នារី​ម្នាក់​ត្រូវគេ​ចាប់រំលោភ​រហូត ដល់​សន្លប់ ទម្លាក់ចោល​តាមផ្លូវ

កំពង់ចាម:
នារី​ម្នាក់​បាន​រត់​ចេញពី​អង្គការ ដែល​ខ្លួន​ស្នាក់នៅ រួច​សុំ​រថយន្ត​គេ​ជិះ​ក៏​ជួប​អ្នក​អាក្រក់ចាប់រំលោភ​រហូត ដល់​សន្លប់ រួចហើយ​យកទៅ ទម្លាក់ចោល​តាម​ដងផ្លូវ ក៏ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ និង​រាយ​ការ​ទៅ​សមត្ថកិច្ច ចុះមក​អន្តរាគមន៍​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង  កាលពី​វេលា​ម៉ោង ១២​និង​៣០ នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ក្រឡែង ឃុំ​ស្វាយទាប ស្រុក​ចំការលើខេត្តកំពង់ចាម​។​

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ ត្រូវ​ជនសង្ស័យ​ទម្លាក់ចោល ទាំង​សន្លប់បាត់ស្មារតី ហើយ​បាន​រាយការណ៍ ប្រាប់​សមត្ថកិច្ច ស្រុក​ចំការលើ ឲ្យ​ចុះ​ពិនិត្យហើយ​នាំ​នាងរង​គ្រោះ ទៅកាន់​មន្ទីរពេទ្យ​។ នៅពេល​នារី​រងគ្រោះ ដឹងខ្លួន​វិញបាន​ប្រាប់​សមត្ថកិច្ច​ថា នាង​ឈ្មោះ ស​.​ក​. អាយុ ២១​ឆ្នាំ ទីលំនៅ​ស្រុក​ពញាក្រែកខេត្ត​ត្បូងឃ្មុំ ម្តាយ​របស់​នាង បាន​ស្លាប់​យូរហើយ ៗ​ឪពុក​របស់​នាង បានយកប្រពន្ធ​ថ្មី រួច​ទៅ​រស់​នៅឯ​ខេត្តរតនគិរី ។​

​នាង​បាន​បន្តថា នាង​មាន​បញ្ហា​ផ្លូវចិត្ត គឺមាន​សតិ មិន​ប្រក្រតី ក៏ត្រូវ​អង្គការ​មួយ នៅភ្នំពេញ​ទទួល​ឲ្យ ស្នាក់​នៅក្នុង​អង្គការ ប៉ុន្តែ​ក្នុង​រយៈពេល​ថ្មីៗ នាង​បាន​រត់​ចេញពីអង្គការ ហើយក៏​ជិះ​រថយន្ត មកដល់​ខេត្តកំពង់ធំ ដោយ​មិនដឹង​ខ្លួន ។

​នៅវេលា​ម៉ោង ៨​ព្រឹក ថ្ងៃទី​១៦ ខែមីនា នាង​បាន​សុំ​គេ​ជិះ​រថយន្ត ដើម្បី​មកកាន់ស្រុកកំណើត ឯ​ខេត្ត​ត្បូងឃ្មុំ ហើយ​ពេល​ឡើង​ជិះ ក្នុង​រថយន្ត​នោះ មាន​មនុស្ស៤​នាក់ រួម​ដំណើរ​ជាមួយគ្នា ហើយ​ពួកគេ បាន​ឲ្យ​ភេសជ្ជៈ​នាង​ផឹក រួច​ក៏បាត់ស្មារតី តែ​នាង​ដឹងថា ខ្លួន​ត្រូវគេ​ចាប់រំលោភ ហើយ​ពេល​នាង​ដឹងខ្លួន​វិញស្រាប់តែ ស្ថិតនៅក្នុង មន្ទីរពេទ្យ ៕​

នារី​ម្នាក់​ត្រូវគេ​ចាប់រំលោភ​រហូត ដល់​សន្លប់ ទម្លាក់ចោល​តាមផ្លូវ