ប្រធានាធិបតី​ទើប​ជ្រើសតាំង​ភូមា​ស្នើ​បង្កើត​រដ្ឋាភិបាល​ដែល​កាត់​បន្ថយ​ចំនួន​ក្រសួង

ប្រធានាធិបតី​ទើប​ជ្រើសតាំង​ភូមា លោក HTIN KYAW កាលពី​ថ្ងៃ​ទី​១៧ មីនា បាន​ដាក់​ជូន​សភា​សហព័ន្ធ​នូវ​គម្រោង​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​កំណត់​ពី​ការ​កាត់​បន្ថយ​ចំនួន​ក្រសួង ។

២​ថ្ងៃក្រោយ​ជ្រើសតាំង​សម្រាប់​អាណត្តិ​៥​ឆ្នាំ លោក HTIN KYAW ដែល​នឹង​ឡើង​កាន់​តំណែង​នា​ថ្ងៃ​ទី​៣០ មីនា ខាង​មុខ​នេះ បាន​ដាក់​ជូន​បញ្ជី​មួយ​ដែល​មាន​ក្រសួង​ត្រឹម​២១ ទល់​នឹង​៣៦​នា​ពេល​មុន ព្រមទាំង​រដ្ឋមន្ត្រី​១៨​រូប ទល់​នឹង​៣២​រូប កាលពីមុន ជាមួយ​ពិសេស​ការ​រួម​ក្រសួង​មួយ​ចំនួន​បញ្ចូល​គ្នា ។ បញ្ជី​ឈ្មោះ​ក្រសួង​មាន ៖ ក្រសួង​ការបរទេស កសិកម្ម ដឹក​ជញ្ជូន វប្បធម៌​និង​សាសនា ធនធានធម្មជាតិ​និង​អភិរក្ស​បរិស្ថាន អគ្គិសនី​និង​ថាមពល ការងារ និង​អន្តោប្រវេសន៍ ផែនការ​ជាតិ​និង​ហិរញ្ញវត្ថុ ឧស្សាហកម្ម សុខាភិបាល អប់រំ សំណង់ សង្គមកិច្ច ជួយ​សង្គ្រោះ​និង​កសាង​ឡើង​វិញ ទេសចរណ៍ ពាណិជ្ជកម្ម ព័ត៌មាន កិច្ចការ​ជនជាតិភាគតិច ខុទ្ទកាល័យ​ប្រធានា​ធិបតី ការពារ​ជាតិ មហាផ្ទៃ​និង​ព្រំដែន ។

សភា​នឹង​លើកយក​បញ្ជី​នេះ​ទៅ​ពិភាក្សា​នា​ថ្ងៃ​ទី​១៨ មីនា ចំណែកឯ​ឈ្មោះ​បណ្តា​រដ្ឋមន្ត្រី​នឹង​បង្ហាញ​នា​ពេល​ក្រោយ ៕