ទោះជា​មានការ​រិះគន់​ក្រសួង​សាធារណការ ក៏​លោក ហ៊ឺ បា​វី នៅ​ធ្វើ​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ដុះ​ស្លែ​ដដែល​

​ថ្មីៗ​នេះ​លោក ហ៊ុន សែន បាន​រិះគន់​ខ្លាំង​ទៅលើ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​ការដឹកនាំ​របស់​លោក ត្រាំ អ៊ីវតឹក ដែល​មិនបាន​បំពេញការងារ​បានល្អ ពោលគឺ​មាន​ភាព​អសកម្ម និង​ភាពមិនប្រក្រតី​ជាច្រើន​នៅក្នុង​ក្រសួង​មួយ​នេះ​ដែល​បាន​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។ តែ​រហូតមក​ដល់ពេលនេះ​បញ្ហា​ជាច្រើន​នៅក្នុង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅតែ​បន្ត​កើតមាន​នៅឡើយ ដោយ​គ្មាន​ការប្រែប្រួល​អ្វី​នោះទេ​។​

​ទន្ទឹមនឹង​ការរិះគន់​របស់លោក ហ៊ុន សែន លើ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មន្ត្រីរាជការ​បម្រើការ​ងារ​នៅក្នុង​អង្គភាព​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ថ្មីៗ​នេះ​ក៏បាន​រិះគន់​ដែរ​ថា កំពង់ផែ​អាច​នឹង​ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ សេដ្ឋកិច្ចជាតិ ល្អប្រសើរ លុះត្រាតែ​លោក ហ៊ុន សែន មិន​ខ្លាចញញើត​នឹង​ដក​លោក ហ៊ឺ បា​វី ពី​តួនាទី​ជា​អគ្គនាយក​ដុះ​ស្លែ ហើយ​តែងតាំង​មន្ត្រី​ថ្មី ដែលមាន​ឆន្ទៈ​ស្មោះត្រង់ និង​ស្អាតស្អំ មិន​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​បម្រើ​ជាតិ​ឲ្យ​ឡើងទៅ​ជំនួស​។​

​ទោះបី​រដ្ឋាភិបាល​កម្ពុជា ធ្វើការ​អភិវឌ្ឍ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​តាមរយៈ​ការកសាង​បន្ថែម នូវ​ទីតាំង​បរិវេណ​កំពង់ផែ​នេះ​ឲ្យ​កាន់តែ​ធំ​ទូលាយ​ជាង​មុន ទំនើប​ជាង​មុន បុគ្គលិក​ច្រើនជាង​មុន​យ៉ាងណាក៏ដោយ ក៏​មិនអាច​ទទួលបាន ជោគជ័យ​ផ្លែផ្កា​នោះដែរ ប្រសិនបើ​ថ្នាក់លើ​នៅតែ​ទុក ឱបក្រសោប​ឲ្យ​លោក ហ៊ឺ បា​វី ធ្វើជា​អគ្គនាយក​ដុះ​ស្លែ នៃ​កំពង់ផែ​ភ្នំពេញ តទៅ​ត​ទៀត​នោះ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​រាជការ​បម្រើ​ការងារ​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​។​

គួរ​បញ្ជាក់ថា លោក ហ៊ឺ បា​វី ធ្លាប់​ត្រូវបាន​បុគ្គលិក មន្ត្រីរាជការ រាប់រយ​នាក់ នាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​យ៉ាងខ្លាំង​ក្លា យ៉ាងណាក៏ដោយ ក៏​គាត់​នៅតែ​អាច​រក្សា​មុខតំណែង​បាន​ដដែល ។ បច្ចុប្បន្ន​ឮដំណឹង​ថា លោក ហ៊ឺ បា​វី បាននិងកំពុង​ខិតខំ ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុងការ​ជ្រែ​ទប់​មុខតំណែង ដុះ​ស្លែ​របស់គាត់​នោះ​ឲ្យ​ជាប់​ជា​អគ្គនាយក​កំពង់ផែ​ភ្នំពេញ​ដដែល​។​

​ក្នុងពេលដែល​លោក ហ៊ុន សែន រិះគន់​ចំៗ​លើ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​នោះ មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​កំពង់ផែ​ភ្នំពេញ​បាន​រិះគន់ថា រដ្ឋាភិបាល​ក៏​គួរ​ពិចារណា​ដកតំណែង​រប​ស់លោក ហ៊ី បា​វី ផងដែរ ព្រោះ​មន្ត្រី​រូបនេះ​បាន​កាន់តំណែង​ច្រើន​ឆ្នាំ​ណាស់​មកហើយ ខណៈ​មាន​ភាពមិនប្រក្រតី​ជាច្រើន​បានកើត​ឡើង​នៅក្នុង​កំពង់ផែ​ភ្នំពេញ​៕

137លោក ហ៊ឺ បាវី  that-0084