​​ចោរ​បាញ់ប្លន់២គ្រាប់​ តែ​ប៉ះ​ចំ​ម៉ូតូ​បែក​កង់​

រាជ​ធានី​ភ្នំពេញ ​៖ ​ករណី​​បាញ់​ប្លន់​​យក​​ម៉ូតូ​​ពី​ជន​រង​គ្រោះ​មិន​បាន​សម្រេច​​​មួយ ​បណ្តាល​​ឱ្យ​​យុវជនជាម្ចាស់​ម៉ូតូ​​បាន​រង​របួស​​​​ភ្លៅ​ ហើយ​ត្រូវ​​​គេ​​ដឹក​បញ្ជូន​ទៅ​​ព្យាបាល​នៅ​មន្ទី​ពេទ្យ​​​​ភ្លាម​ៗ ដែល​​​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ មីនា​ ​២០១៦​ស្ថិ​ត​​នៅ​មុខ​ចំការ​ព្រីង ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ។

ជន​​រង​គ្រោះ​​ឈ្មោះ​អុ​ប វល័ក្ខ អាយុ​២៣​ឆ្នាំ ជា​​ជាងដែក ស្នាក់​នៅ​ភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ​មានស្រុក​កំណើត​​នៅ​ខេ​ត្ត​ត្បូងឃ្មុំ​ ។

បើតាម​ប្រភព​ពី​​ថា ​​មុន​ពេល​កើតហេតុ​ ខ្លួននិង​នាំ​មិត្ត​ភ​ក្តិ​​ចូល​​រាំ​កំសាន្ត​នៅ​ក្លិប​ប្លូ​សូន្យ​ ផ្លូវ​១៩៨៦​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ ​។លុះដ​ល់​ម៉ោង​​ជាង​៤ជិតភ្លឺ បាន​​ចេញពី​ក្លិបវិញ​ត្រឡប់​ទៅ​ផ្ទះ ​ដោយ​ជិះ​ម៉ូតូ​១​គ្រឿង ​ម៉ាក​ហុងដា​សេ​១២៥ ​ស៊េរី​ឆ្នាំ​២០១៥​ ពណ៌​ខ្មៅ​ពាក់​​ស្លាក​លេខ​កំពង់ចាម 1G-7563 ។ ​

ជិះមក​ដល់​ចំណុច​កើត​ហេតុ​ មុខ​ចំការ​ព្រីង​ក្នុងសង្កាត់​ភ្នំពេញ​ថ្មី​ ស្រាប់តែ​ធ្លាយ​​កង់​ម៉ូតូ ហើយ​​ជន​រង​គ្រោះ​ ក៏​​​ឈប់​អង្គុយ​លើ​ម៉ូតូ​របស់​​ខ្លួន ក៏​លេចមុខ​ជនសង្ស័យ​៣​នាក់​​ជិះ​ម៉ូតូ​២​គ្រឿង​ ម៉ាក​ហុងដា​សេ​១២៥​ មិន​ចាំ​ស្លាក​លេខ ​និង​១​គ្រឿង​ទៀត​ម៉ាក​វ៉េវ ​អាល់​ហ្វា​ មិន​ចាំ​ស្លាក​​លេខ​ដូច​គ្នា ​ប្រដាប់​ដោយ​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក​K54 បាន​​ដក​កាំភ្លើង​ភ្ជង់​​ ​ហើយ​​បាញ់​ឡើង​លើ​១​គ្រាប់ ​និង​បាញ់​មួយ​គ្រាប់​​ទៀត​សំដៅ​មក​លើ​ខ្លួន បណ្តាល​ឱ្យ​​ត្រូវ​ភ្លៅ​ខាងឆ្វេង ​រង​របួសធ្ងន់ ។ ​

​ជនសង្ស័យ​បម្រុង​​​ជិះ​ម៉ូតូ​​ ​តែ​ម៉ូតូ​​ជន​រង​គ្រោះ​ធ្លាយ​កង់​ខាងក្រោយ ​មិន​អាច​ជិះ​ទៅ​កើត ​​ទើប​ពួក​វា​ជិះ​ម៉ូតូ​​រត់គេច​ខ្លួន​​បាត់​អស់ ​។ចំណែក​​​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ឯកជន ។