោះ​ជ្វា ។

រដ្ឋមន្ត្រីក្រសួង​នេសាទ​ឥណ្ឌូ​ណេ​ស៊ី​ថ្លែង​ថា បែប​នេះ​ជា​គំរូ​មួយ​សម្រាប់​នាវា​នេសាទ​លួចលាក់​ឯទៀត​ៗ ។ លោក​បន្ត​ថា ពួក​អ្នក​អាច​ត្រាច់ចរ​គ្រប់​ទីកន្លែង​លើ​ពិភពលោក ក៏​ប៉ុន្តែ​បើ​ពួក​អ្នកឯង​ចូល​ដែនទឹក​ឥណ្ឌូ​ណេ​ស៊ី​នោះ​នឹង​ទទួល​វាសនា​បែប​នេះ ។

កាសែត LE MIRROR រាយការណ៍​ថា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​តែង​កម្ទេច​ចោល​ជា​ញឹកញាប់​បណ្តា​នាវា​នេសាទ​លួចលាក់ ដែល​ហ៊ាន​ផ្សងព្រេង​ចូល​ក្នុង​ដែនទឹក​របស់​ខ្លួន ។

នាវា VIKING តែង​ប្តូរ​ឈ្មោះ​ជា​ញឹកញាប់ ។ អង្គការ SEA SHEPHERD បាន​ហៅ​នាវា​នេះ​ថា ជានា​វា​ខ្មោចលង ទោះបី​ផ្កាយ​រណប​ក៏​ពិបាក​ចាប់​រក​ដែរ ៕