​ចាត់​ការ​បន្ទាន់!​ ​ហ្វូង​គោ​​ដើរអនា​ធិបតេយ្យ​ផ្អើល​​ជាន់​ក្មេង​​​ស្លាប់​

ខេត្តពោធិ៍សាត់ ៖​ ​​ក្មេង​ស្រី​​ម្នាក់​​​ត្រូវ​​ហ្វូង​គោ​​ផ្អើល​បោល​​ជាន់​ បណ្ដាល​ឱ្យ​​រង​របួស​យ៉ាងធ្ងន់​ធ្ងរ ​លុះ​​​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ ​មិន​បាន​ប៉ុន្មាន​​ផង ក៏ដាច់ខ្យល់​​ស្លាប់​ ដែល​ហេតុការណ៍​​នេះ​ ​កើតឡើង​​កាលពី​​វេលា​ម៉ោង​១២​​ថ្ងៃ​ទី​១៦ មីនា​ ​២០១៦ ស្ថិត​​នៅ​​ភូមិ​ព្រៃ​ឪម៉ាល់​ សង្កាត់​រលាប ​ក្រុង​ពោធិ៍សាត់​ ។

​ក្មេង​ស្រី​​​រង​គ្រោះ​ឈ្មោះ​សុខ ស្រី​និ​ច ​អាយុ​​៤​ឆ្នាំ មាន​ឪពុក​ឈ្មោះ​ហែម សុខ​ អាយុ​២៨​ឆ្នាំ​ និង​ម្ដាយ​ឈ្មោះ​រ៉​ន គ​ន្ធា ​អាយុ​២៦​ឆ្នាំ​ រស់​នៅ​​ក្នុងភូមិ​​កើតហេតុ​ខាងលើ​ ។​

ប្រភពឱ្យ​ដឹងថា មុនពេលកើតហេតុ ​ក្មេង​ស្រី​រង​គ្រោះ​កំពុង​ដេក​លក់​​ក្នុង​អង្រឹង​​ក្រោម​សំ​យ៉ាប​ផ្ទះ​ខាង​មុខ ខណៈនោះ​ស្រាប់តែ​មាន​​គោ​មួយ​​ហ្វូង​ពី​​៦​ ទៅ​​៧​ក្បាល បាន​​បោល​ដេញ​គ្នា​មក​ប៉ះ​អង្រឹង ​បណ្ដាល​ឱ្យ​​ក្មេងស្រី​ធ្លាក់​មក​ដី ​ហើយ​ជាន់​ចំលើ​​ខ្លួន ​និង​ក្បាល​រង​របួស​យ៉ាង​​ធ្ងន់ធ្ងរ ​។

​ភ្លាម​ៗ​នោះ​ ក្រុម​គ្រួសារ​បងប្អូន​​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​​ខេត្ត ប៉ុន្តែ​ដោយ​សារ​​សភាព​ធ្ងន់ធ្ងរ​ពេក ក៏​​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​​មន្ទីរពេទ្យរាជធានី​​ភ្នំពេញ​ ​ហើយក៏​​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ​​តែ​​ម្ដង ​។

​ឪពុក​ម្ដាយ​ក្មេង​ស្រី​ពុំ​បានដឹង​ថា​ ហ្វូងគោ​ទាំងនោះ​មាន​ម្ចាស់​​ឈ្មោះ​អី​នោះ​ទេ ​ឃើញ​តែ​លែងឱ្យ​យ​ដើរ​ស៊ី​ដំណាំ​គេឯង ​និង​ជុះអាចម៍​យ៉ាង​​​អនាធិបតេយ្យ​ក្នុង​ក្រុង​ពោធិ៍សាត់​ ធ្វើ​ឱ្យ​​ប៉ះពាល់​សណ្ដាប់ធ្នាប់​សង្គម​ខ្លាំង​ណាស់ ដែល​ទាមទារ​ឱ្យ​ខាង​​អាជ្ញាធរ​ដែនដី​ និង​សមត្ថ​កិច្ច​ មេត្តា​ចាត់វិធាន​ការ​​បន្ទាន់ ​៕