ព្យុងយ៉ាង ប្ដឹង​ឡើង​អ.ស.ប.​ឲ្យ​បរិហារ អាមេរិក​និង​កូរ៉េ​ខាង​ត្បូង

ប្រទេសកុម្មុយនីសកូរ៉េខាងជើង បានស្នើសុំ​ឲ្យអង្គការសហប្រជាជាតិ (អ.ស.ប) ធ្វើការបរិហារ​ការធ្វើ​សមយុទ្ធ​រួម​គ្នា រវាង​កងទ័ព របស់ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ព្យុងយ៉ាង ប្ដឹង​ឡើង​អ.ស.ប.​ឲ្យ​បរិហារ អាមេរិក​និង​កូរ៉េ​ខាង​ត្បូង

លោក គឹម ជុងអ៊ុន អគ្គមគ្គុទេសវ័យក្មេងដ៏មហិមា របស់ប្រទេសកូរ៉េខាងជើង។ (រូបថតឯកសារ)

កាលពីថ្ងៃពុធនេះ ប្រទេសកូរ៉េខាងជើង បានស្នើសុំឲ្យក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ (អ.ស.ប) ឲ្យធ្វើការកោះប្រជុំ ដើម្បីបរិហារពីសកម្មភាព ធ្វើសមយុទ្ធកងទ័ពរួមគ្នា រវាងប្រទេសកូរ៉េខាងត្បូង និង​សហរដ្ឋ​អាមេរិក។

នៅក្នុងលិខិតមួយ ដែលផ្ញើរទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ដែលចុះហត្ថលេខាដោយ លោក ជា សុងណាម (Ja Song Nam) តំណាងអចិន្ត្រៃយ៍របស់ខ្លួន ប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា សកម្មភាពសមយុទ្ធ​យោធា ប្រចាំឆ្នាំរវាងប្រទេសទាំងពីរ «បានបង្កឲ្យមានការគម្រាមដ៏ធ្ងន់ធ្ងរ ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ក៏​ដូចជា​សន្តិភាព និងសន្តិសុខអន្តរជាតិ​ ហើយតម្រូវឲ្យមានការសិក្សាមួយ ជាបន្ទាន់ ពី​សំណាក់​ក្រុមប្រឹក្សា​សន្តិសុខ»។

លោកអគ្គរដ្ឋទូតបានសរសេរបន្តថា៖ «នៅពេលជាមួយគ្នានេះ ខ្ញុំសុំឲ្យលើកយកបញ្ហា នៃសកម្មភាពយោធា​រួមគ្នា មកធ្វើជារបៀបវារៈ របស់ក្រុមប្រឹក្សា ហើយការជួបប្រជុំ របស់ក្រុមប្រឹក្សា គួរត្រូវកោះធ្វើជាបន្ទាន់»។

តែនេះមិនមែនជាលិខិតទីមួយ ដែលប្រទេសកូរ៉េខាងជើង ទាមទារក្រុមប្រឹក្សាសន្តិសុខ ឲ្យមានកោះប្រជុំ​ជា​បន្ទាន់​នោះឡើយ។ ប៉ុន្តែលិខិតមុនៗ របស់កូរ៉េខាងជើង មិនត្រូវបានក្រុមប្រឹក្សាសន្តិសុខ ចាត់ទុកជា​ហេតុការណ៍​បន្ទាន់នោះឡើយ។

ដើម្បីបង្កា កុំឲ្យមាន​ករណី​ទុកលិខិតខ្លួនចោល ដោយមិនយកមកចាត់ការនោះ ក្នុងលិខិតដដែលបាន​សរសេរ​បន្ថែម​ថា៖ «បើក្រុមប្រឹក្សាសន្តិសុខ មិនយកករណីនេះ មកដោះស្រាយនោះទេ នោះវាមិនគ្រាន់តែ​បង្ហាញ​ថា ក្រុមប្រឹក្សាសន្តិសុខ មិនបំពេញនូវកាតព្វកិច្ច និងបាត់បង់នូវតម្លៃរបស់ខ្លួននោះទេ តែ​ក្រុមប្រឹក្សា​សន្តិសុខ ក៏បានក្លាយជាឧបករណ៍​នយោបាយមួយ ដែលកំពុងស្ថិត​ក្រោមកណ្ដាប់ដៃ របស់​មហាអំណាច​ម្ខាង»។

តាំងពីថ្ងៃទី៦ ខែមីនាកន្លងមក កងទ័ពនៃប្រទេសទាំងពីរ (អាមេរិក និងកូរ៉េខាងត្បូង) បានចាប់​ផ្ដើម​​ដំណើរការ នៃសមយុទ្ធរួមគ្នាមួយ ​ដែលមានសកម្មភាពខ្លាំងក្លា ជាពេលណាៗទាំងអស់។ ប៉ុន្តែក្នុងរយៈ​ពេលនេះ ប្រទេស​កូរ៉េខាងជើង ក៏​បានចេញ​ការ​ព្រមាន សឹង​ជា​រៀង​រាល់ថ្ងៃដែរ ចំពោះប្រទេសសម្ព័ន្ធមិត្តទាំងពីរ និង​ជា​ពិសេស​បាន​ព្រមាន ពី​ការវាយប្រហារ​«នុយក្លេអ៊ែរ» ដើម្បីជាការតបតរវិញ។

យ៉ាងណាក៏ដោយ ក្រុមអ្នកតាមដានព្រឹត្តិការណ៍តំបន់ បានចាត់ទុកថា ការធ្វើសមយុទ្ធនេះ បានបង្កើន​ភាព​តានតឹង កាន់តែខ្លាំងឡើង នៅក្នុងឧបទ្វីបកូរ៉េ។ ជាពិសេស សមយុទ្ធយោធា របស់ប្រទេសកូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក បានធ្វើឡើងនៅចំពេល ដែលប្រទេសកូរ៉េខាងជើងខ្លួនឯង បានដុតបញ្ឆេះសភាពការណ៍ ដោយ​បានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ ជាលើកទីបួន កាលពីដើមខែមករា និងបានបាញ់សាកល្បង កាំជ្រួច​រយៈ​ឆ្ងាយ​មួយ​ថែមទៀត កាលពីដើមខែកុម្ភៈកន្លងទៅ។

ជាមួយនឹងសកម្មភាព របស់ប្រទេសកុម្មុយនីស ដែលរំលោភដោយចេញមុខ ទៅលើដំណោះស្រាយ របស់​អង្គការ​សហប្រជាជាតិរបៀបនេះ ក្រុមប្រឹក្សាសន្តិសុខបានសម្រេច​ នៅក្រោយពីការបាញ់សាកល្បងនោះ ថា​នឹង​បន្ថែម​ទណ្ឌកម្ម​កាន់តែធ្ងន់ធ្ងរ ទៅលើរបបក្រុងព្យុងយ៉ាង ដែល​កំពុងរងទណ្ឌកម្មស្រាប់៕