ចូរស្វែងយល់អំពី អាហារដែលបង្ក ការខ្សោះជាតិទឹកធ្ងន់ធ្ងរ

ចូរស្វែងយល់អំពី អាហារដែលបង្ក ការខ្សោះជាតិទឹកធ្ងន់ធ្ងរ

ការខ្សោះជាតិទឹក គឺជាបញ្ហាដ៏សំខាន់មួយ ជាពិសេស នៅរដូវក្តៅតែម្តង ហើយមានមនុស្សច្រើនណាស់ ដែលត្រូវការសម្រាកក្នុងមន្ទីរពេទ្យ ដោយសារមិនដឹងថា ពួកគេខ្សោះជាតិទឹកធ្ងន់ធ្ងរ ដោយសារអ្វីដែរ។ ដូច្នេះ យើងខ្ញុំសូមណែនាំ នូវអាហារមួយចំនួន ដែលត្រូវបានគេចាត់ទុកថា ជាដើមហេតុនាំឲ្យខ្សោះជាតិទឹកធ្ងន់ធ្ងរ។

ភេសជ្ជៈប៉ូវកម្លាំង
អ្នកហាត់កីឡាកាយសម្ព័ន្ធជាច្រើន បានទិញភេសជ្ជៈប៉ូវកម្លាំង ដើម្បីទទួលទាន ក្នុងគោលបំណងអាចហាត់ប្រាណបានកាន់តែល្អ និងជួយបង្គ្រប់ជាតិទឹកផង។ យ៉ាងណាមិញ ការញ៉ាំភេសជ្ជៈបែបនេះ ពិតជាអាចបង្ក ជាអាការៈខ្សោះជាតិទឹក ក្នុងខ្លួនទៅវិញទេ។ នេះដោយសារតែវា មានជាតិស្ករខ្ពស់ ដែលជាហេតុនាំឲ្យមាន ការទាញទឹកចេញពីកោសិកាកាន់តែច្រើន ឬហៅថា Osmotic Pressure។ ករណីខ្លះ ក៏បង្កការរាករូសដែរ។

អាហារសម្បូរជាតិប្រូតេអ៊ីនពេក
មូលហេតុនៃការខ្សោះជាតិទឹក ញឹកញាប់ជាងគេមួយទៀតនោះ គឺការញ៉ាំអាហារសម្បូរជាតិប្រូតេអ៊ីនតែម្តង។ ចូរចាំថា ប្រូតេអ៊ីនដែលអ្នកញ៉ាំ គួរតែបង្កើនវាជាមួយនឹង អាហារសម្បូរជាតិកាបូអ៊ីដ្រាតផង បើសិនជាមិនចង់ ខ្សោះជាតិទឹកនោះទេ។

ទឹកក្រូចឆ្មារ
ទឹកក្រូចឆ្មារ មានអត្ថប្រយោជន៍ដល់សុខភាពច្រើនណាស់ ប៉ុន្តែ បើសិនជាអ្នកញ៉ាំវារាល់ថ្ងៃ ដោយលើសចំនួននោះ វាអាចនឹងមានឥទ្ធិពលបញ្ចុះទឹកនោមវិញ ដូច្នេះ អ្នកនឹងនោមញឹក ហើយខ្សោះជាតិទឹកពីក្នុងខ្លួន។ ដូច្នេះ អ្នកអាចលាយទឹកក្តៅ ឬតែបៃតង ក្នុងទឹកក្រូចឆ្មារនោះក៏បានដែរ។

កាហ្វេ
កាហ្វេ គឺជាភេសជ្ជៈមួយ ដែលយើងច្រើនតែញ៉ាំ តែវាក៏មានឥទ្ធិពលបញ្ចុះទឹកនោមដែរ។ ការញ៉ាំកាហ្វេច្រើនពេក គ្រាន់តែធ្វើឲ្យអ្នកនោមច្រើន និងខ្សោះជាតិទឹកក្នុងខ្លួន ឈឺក្បាល និងអាការៈផ្សេងៗទៀតប៉ុណ្ណោះ។ អ្វីដែលសំខាន់នោះគឺថា ការញ៉ាំអាហារមានជាតិកាហ្វេអ៊ីន មិនគួរណាច្រើន រហូតដល់ ១១០ មីលីក្រាមក្នុងមួយថ្ងៃឡើយ។

អាហារប្រៃ
ការញ៉ាំអាហារមានជាតិសូដ្យូមខ្ពស់ អាចរំខានដល់ តុល្យភាពជាតិទឹកក្នុងខ្លួន និងបង្កការខ្សោះជាតិទឹកបាន។ នេះដោយសារតែជាតិអំបិល បឺតស្រូបទឹកនៅក្នុងខ្លួន និងបង្កជាបញ្ហាហើម។ ដូច្នេះ គួរតែចៀសវាងវាផង។

អាហារចៀនខ្លាំង
តើអ្នកមានធ្លាប់សម្គាល់ទេថា បំពង់កអ្នកដូចជាស្ងួត ក្រោយពីញ៉ាំអាហារចៀនខ្លាំងច្រើនដែរទេ? រឿងនេះមិនបាច់ឆ្ងល់ទេ ការញ៉ាំអាហារទាំងនេះច្រើន ពិតជាមិនល្អ ចំពោះអ្នកឡើយ ព្រោះវាកំពុងតែធ្វើឲ្យអ្នក ខ្សោះជាតិទឹក៕

ប្រភព៖ www.health.com.kh