ចង់​​​ដឹង​​​អត់?​ ​​ហេតុ​អ្វី​ខាង​​ស្រី​​សុំ​​បែក ខាងប្រុស​ស្ទុះ​អោប​

រាជធានីភ្នំពេញ ៖ ជុំវិញ​ករណី​ ខាងស្រីសុំបែក ​ខាងប្រុសមិនព្រមស្ទុះ​អោបនាងផ្អើលអ្នកដំណើរតាមផ្លូវ បើ​តាម​នារី​រូប​ស្រស់​បាន​រៀប​រាប់​​ថា រូបនាង​ត្រូវតែបែក​ពីយុវជននោះ​ហើយ មិនអាចរស់នៅជាមួយគ្នាកើតទៀតទេ ។ ហើយម្យ៉ាងវិញ​ទៀត ​ខ្លួនគ្រាន់ត្រឹមជា​សង្សារ​​​​នឹង​គ្នា​តែ​ប៉ុណ្ណោះ គ្មានអ្វី​ពាក់ព័ន្ធ​នឹងរឿង​រ៉ាវប្តី-ប្រពន្ធពី​មុនមកដែរ​ ដូច្នេះ សូម​កុំចេះតែមក​រំខាន​ដល់នាង ​។

​ដោយ​​ឡែក ភាគីខាងយុវជន​វិញបាន​ទទូចសំពះអង្វរនារីរូបស្រស់នោះថា កុំឱ្យ​បែកពីខ្លួន​ ដោយ​ព្យាយាម​តាម​អង្វរ​និយាយ​ស្តីលួង​លោម​​​នារីរូបស្រស់​​នោះ ដើម្បីបាន​រួម​រស់ជួបជុំគ្នាក្នុង​លក្ខណៈជាប្តី-​ប្រពន្ធ ។ ​ជុំវិញរឿងរ៉ាវ​ខាងលើនេះ វាជារឿងមួយ​គួរឱ្យ​​អាណិត​អាសូរ​ដល់ភាគីខាង​​បុរស​​ ​ព្រោះ​បានស្រែក​ទ្រហោយំ សម្តែងការនឹក​ស្រណោះអាលោះអាល័យ ចំពោះនារីដែលខ្លួន​ស្រលាញ់ ហើយ​បែរ​ជានាងព្យាយាម​ជិះតាក់ស៊ីរត់គេច​ពីក្រសែភ្នែកខ្លួន​ទាំងមិនអស់​ចិត្ត ។

គួរបញ្ជាក់ថា ពាក់ព័ន្ធ​រឿង​ស្នេហា​បែកបាក់​​នេះ បាន​​បង្ក​​ការ​​ភ្ញាក់ផ្អើល​​​នៅ​ចំណុច​ផ្លូវជាតិ​លេខ​២ កែងផ្លូវ​៦០​ម៉ែត្រ ​ទល់មុខ​វត្ត​ចាក់​អង្រែ​​ក្រោម ស្ថិត​ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ​មីនា ឆ្នាំ​២០១៦ ដោយសារ​តែ​យុវជន​ម្នាក់​ បាន​​ជិះ​ម៉ូតូឌុប​តាម​កាក់​រថយន្ត​ឈ្នួល​ដែល​នារី​ជា​អតីត​សង្សារ​បែកចិត្ត ព្យាយាម​រត់គេច​ពីមុខ គូ​សង្សារ ។

​នៅ​​កន្លែង​កើតហេតុ​គូស្នេហ៍​មួយគូ​ខាងលើ​នោះ​ មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ឱ្យ​​ដឹង​ឡើយ ហើយ​ពួក​គេ ​បាន​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​តាក់ស៊ី​រួម​​ជាមួយ​គ្នា ​ចេញពី​កន្លែង​កើតហេតុ​ភ្លាម​ៗ ដោយសារ​មានការ​ខ្មាស់​អៀន​នូវ​រឿងអាស្រូវ​របស់​ខ្លួន ។

ទោះជា​យ៉ាងណា​ក៏​ដោយ ​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​​ឱ្យ​​ដឹង​ថា ដំបូង​ឡើយ​នារី​រូប​ស្រស់​វ័យក្មេង​ខាងលើ​​នេះ បាន​ចុះ​ពីលើ​រថយន្ត​ឈ្នួល​ហើយ​ចោទ យុវជន​ម្នាក់​ដែល​ពាក់មួក​សុវត្ថិភាព​ថា ហេតុ​អ្វី​បានជា​តាម​ឃាត់​រថយន្តឈ្នួល​ដែល​ដឹក​គាត់​ឆ្ពោះទៅ​គោល​ដៅ​ណាមួយ​នោះ ។

ជា​ការ​ឆ្លើយ​តប​​នៅ​ពេល​ជាមួយ​គ្នា​នោះ​​ដែរ យុវជន​ដែល​ឃាត់​រថយន្តឈ្នួល​នោះ​បាន​រៀបរាប់​ថា «ខ្លួន​ជា​ប្តី​-ប្រពន្ធ​ជាមួយ​នារី​រូប​ស្រស់» ។ ដោយឡែក​ នារី​រូប​ស្រស់​​បាន​បដិសេធថា មិនមែន​ជា​រឿង​ប្តី​-ប្រពន្ធ​ទេ គ្រាន់តែ​ធ្លាប់​ជា​សង្សារ​នឹង​គ្នា​​តែ​ប៉ុណ្ណោះ ។